- ព័ត៌មានជាតិ

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី “​កិច្ច​សហការ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​” សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤

ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៤ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ខេត្តកណ្ដាល បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី “​កិច្ច​សហការ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​” សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្ដាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋបាល​ក្រុង -​ស្រុក​ទាំង​១៣ តំណាង​គណបក្ស​នយោបាយ តំណាង​សមាគម និង​អង្គការ​មិនមែន​រាជរដ្ឋាភិបាល និង​មន្ត្រី​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ខេត្ត​នៃ​ក្រុម​ការបោះឆ្នោត ។​

​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្ដាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តកណ្តាល និង​មន្ត្រី​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កន្លងមក តែងតែ​បាន​ចូលរួម​អនុវត្ត និង​គោរព​តាម​ច្បាប់​បោះឆ្នោត បទបញ្ជា នីតិវិធី និង​ក្រមសីលធម៌ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ភាពថ្លៃថ្នូរ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​លេខ ៥៤ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ ស្តីពី​ការប្រកាស​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៥ នៃ​ព្រឹទ្ធសភា ដោយ​កំណត់​យក​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជា​ថ្ងៃ​បោះឆ្នោត​។​

​ឯកឧត្តម​បាន​បន្តទៀតថា​៖ អជ្ញាធរ​ខេត្ត​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដើម្បី​គាំទ្រ និង​ជំរុញ លើ​កិច្ចការ​ស្រង់​ឈ្មោះ​អង្គ​បោះឆ្នោត និង​ការបញ្ជាក់​ឯកភាព​តាម​ឋានានុក្រម ជាពិសេស​ការផ្លាស់ប្តូរ​សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​តំណែង ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​សិទ្ធិ​បោះឆ្នោត​របស់​អ្នកបោះឆ្នោត ចំពោះ​បញ្ហា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កណ្តាល បាន​ដាក់ចេញ​នូវ ផែនការ​ការពារ លេខ ០០៣ ជក ចុះ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២៤ និង​បានកំណត់​យ៉ាងច្បាស់​អំពី​គោលបំណង មុខសញ្ញា និង​គោលដៅ​សំខាន់ៗ ដែល​ត្រូវ​ការពារ​ជា​អាទិភាព ព្រមទាំង​រៀបចំ​យន្តការ​-​រចនាសម្ព័ន្ធ​សន្តិសុខ​បោះឆ្នោត និង​រៀបចំ​កម្លាំង​ការពារ យ៉ាង​ជាក់លាក់ ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ប្រព្រឹត្ត ទៅ​ក្នុង​បរិយាកាស​សន្តិសុខ​ល្អប្រសើរ មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព​សង្គម គ្មាន​ការភិតភ័យ ឬ​បំភិតបំភ័យ ក៏​ដូចជា​គ្មាន​ការគំរាមកំហែង និង​គ្មាន​អំពើហិង្សា​។​

​ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នឹង​បន្ត​ផ្តល់​ការ គាំទ្រ កិច្ចសហការ​ជាមួយ​អាជ្ញាធរ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ សំដៅ​ធានា​ឲ្យ​ការបោះឆ្នោត​ទាំងមូល​សម្រេចបាន ជោគជ័យ ប្រកបដោយ​បរិយាកាស សន្តិសុខ សុវត្ថិភាព និង​មាន​សណ្តាប់ធ្នាប់​ល្អ ស្របតាម​ច្បាប់ បទបញ្ជា និង នីតិវិធី និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង សំណូម​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ សូម​បន្ត​ផ្តល់​កិច្ចសហការ​ជាមួយ​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្ត និង​យកចិត្តទុកដាក់ ក្រើនរំលឹក​ដល់​អង្គ​បោះឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំងអស់​ក្នុង​តំណែង សូម​ឱ្យ​ថែរក្សា សុខភាព និង​ថែរក្សា​ឯកសារ​សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ឱ្យបាន​ល្អ ព្រមទាំង​ចូលរួម បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខនេះ ។​

​លោក ផាន់ ឫទ្ធិ​ពល ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្ត​បានអោយដឹងថា​៖ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខនេះ ខេត្តកណ្តាល​ស្ថិតនៅ​មណ្ឌល​ភូមិភាគ​ទី​៣ មាន​ចំនួន ៥ អាសនៈ មាន​អង្គ​បោះឆ្នោត​ជា​តំណាងរាស្ត្រ​ក្នុង​តំណែង​ចំនួន ១១​រូប សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្នុង​តំណែង​ចំនួន ៩១៥​រូប និង​ស្ថានីយ៍បោះឆ្នោត​មួយ​កន្លែង​មាន​ទីតាំង​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​គរុកោសល្យ ភូមិភាគ ហ៊ុន សែន ខេត្ត​កណ្តាល មាន​អ្នកបោះឆ្នោត​សរុប ៩២៦​រូប ដែល​មាន​ការិយាល័យ​បោះឆ្នោត ចំនួន​២​គឺ​៖ ការិយាល័យ​លេខ ៣០០១ ការិយាល័យ​លេខ ៣០០២ និង​មាន​គណបក្សនយោបាយ​ចំនួន ៤ ឈរឈ្មោះ ដែល​មានឈ្មោះ​ក្នុង​សន្លឹកឆ្នោត​តាម​លំដាប់​លេខ​រៀង​ដូចខាងក្រោម​៖
១. គណបក្ស​ប្រជាជន​កម្ពុជា​
២. គណបក្ស​ឆន្ទៈ​ខ្មែរ​
៣. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
៤. គណបក្ស​កម្លាំង​ជាតិ​

 

Leave a Reply

Your email address will not be published. Required fields are marked *