- ព័ត៌មានជាតិ

​ពិធី​សំណេះសំណាល​ជា​មួយ​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ មណ្ឌល​ភូមិភាគ​ទី​៣ ខេត្ត​កណ្តាល ក្រោម​អធិបតីភាព ឯកឧត្ដម ប៉េង ពោធិ៍​នា សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ស្អាង និង​កោះធំ នៃ​ខេត្ត​កណ្តាល .១៨.០២.២០២៤

កណ្តាល​៖ នា​ថ្ងៃ​សុក្រ ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្ដម ប៉េង ពោធិ៍​នា សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ស្អាង និង​កោះធំ បាន​អញ្ជើញ​ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អនុប្រធាន សមាជិក សមាជិកា​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ស្អាង និង​កោះធំ ចុះ​ជួប​សំណេះសំណាល​ជាមួយ​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ មណ្ឌល​ភូមិភាគ​ទី​៣ ខេត្ត​កណ្តាល ដោយ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​គណៈបក្ស​ប្រជាជន​ស្រុក​ស្អាង និង​ស្រុក​កោះធំ​។​

​ចំពោះ​ពិធី​សំណេះសំណាល​ជាមួយ​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ក្នុង​ស្រុក​ស្អាង ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ទី សុគន្ធ អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ស្អាង ផងដែរ​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្តម​ប្រធាន បានធ្វើការ​រម្លឹក​ឡើង​វិញ អំពី​ការវាយតម្លៃ​របស់​អង្គសន្និបាត គណៈកម្មាធិការ​កណ្ដាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន​កម្ពុជា អំពី​អត្ថន័យ​ជ័យជម្នះ​ដ៏​ធំធេង ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ កន្លងទៅ ដែល​បាន​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ ដើម្បី​វឌ្ឍនភាព និង​វិបុលភាព​យូរអង្វែង ដែល​ក្នុងនោះ​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​រហូតដល់​ទៅ ៨៣,០៣% ដែល​ជា​អត្រា​មួយ​ដ៏​ខ្ពស់ ប្រៀប​ទៅ​នឹង​ប្រវត្តិ​ថ្មីៗ​នៃ​ការចូលរួម​បោះឆ្នោត ទាំង​នៅ កម្ពុជា និង​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ក្នុង​ពិភពលោក​។​

​តាមរយៈ​លទ្ធផល​នេះ ឯកឧត្តម ក៏​បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​នៅតែ​បាន និង​កំពុង​គាំទ្រ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន និង​គាំទ្រ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដើម្បី​ដឹកនាំ​ប្រទេស​ត​ទៅ​មុខ​ទៀត ដើម្បី​សន្តិភាព និង​វឌ្ឍនភាព​យូរអង្វែង ។​

​ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​បន្ថែមថា ដើម្បី​ជា​ការឆ្លើយតប​នឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស និង​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា អាច​ដឹកនាំ​ប្រទេស​បាន​យូរអង្វែង ថ្នាក់ដឹកនាំ​គណបក្ស ថ្នាក់​ដឹកនាំ​ក្រុម​ការងារ មន្ត្រី​រដ្ឋបាល​គ្រប់​ថ្នាក់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ ត្រូវ​យក​អស់​កម្លាំងកាយ​ចិត្ត​អនុវត្ត​ឱ្យបាន​ជោគជ័យ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឆ្នាំ​២០២៣-២០២៨ ដែលជា​កិច្ចសន្យា​រវាង​គណបក្ស ជាមួយនឹង​ម្ចាស់ឆ្នោត​។

​ឯកឧត្តម​ប្រធាន សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នកបោះឆ្នោត​ទាំង​អស់ នឹង​រួម​សាមគ្គី​គ្នា​អនុវត្ត​នូវ​ភារកិច្ច តាម​សមត្ថកិច្ច​ទទួលខុសត្រូវ​រៀងៗ ឱ្យអស់​ពី​លទ្ធភាព សមត្ថភាព និង​ទទួលបាន​ជោគជ័យ​ជាក់​ជាមិនខាន​៕

Leave a Reply

Your email address will not be published. Required fields are marked *