- ព័ត៌មានជាតិ

មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្ដាល ​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​បន្ថែមចំនួន ១៥០​ទីតាំង នៅ​ទូទាំង​ខេត្ត​កណ្ដា​.២០.០២.២០២៤

ខេត្ត​កណ្ដាល​៖ នា​ព្រឹក​ថ្ងៃទី​២០ ខែ កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​អង់​តែ​ន​ទូរ​សព្ទ​ចល័ត​បន្ថែមចំនួន ១៥០​ទីតាំង នៅ​ទូទាំង​ខេត្ត​កណ្ដាល ក្រោម​អធិបតីភាព​ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.)
​ដោយ​មាន​ការចូលរួម​ដោយ​ឯកឧត្ដម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ប្រតិបត្តិ​ករ​ទូរគមនាគមន៍ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ ៧០០​នាក់ ។​

​ថ្លែង​ក្នុង​ពិធី​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ដោយ​ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា នៅក្នុង​បញ្ច​កោណ​ទី​៥ ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​បច្ចេកវិទ្យា​ឌីជីថល​ជា​កតា​លី​ករ​ថ្មី​ដ៏​មាន​សារៈសំខាន់ ដែល​មាន​សក្ដានុពលភាព និង​កាលានុវត្តភាព​ក្នុង​ការជំរុញ​កំណើន​ផលិតភាព​សេដ្ឋកិច្ច​និង​សង្គម ក៏ដូចជា​ប្រសិទ្ធភាព​ការងាររដ្ឋបាល បច្ចេកវិទ្យា​ឌីជីថល​ជា​គ្រឹះ និង​មធ្យោបាយ​ដ៏​សំខាន់​សម្រាប់​ឆ្លើយតប​ទៅនឹង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​បរិវត្ត​កម្ម​ឌីជីថល​នៃ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។​

​ឯកឧត្តម​បាន​បន្តទៀតថា​៖ រដ្ឋាភិបាល​ឌីជីថល​ជា​តួអង្គ​ជំរុញ​កំណើន​ថ្មី តាមរយៈ​ការបង្កើន​ចំណូល​រដ្ឋ និង​ការកាត់បន្ថយ​ពេលវេលា ការងារ​ស្ទួន ចំណាយ​សាធារណៈ និង​ផលប៉ះពាល់​បរិស្ថាន ព្រមទាំង​សម្រួល​ការផ្លាស់ប្តូរ ទិន្នន័យ​រវាង​ក្រសួង​ស្ថាប័ន និង​លំហូរ​ការងាររដ្ឋបាល ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល តម្រូវ​ឲ្យ​រៀបចំ លំហូរ​ការងារ​ឡើងវិញ និង​សម្រួល​ការគ្រប់គ្រង​ការបែងចែក​ដំណើរការ និង​ការតាមដាន​លើ​ការងារ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​សមធម៌ ជោគជ័យ​នៃ​បរិវត្ត​កម្ម​ឌីជីថល​ជា​មូលដ្ឋាន​ចម្បង សម្រាប់​រាជរដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​សម្រេច​គោលបំណង​ចុងក្រោយ​គឺ​ការបម្រើ​សេវា​សាធារណៈ​តាម តម្រូវការ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង និង​ដំណើរការ​នៃ​បរិ​វិត្ត​កម្ម​ឌីជីថល​ត្រូវបាន​នាំ មុខ​ដោយ​ការកសាង​រដ្ឋាភិបាល​ឌីជីថល​ដែល​មាន​សសរស្ដម្ភ​សំខាន់​ទាំង​៣​គឺ​ពលរដ្ឋ​ឌីជីថល រដ្ឋាភិបាល ឌីជីថល និង​ធុរកិច្ច​ឌីជីថល សម្រាប់​ជម្រុញ​ធុរជន និង​ប្រជាពលរដ្ឋ ឲ្យ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល ប្រកប​ដោយ​ភាពជឿ​ទុកចិត្ត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​សម្របសម្រួល​លើ​ការងារ​សាងសង់​បង្គោល​អង់​តែ​ន​បន្ថែម រហូត​ឈានដល់​ការ​ការដ្ឋាន​សាងសង់​ក្នុងថ្ងៃនេះ លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី មានសង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ការបន្ត​ជំរុញ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅក្នុង​ខេត្ត​កណ្ដាល និង​ទៅ​កាន់​គ្រប់ទិសទី​ទូទាំង​ប្រទេស​កម្ពុជា និង​ទទួលបាន​លទ្ធផល​កាន់តែ​ប្រ​សេីរ​នៅ​ឆ្នាំ​២០២៤ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ដ៏​ខ្លាំងក្លា​នៃ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត ជាពិសេស​អ៊ីនធឺណិត​តាម​ទូរ​សព្ទ​ចល័ត​។​

​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្ដាល​៖ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ពិសេស​ឯកឧត្តម​រដ្ឋ​មន្ត្រី ដែល​បាន​បង្កើត​ក្រុម​ការងារ​ក្រសួង សហការ​ជាមួយ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កណ្តាល បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ៍​អង់​តែ​ន​ដែល​កំពុង ដំណើរការ​ក្នុង​ខេត្ត​កណ្តាល បច្ចុប្បន្ន​មាន​ចំនួន​៧៩០​ស្ថានីយ៍ និង​បាន​ធ្វើ​ការសិក្សា​អំពី​តំបន់​ដែល​ពុំ​ទាន់ មាន​សេវា​ទូរ​សព្ទ​ចល័ត​ទៅដល់​ដើម្បី​កំណត់​បាន​នូវ​ទីតាំង​សម្រាប់​ធ្វើការ​សាងសង់​ស្ថានីយ៍​បន្ថែម ជាក់ ស្តែង​នៅថ្ងៃនេះ​យើង​បាន​និង​កំពុង​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​អង់​តែ​ន​១​កន្លែង ដំណាង​ឲ្យ​១៥០ ទីតាំង​នៅ​ទូទាំង​ខេត្ត​កណ្តាល និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កណ្តាល ដែល​បាន​ខិតខំ​លះបង់ កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី បំពេញ​តួនាទី​ភារកិច្ច​បាន​យ៉ាង​ល្អប្រសើរ ព្រមទាំង​បាន​សហការ​យ៉ាង​ជិតស្និត​ជាមួយ​រដ្ឋ បាល​ខេត្ត និង​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត ក្នុងការ​ជម្រុញ​វិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៅក្នុង​ខេត្ត​កណ្តាល​។​

 

Leave a Reply

Your email address will not be published. Required fields are marked *