ខេត្តសៀមរាប÷ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោកអ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោ ភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសហ ការដឹកនាំ មន្ត្រីនិងក្រុមការងារជលផលនៃ មន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តរួមទាំង អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិប្រចាំនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ការិយាល័យនគរបាលចរាចរណ៍ជើងទឹកប្រចាំចុងឃ្នៀសនិងសហគមន៍នេសាទចុងឃ្នៀស សរុបចំនួន៣៩នាក់ ប្រើប្រាស់ កាណូតចំនួន០៣គ្រឿង។
យុទ្ឋនាការនេះធ្វើឡើងដើម្បីត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបភ្លាមៗចំពោះឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផល និងសង្កេតពីសកម្មភាពការប្រើឧបករណ៍នេសាទ ចាប់ពី ចំណុច សង្កាត់ចុងឃ្នាស រហូតដល់ក្រុងសៀមរាប ទៅដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ជាលទ្ធផល ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ចោលនៅនឹងកន្លែង( ឧបករណ៍ ប លើសប្រវែងកំណត់និងក្រឡាសាច់អួនក្រោម០,០៣ម៉ែត្រ) រួមមាន៖ឧបករណ៍បចំនួន ០៨គ្រឿង-ក្បាលបចំនួន០៨គ្រឿង -របាំងសាច់អួនប្រវែង១.៦០០ម៉ែត្រ -ចម្រឹងចំនួន៤០០ដើម -ព្រលែងត្រីចម្រុះចំនួន២០គីឡូក្រាម។
នេះបើតាមរបាយការណ៍ លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប
លោក អ៊ឹង គឹមលាង បានជម្រុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីជលផលក៏ដូចជាអាជ្ញាធរដែនដីនិងកម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិ និត្យឱ្យបានញឹកញាប់ បន្តការពិនិត្យទប់ស្កាត់បទល្មើសជល ផល ក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ បន្ថែមពីនេះត្រូវហសការតាមដានស្ថានភាពប្រជាសាស្ត្រនិងភូមិសាស្ត្រជល ផលឱ្យបានច្បាស់លាស់ដើម្បីស្រង់ទិន្នន័យប្រជានេសាទក្នុងមូលដ្ឋានដើម្បីក្តាប់ជាប់នូវមុខសញ្ញាអ្នកប្រព្រឹត្តិបទល្មើសនេសាទ។
ក្នុងនាមរដ្ឋបាលខេត្ត គណៈអភិបាលខេត្ត លោក អ៊ឹង គឹមលាង បានអំពាវនាវដល់ប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីឱ្យផលនេសាទទទួលបានទិន្នផលខ្ពស់ប្រកបដោយនិរន្តរភាព និងការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ បានលទ្ឋផលល្អប្រសើរគឺទាមទារការចូល រួមពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ក្នុងមូលដ្ឋាន បំផុសនិងពន្យល់ប្រជាពលរដ្ឋឱ្យយល់ពី ធន ធានជលផល ថាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា ជួយការពារទាំងអស់គ្នា៕







