- ព័ត៌មានជាតិ

ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​លើ​សៀវភៅ​ណែនាំ ស្តីពី​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​”

ខេត្ត​កណ្តាល​៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​លើ​សៀវភៅ​ណែនាំ ស្តីពី​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ” ដោយ​មាន​ការចូលរួម​ពី កងកម្លាំង​ទាំង​បី អភិបាលក្រុង ស្រុក មន្ទីរ និង​ការិយាល័យ​ពាក់ព័ន្ធ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្តាល ។​

​ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា​៖ វគ្គ​បណ្តុះបណ្តាល​ដែល​បាន​រៀបចំ​ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃនេះ ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​ការយល់ដឹង របស់លោក លោកស្រី ជា​មន្ត្រី​នៅ​ថ្នាក់ ក្រុង​ស្រុក ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុងនាម​ជា​គ្រូ​បង្គោល​របស់​រដ្ឋបាល ក្រុង​ស្រុក និង​អ្នកពាក់ព័ន្ធ ដើម្បី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​កាន់តែ​មាន​ភាពត្រឹមត្រូវ ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ តាម​ខ្លឹមសារ​នៃ​សៀវភៅ ណែនាំ​ស្តីពី​ការអនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​” ព្រមទាំង​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ក្លាយជា​គ្រូ​បង្គោល បណ្តុះបណ្តាល​បន្ត​ទៅ​ដល់​ឃុំ សង្កាត់ និង​យកទៅអនុវត្ត​គោល​នយោបាយ​ប្រកបដោយ​ភាពជោគជ័យ​។​

​ឯកឧត្តម អភិបាលរង​ខេត្ត ក៏​បាន​បន្តទៀតថា ការរក្សា​បាន​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ គឺជា​កត្តា​គន្លឹះ​ដែល​ផ្ដល់​ភាព​អនុគ្រោះ​ដល់ កិច្ចដំណើរការ​អភិវឌ្ឍ​ន៍ សេដ្ឋកិច្ច សង្គមកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត ឱ្យមាន​ការរីកចម្រើន​ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ដំបូង​របស់​រាជរដ្ឋាភិបាល​។​បច្ចុប្បន្ន​យើង​មាន​សន្តិភាព និង​ស្ថិរភាព​ពេញ​ផ្ទៃ​ប្រទេស ប៉ុន្តែ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការផ្ដល់​សេវា​ចាំបាច់​នានា នៅតែ​ជា​បញ្ហា​អាទិភាព ដែល​ត្រូវ​ផ្ដោត​ការយកចិត្តទុកដាក់​ជា​ប្រចាំ ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប និង​សង្គមជាតិ​ទាំងមូល​មាន​សុវត្ថិភាព និង​សុខដុមរមនា​។​

​ឯកឧត្តម ក៏​បាន​ផ្ដាំផ្ញើ​ដល់ លោក លោកស្រី​ទាំងអស់​ត្រូវ​បន្ត​ខិតខំ យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ល្អ​នូវ​លក្ខណសម្បត្តិ​ទាំង​៧​នៃ​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ជា​ពិសេស​ត្រូវ​អនុវត្ត​ឱ្យបាន​មុឺងម៉ាត់​នូវ​រាល់​បញ្ហា របស់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​ល្បែងស៊ីសង​ព្រោះថា ល្បែងស៊ីសង​នេះ គឺជា​មេរោគ​មហារីក​នៃ​សង្គម វា​ជា​ប្រភព និង​ជា​ដើមចម​នៃ​បទល្មើស​ជាច្រើន​ដូចជា បទល្មើស​លួច ឆក់ ប្លន់​ជាដើម ។​

 

Leave a Reply

Your email address will not be published. Required fields are marked *