- ព័ត៌មានជាតិ

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​គោលការណ៍ បែបបទ និង​នីតិវិធី​នៃ​ការអនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ចំនួន​៤​ខេត្ត​

​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ហង់ ចាន់​ឌី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដី​ពី​គោលការណ៍ បែបបទ និង​នីតិវិធី​នៃ​ការអនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្រោម​អធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ តំណាង ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការចូលរួម​មក​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ចំនួន​៤ មាន​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី ប្រមាណ​ជាង ១៥០​នាក់ មាន​រយៈពេល​៣​ថ្ងៃ នៅ​សាល​មហោស្រព​ខេត្ត​ក្រចេះ ។​

​ក្នុងនោះ ឯកឧត្តម ហង់ ចាន់​ឌី អភិបាលរង​ខេត្ត​ក្រចេះ មានប្រសាសន៍ថា​៖ សម្រាប់​ខេត្ត​ក្រចេះ គ្រូ​បង្រៀន​បាន​ផ្ទេរ​សរុប​ចំនួន​១.៩៧៣​នាក់ ស្រី ១.២៥២​នាក់ រដ្ឋបាល​ក្រុង ស្រុក​ទាំង​៧​ក្នុង​ខេត្ត បាន​ចេញ​ដីកា​ទទួល​បុគ្គលិក​អប់រំ​ដែល​ត្រូវ​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក​បាន​រួចរាល់​ជា​ស្ថាពរ និង​ទាន់​ពេលវេលា ស្រប​តាម​ប្រកាស​លេខ​១០៦៥ អយ​ក​.​ប្រក ស្ដីពី​ការផ្ទេរ​បុគ្គលិក​អប់រំ​ដែល​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​សាធារណៈ គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ហើយ​បាន​ធ្វើ​ពិធី​ប្រកាស​រួចរាល់​នៅតាម​បណ្ដា​ក្រុង ស្រុក​។

​ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង​ផ្ដល់​ការណែនាំ តម្រង់​ទិស​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និង​អ្នកពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ តាមរយៈ​អនុក្រឹត្យ​លេខ​១៨២ លេខ​១៨៣ និង​១៨៤ ស្ដីពី​មុខងារ និង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ និង​អនុក្រឹត្យ លេខ​២១៣ អនក្រ​.​បក ស្ដីពី​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​បង្កើន​គុណភាព​នៃ​សេវា​អប់រំ​ជូន​ដល់​ប្រជាជន​គ្រប់រូប​។​

​ឯកឧត្តម បន្តថា ការធ្វើ​វិមជ្ឈការ​មុខងារ​អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទូទាំង​ប្រទេស​នេះ ផ្តោតលើ “​ការប្រគល់​មុខងារ​គ្រប់គ្រង​” ចំនួន​៣ រួមមាន ៖ ការអប់រំ​កុមារ​តូច ការអប់រំ​បឋមសិក្សា និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ និង “​ការធ្វើ​ប្រតិភូកម្ម​មុខងារ​គាំទ្រ​ផ្នែក​រដ្ឋបាល​” ចំនួន​៣ ដល់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ការងារ​អភិវឌ្ឍ​យុវជន និង​ការងារ​អប់រំ​កាយ និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទូទាំង​ប្រទេស ទោះបីជា​ការធ្វើ​វិមជ្ឈការ​មុខងារ​អប់រំ យុវជន និង​កីឡា​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្រសួង​អប់រំ យុវជន និង​កីឡា​នៅតែ​ជា​ស្ថាប័ន​ដែល​ត្រូវមាន​គណនេយ្យភាព​ចំពោះ​រាជរដ្ឋាភិបាល និង​រដ្ឋសភា​លើ​វិស័យ​អប់រំ យុវជន និង​កីឡា ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *