- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិក​ការិយាល័យ​នយោបាយ មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នៅ​វិមាន ៧​មករា ថ្ងៃ​អង្គារ ១៣ កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អនុញ្ញាត​ឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិក​ការិយាល័យ​នយោបាយ មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​បាន​វា​តម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម តូ ឡឹម នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​តេជោ​បានចាត់ទុ​ក ទស្សនកិច្ច​របស់​ប្រតិភូ​ក្រសួង​នគរបាល​វៀតណាម នៅ​កម្ពុជា​នា​ពេល​នេះ ពិតជា​បាន​រួមចំណែក​បន្ថែមទៀត ក្នុង​ការពង្រឹង​នូវ​ទំនាក់ទំនង​រវាង​គណ​បក្ស​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​សម្ដេច​ប្រធាន​គណបក្ស បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​ឯកឧត្តម តូ លឹម ដែល​ទទួលបាន​គ្រឿងឥស្សរយស ពី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម តូ ឡឹម បាន​សម្ដែង នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក និង​មាន​តម្លៃ អនុញ្ញាត​ឲ្យ​ប្រតិភូ បាន​ចូលជួប​សម្ដែង​ការគួរសម ។ ឯកឧត្តម​បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ង្វៀន ហ្វូ​ចុង អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម ជូន​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន និង​ជូនពរ​បុណ្យចូលឆ្នាំ​សកល​២០២៤ និង​ចូល​ឆ្នាំ​ប្រពៃណី​វៀតណាម ជិត​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ជោគជ័យ​ដ៏​ធំធេង​របស់​កម្ពុជា ក្នុង​ការសម្រេចបាន នូវ​សមិទ្ធផល​លើ​គ្រប់​វិស័យ​នា​ឆ្នាំ​២០២៣ កន្លងមក ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេជោ​ជា​អគ្គ​មគ្គទេស និង​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​បន្តវេន​ថ្មី ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។ ឯកឧត្តម​បាន​អបអរសាទរ ចំពោះ​ជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ពេល​កន្លង​ទៅ និង​ជោគជ័យ​នៃ​ការរៀបចំ​អ្នក​បន្តវេន​ប្រកប​ដោយ​ភាពរលូន និង​សន្តិភាព​។ ឯកឧត្តម តូ ឡឹម បាន​អបអរសាទរ​ដល់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រៀបចំ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​ខ្លួន​កន្លងទៅ ប្រកបដោយ​ជោគជ័យ និង​បាន​បោះឆ្នោត​បំពេញបន្ថែម​នូវ​សមាជិក​គណៈកម្មាធិការ​កណ្ដាល សមាជិក​គណៈ​អចិន្ត្រៃយ៍ និង​អនុប្រធាន​គណបក្ស ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​។

​ឯកឧត្តម តូ ឡឹម បាន​បញ្ជាក់ជូន​សម្ដេច​តេជោផង​ដែរថា គណៈ​បក្សកុម្មុយនិស្ត​វៀតណាម ក៏ដូចជា​ប្រជាជន​វៀតណាម គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី ដែលមាន​សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។ ឯកឧត្តម​បាន​ជូនពរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​ទទួលបាន​ជោគជ័យ​ចំពោះ​ការបោះឆ្នោត​ព្រឹទ្ធសភា​នា​ពេលខាងមុខ ក៏​ដូចជា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ​។​

ឯកឧត្តម​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​គណបក្ស​ទាំង​ពីរ​នា​ពេលកន្លងមក ហើយ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ទំនាក់ទំនង​រវាង​វិស័យ​សន្តិសុខ​នៃ​ប្រទេស​ទាំង​ពីរ គឺជា​សសរស្ដម្ភ​ដ៏​រឹងមាំ ដែល​យើង​ត្រូវតែ​បន្ត​ពង្រឹង​និង​ពង្រីក ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការវាយតម្លៃ​របស់​ឯកឧត្តម តូ ឡឹម ចំពោះ​ពាក្យពេចន៍​ល្អៗ នៃ​ការរីកចម្រើន​របស់​កម្ពុជា​។ សម្ដេច​តេ​ជោបាន​ជូនព​រ និង​ផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខរ​បស់​សម្ដេច ជូន​ចំពោះ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​វៀតណាម មានដូចជា ឯកឧត្ត ង្វៀន ហ្វូ​ចុង​, ឯកឧត្តម វ៉ូ វ៉ាន់​ធឿង​, ឯកឧត្តម ផាម មីង​ជី​ញ នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​វៀតណាម ដែល​នឹង​ចូលមក​ដល់​នៅពេល​ខាងមុខ​នេះ​។ សម្ដេច​តេជោ ហ៊ុន សែន បាន​ឯកភាព​អំពី​ការរីកចម្រើន នៃ​ទំនាក់ទំនង​រវាង​គណ​បក្ស​ទាំង​២ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ជា​លំដាប់​។

​សម្ដេច​តេជោក៏បាន​ជូន​ពរ​ដល់​ទំនាក់ទំនង​ជា​ប្រពៃណី​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​រឹងមាំ​ឋិតថេរ​ចេរកាល យូរអង្វែង​ទៅទៀត​។ នៅក្នុង​កិច្ចសន្ទនា​គ្នា​នោះ​ដែរ ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ឯកភាពគ្នា មិន​អនុញ្ញាត​ឱ្យ​កម្លាំង​អមិត្ត​ណាមួយ ប្រើប្រាស់​ទឹកដី​របស់​ខ្លួន ដើម្បី​ប្រឆាំង​ជាមួយនឹង​ប្រទេស​វៀតណាម ឬក៏​ប្រឆាំងនឹង​ប្រទេស​កម្ពុជា​នោះ​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *