- ព័ត៌មានជាតិ

ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត​ក្រចេះ ចុះ​រឹតបន្តឹង​និង​ចាត់វិធានការ​ចំពោះ​យានយន្ត​កែច្នៃ​ខុស​បច្ចេកទេស​..១៧.០២.២០២៤

ក្រចេះ​ ៖ ​ព្រឹក​ថ្ងៃ​សៅរ៍ ៨​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្រោយពី​ទទួលបាន​ប្រសាសន៍​របស់​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ថា​យានយន្ត​ដឹកជញ្ជូន​ទំនិញ​មួយចំនួន​បាន​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរ និង​នៅ​មាន​ការ​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​។ ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត​ក្រចេះ សហការ​ជាមួយ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ឆ្លូង បានធ្វើការ​ចុះ​ពិនិត្យ​និង​ឃាត់​រថយន្ត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧៣ ត្រង់​ចំណុច​ភូមិ​ជ្រោយ​ថ្ម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​ជា​លទ្ធផល​ក្រុមការងារ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​តាម​លក្ខណៈ​បច្ចេកទេស​បាន​រថយន្ត​ចំនួន ១២​គ្រឿង ក្នុងនោះ​មាន​ចំនួន​០៤​គ្រឿង ដែល​ខុស​បច្ចេកទេស​(​លើស​កំពស់​ពី ៣​តឹក ទៅ ៦​តឹក​) ពី​បទដ្ឋាន​បច្ចេកទេស​យានយន្ត ព្រមជាមួយ​នោះ​ដែរ​ក្រុម​ការងារ​បាន​ធ្វើ​ការណែនាំ​ដល់​អ្នកបើកបរ​និង​ម្ចាស់​យានយន្ត​ដែល​មិន​ត្រឹមត្រូវ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​និង​ត្រូវ​ធ្វើការ​កាត់​ទ្រុង​នៅណឹងកន្លែង​អោយបាន​ត្រឹមត្រូវ​ទើប​អោយ​បន្តដំណើរ​ទៅ​មុខ​បាន ។ ចំណែក​ឯ​រថយន្ត​ចំនួន ០៨​គ្រឿង ទៀត​មិន​មាន​ខុស​លក្ខណៈ​បច្ចេកទេស ក្រុម​ការងារ​បាន​អនុញ្ញាត​ឲ្យធ្វើ​ចរាចរ​ណ៍​ធម្មតា និង​បាន​ណែនាំ​ឲ្យ​បន្ត​ផ្សព្វផ្សាយ​ដល់​ម្ចាស់​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ​ដទៃ​ទៀត ឲ្យ​បន្ត​ចូលរួម​គោ​ព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​គ្រប់​គ្នា ។​

​ចំពោះ​ផែនការ​បន្ត​របស់​ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​បន្ត​អនុវត្តន៍​រឹតបន្តឹង​នៅ​តាម​គោលដៅ​លើ​ដងផ្លូវ ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ក្នុង​គោលបំណង​អោយ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​គោរព​ច្បាប់​ចរាចរ​និង​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង ៕

Leave a Reply

Your email address will not be published. Required fields are marked *