លោក គង់ គឹមនី អភិបាលរងខេត្ត រសៀលថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ ដឹកនាំក្រុមការងារនាំយកអំណោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មកប្រគល់ជូនលោកយាយ ម៉ូវ លេន អាយុ ៧៧ ឆ្នាំ ជាគ្រួសារអតីតយុទ្ធជន (ពលី) មានទីលំនៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ។ ដែលអំណោយរួមមាន ៖រទេះរុញជនពិការ១ អង្ករ៥០គីឡូ ឃីត១កញ្ចប់ និងថវិការ ៧០ ម៉ឺនរៀល ។
ក្នុងឱកាសនោះ លោក គង់ គឹមនី បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
លោកបញ្ជាក់ថា ៖ ដោយមើលឃើញពីការលំបាកលោកយាយមានវ័យចាស់ជរា រស់នៅប្រចាំថ្ងៃមានការលំបាក ទើបឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានផ្តល់ជូនលោកយាយដើម្បីជួយសម្រាលការលំបាកខ្លះជូនលោកយាយ និងក្រុមគ្រួសារ ។ ហើយការផ្តល់ជូននាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ដោយបានចែងយ៉ាងច្បាស់អំពីការផ្តល់ជូនជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាព និងសមត្ថភាព ព្រមទាំងស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា ។
ទន្ទឹមនឹងនោះលោក គង់ គឹមនី អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនដែលជាគ្រួសារលោកយាយ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាប្រចាំ ប្រកាន់ខ្ជាប់នូវអនាម័យ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើងវិញ ៕







