- ព័ត៌មានជាតិ

ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៤ ខួប​ទី​១១៣ ក្រោម​មូលបទ « ស្រី្ត និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម​ឌីជីថល » ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៤ ខួប​ទី​១១៣ ក្រោម​មូលបទ «​ស្ត្រី និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម​ឌីជីថល​» ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច និង​លោកជំទាវ ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ៣ ជំនាន់​ទៀត​ផង​ដែរ ដូចជា : លោកជំទាវ​បណ្ឌិត សោម គីម​សួគ៌ អគ្គសវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ឯកឧត្តម ឃុន ហាំង ទីប្រឹក្សា​រាជរដ្ឋាភិបាល​, ឯកឧត្តម​បណ្ឌិត សាយ បូរី ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ភ្ញៀវកិត្តិយស មន្ត្រីរាជការ​នៃ​ក្រសួង​អធិការកិច្ច សរុប​ចំនួន​ប្រមាណ​ជាង ៣០០​នាក់ នា​រសៀល​ថ្ងៃ​សុក្រ ៦​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​អធិការកិច្ច​។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សួរសុខទុក្ខ​និង​ការ នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ព្រះមហាក្សត្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ និង សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ដល់​សមាជិក​-​សមាជិកា​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​បន្តទៀតថា ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៤ គឺ​ក្នុង​គោលបំណង​រំលេច​អំពី​សក្តានុពល និង​ភាពចាំបាច់​នៃ​ការលើកកម្ពស់ ការចូលរួម​និង​ភាព​ជា​តំណាង​របស់​ស្ត្រី និង​ក្មេង​ស្រី​ក្នុង​វិស័យ​ឌីជីថល​ប្រកប ដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព និង​ជា​ការឆ្លើយតប​នឹង បរិបទ​នៃ​ការវិវត្ត​របស់​សង្គម​នៅក្នុង​យុគសម័យ​ឌីជីថល និង​ស្រប​តាម ចក្ខុវិស័យ ដែល​បាន​ចង្អុលបង្ហាញ​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្របខណ្ឌ​គោលនយោបាយ​ក្នុង​ការលើកកម្ពស់​សម​ភាព​យេនឌ័រ និង បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី​។

​សម្តេច​កិត្តិ​បណ្ឌិត​ក៏​បាន​បន្តទៀតថា ដោយសារតែ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា និង​ភាពសម្បូ​រណ៍​បែប​នៅលើ​គេហទំព័រ ឬ​បណ្តាញ​សង្គម​ផ្សេងៗ យើង​សង្កេតឃើញថា មិនមែន​ត្រឹមតែ​ស្ត្រី និង​ក្មេង​ស្រី​ទេ ដែល​កំពុង​រង​ការ​ប្រឈម​ក្នុង​បរិបទ​នៃ​សម័យ​ឌីជីថល គឺ​មនុស្ស​គ្រប់​ភេទ គ្រប់​អាយុ សុទ្ធតែ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​បច្ចេកវិទ្យា​។ «​កុំ​ថា​ឡើយ​តែ​អ្នក​ពេញវ័យ សូម្បី​តែ​កុមារ ពួកគេ​សុទ្ធតែ​ចេះ​ប្រើ​ទូរស័ព្ទ កុំព្យូទ័រ និង​ថា​ប្លេត គឺ​ពួកគាត់​អាច​ស្វែងរក​បាន​នូវ​អ្វី​ដែល​ជា​តម្រូវការ​របស់​ពួកគាត់​»​។ «​នៅក្នុង​សម័យ​ឌីជីថល​នេះ ការ​ប្រឈម​របស់​ស្ត្រី និង​ក្មេង​ស្រី​គឺ​មាន​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​ឌីជីថល ការ​បៀតបៀន​តាម​រូបភាព​ផ្សេងៗ​ជាដើម ដែល​ទាំងនេះ​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ជាច្រើន ដោយសារ​គ្នា​មិនសូវ​មាន​ការយល់ដឹង ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ពួកគេ​ធ្លាក់​ចូល​ទៅ​ក្នុង​ការចាញ់បោក​គេ​» ។ កត្តា​ទាំងអស់​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យ​អាណា​ព្យាបាល​ទាំងអស់គ្នា​ត្រូវផ្តោត​ការយកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ក្នុង​ការតាមដាន​នូវ​រាល់ សកម្មភាព​នៃ​ការប្រើប្រាស់​ទូរស័ព្ទ កុំព្យូទ័រ​ឬ​ថា​ប្លេត​ផ្សេងៗ របស់​កូនៗ ដែល​ជា​ការចូលរួមចំណែក​ក្នុង​ការកាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​៕​

Leave a Reply

Your email address will not be published. Required fields are marked *