- ព័ត៌មានជាតិ

ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ចំនួន ០២​ភូមិ ស្ថិតក្នុង​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល ២៦.០១.២០២៤

​ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ​២០២៤ មន្ទីរ​រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កណ្តាល បានធ្វើការ​បិទ​ផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​មាន​ជា​ប្រព័ន្ធ ក្នុង​ភូមិ​បឹង​រមាស់ និង​ភូមិ​បឹង​ទ្រា ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ដែល​មាន​ក្បាលដី​ចំនួន​១,៧៧៤​ក្បាលដី ដើម្បី​ទុក​ពេល​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី ទៅពិនិត្យ​ផ្ទៀងផ្ទាត់​មើល​ពី​ភាពត្រឹមត្រូវ​ពិតប្រាកដ​លើ​ដី​របស់​ខ្លួន មុន​នឹង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​។

​លោក ព្រំ ឆាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កណ្តាល​បាន​ឱ្យដឹង​ដែរ​ថា​៖ នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​ធ្វើ​តាម​ដំណាក់កាល គឺ​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ការជូនដំណឹង​ដំណើរការ​ផ្សព្វផ្សាយ​ការចុះ​កំណត់​ព្រំ​វាស់វែង និង​វិនិច្ឆ័យ​ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​រយៈពេល​១៥ ថ្ងៃ​គឺ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ម្ចាស់​ដី និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ព្រំប្រទល់​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា​ក្នុងករណី​ខុសឆ្គង​។ ការផ្តល់​សិទ្ធិ​ចំពោះ​ក្បាលដី​ណា ដែល​មិន​មាន​ទំនាស់​ចុះបញ្ជី​ចេញ​ប័ណ្ណ និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ម្ចាស់​ដី​។

​ជាមួយគ្នា​នោះ​លោក អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត ក៏​បាន​ធ្វើការ​សំណូមពរ ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ពិនិត្យ​មើល​ការបិទ​ឯកសារ នៃ​ការវិនិច្ឆ័យ​ដីធ្លី​ដែល​មាន​រយពេល​១៥​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​០៩​ខែ​កុម្ភះ ឆ្នាំ​២០២៤)​គឺ​រាប់​បញ្ជូ​លទាំង​ថ្ងៃ​ឈប់សម្រាក ដេ​ី​ម្បីមា​ន​លទ្ធភាព​អោយ​ម្ចាស់​ដី និង​នាក់​ពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា​ក្នុងករណី​មាន​ការខុសឆ្គង បើ​ក្នុង​ករណី​ផុត​រយៈពេល​កំណត់ នៃ​ការបិទ​ផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​មិន​អាច​ជំទាស់​តវ៉ា​បាន​ទៀតឡើយ​។

​ថ្លែង​ក្នុង​ឱកាស​នោះ លោក នូ សុវណ្ណរិទ្ធ អភិបាលរង​ស្រុក​អង្គស្នួល បាន​មានប្រសាសន៍ថា​៖ ប័ណ្ណកម្មសិទ្ធិ​សំគាល់​ម្ចាស់​អចលនវត្ថុ​គឺ​មាន​ផលប្រយោជន៍​ជាច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដូចជា ធានា​នូវ​សិទ្ធិ​របស់​អ្នក​ក្នុងការ​ធ្វើ​ជា​ម្ចាស់ ឬ​ការកាន់កាប់​ដីធ្លី អាច​យក​ទៅ​ប្រើប្រាស់​ជា​របស់​ធានា នៃ​ការខ្ចីប្រាក់ ជា​ឯកសារ​សំអាង​នៅពេល​មាន​ជម្លោះ​ដីធ្លី ធ្វើឲ្យ​កាន់តែ​ប្រសើរ​ចំពោះ​ការផ្ទេរអ​ចលនវត្ថុ និង​អាច​បង្កើន​តម្លៃ​ដី​កាន់តែ​បាន​ថ្លៃ ព្រោះ​ទីផ្សារ​ដី​ប្រកប​ដោយ​ទំនុកចិត្ត​។

​លោក បាន​ធ្វើ​ការអំពាវនាវ ដល់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​នា​ពេល​នេះ​ពេល​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​សូម​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ក្បាលដី​ក្នុង​ភូមិ​ខាងលើ​អញ្ជើញ​មក​ពិនិត្យ​ទិន្នន័យ​អោយបាន​គ្រប់ៗ​គ្នា​៕

Leave a Reply

Your email address will not be published. Required fields are marked *