ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានស្នើឱ្យមន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូលក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤។
ឯកឧត្ដម បន្តទៀតថាទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះ គឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ ឃាតកម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភេរវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម ។
គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន០៥ សម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ក្នុងនោះមាន បុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ ។ អង្គភាពពន្ធនាគារខេត្តកណ្ដាលបានជ្រើសរើសយកទណ្ឌិតចំនួន ២៣នាក់ ស្រី ០៤នាក់ មកដាក់ជូនគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដើម្បីដោះលែង និងបន្ធូបន្ថយទោស ក្នុងនោះមានទណ្ឌិតដែលត្រូវបានបន្ថយទោសចំនួន៣ខែ មានចំនួន០៦នាក់ និងទណ្ឌិតដែលត្រូវបានបន្ថយទោសចំនួន៦ខែ មានចំនួន០១នាក់ផងដែរ។
ជាចុងក្រោយ ឯកឧត្តម ប្រធានអង្គប្រជុំ បានស្នើដល់ស្ថាប័នកងកម្លាំងគ្រប់ប្រភេទ និងជាពិសេសអង្គភាពពន្ធនាគារខេត្តកណ្ដាលមេត្តាអនុវត្តតាមស្មារតីរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែក នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលការណ៍បំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឱ្យបានទាំងស្រុងក្នុងផ្ទៃប្រទេសកម្ពុជា គឺត្រូវចាប់ផ្តើមពីការពិនិត្យរកសារធាតុញៀនចំពោះមន្ត្រីនៅក្នុងស្ថាប័នរបស់ខ្លួន និងទណ្ឌិតផងដែរ។ ក្នុងករណីរកឃើញ ត្រូវស្រាវជ្រាវឱ្យបានអំពីប្រភពអ្នកចែកចាយ និងនាំយកមកអនុវត្តច្បាប់ឱ្យខានតែបាន។






