- ព័ត៌មានជាតិ

​លោក​ណុប ដា​រា អភិបាលរង​ខេត្ត​កណ្ដាល​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គីភ័យ លើក​ទី​៥ ឆ្នាំ​២០២៤ ២៧.០២.២០២៤

ខេត្ត​កណ្ដាល​៖ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្ដាល បាន​ជំរុញ​ដល់​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុវត្ត​ខេត្តកណ្ដាល សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវ​រៀបចំ​ប្រភព​ផ្គត់ផ្គង់​ទឹក​ឱ្យបាន​ល្អ នៅតាម​បណ្តា​គោលដៅ​ដែល​ផ្តល់​លក្ខណៈ​ងាយស្រួល​ក្នុង​ប្រតិបត្តិ​ការអន្តរាគមន៍ ដើម្បី​បង្ការ ទប់ស្កាត់ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុងករណី​មាន​អគ្គីភ័យ​ណាមួយ​កើតឡើង​។

​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្ដាល បាន​ជំរុញ​បែបនេះ​ក្នុង​ឱកាស​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី តំណាង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ក្នុង​ពិធី​អបអរសាទរ ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គីភ័យ លើក​ទី​៥ ឆ្នាំ​២០២៤ នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់​ក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។

​ឯកឧត្តម​អភិបាលរង​ខេត្ត បន្តថា​៖ បញ្ហា​ប្រភព​ទឹក​សម្រាប់​កងកម្លាំង​ពន្លត់អគ្គីភ័យ ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ដើម្បី​បញ្ជៀ​ស ឱ្យបាន​នូវ​ការបាត់បង់​ឬ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងករណី​មាន​អគ្គីភ័យ​ណាមួយ​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ដូច្នេះ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុវត្ត​ខេត្ត ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការសហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រៀបចំ​ក្បាល​បូមទឹក ប្រភពទឹក តាម​គោលដៅ​ដែល​បាន​កំណត់​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ងាយស្រួល​ដល់​កងកម្លាំង​ពន្លត់អគ្គីភ័យ ក្នុង​ការយក​ទឹក​ទៅ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។

​ឯកឧត្តម​អភិបាលរង​ខេត្ត បន្ថែមថា​៖ ទិវា​បង្ការ និង​ពន្លត់​អគ្គីភ័យ​នៅថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​យើង​ទូទាំង​ខេត្ត និង​មនុស្ស​ទូទៅ ឱ្យ​មាន​ការ​ជ្រួតជ្រាប និង​ចងចាំ​ថា អគ្គីភ័យ គឺជា​គ្រោះថ្នាក់​យ៉ាង​សាហាវ​មួយ ដែល​អាច​បំផ្លិចបំផ្លាញ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​បាន​គ្រប់ពេលវេលា ប្រសិនបើ​មាន​ការធ្វេសប្រហែស ឬ​មិន​ប្រុងប្រយ័ត្ន ដូច្នេះ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រួម​នឹង​អាជ្ញាធរ ចូលរួម​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​បញ្ហា​អគ្គីភ័យ​នេះ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ផ្អែក​តាម​របាយការណ៍​របស់ ស្នងការ​នគរបាល​ខេត្ត បង្ហាញថា គ្រោះថ្នាក់​អគ្គីភ័យ កើតឡើង​ចំនួន​សរុប ៧១ ករណី លើ ៦២ ករណី មានន័យ​ថា មានការ​កើន ឡើង ១១​ករណី ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២២ ប៉ុន្តែ​លទ្ធផល​នៃប្រតិបត្តិ​ការអន្តរាគមន៍​របស់​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *