- ព័ត៌មានជាតិ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី «​រាត្រីសមោសរ​សំពត់​បត់​ខ្មែរ​» ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​សាលសន្និសីទ​ចតុម្មុខ​.០៤.០៣.២០២៤

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នា​ល្ងាច​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ ២០២៤ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី «​រាត្រីសមោសរ​សំពត់​បត់​ខ្មែរ​» ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​សាលសន្និសីទ​ចតុម្មុខ​។​

​កម្ម​វិធី​ដ៏​មហោឡារិក​នេះ​ផងដែរ ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​ថ្នាក់ដឹកនាំ ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយស និង​សិល្បករ សិល្បការិនី​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែងថា កម្មវិធី «​រាត្រីសមោសរ​សំពត់​បត់​ខ្មែរ​» គឺ​ជា​កម្មវិធី ដ៏​មាន​អត្ថន័យ និង​មាន​សារៈសំខាន់​បំផុត​ដល់​យុវជន យុវតី​ខ្មែរ ជំនាន់​ក្រោយ ក្នុងការ​បង្កើន​ចំណេះដឹង ជា​ពិសេស​បាន​យល់​កាន់តែច្បាស់​អំពី​ប្រវត្តិ ក៏ដូចជា​តម្លៃ​សម្លៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ ដែល​ជា​សម្លៀក​បំពាក់​ដ៏​ថ្នៃថ្នូរ និង​ចំណាស់​ជាង​គេ​នៅលើ​ទឹកដី​សុវណ្ណ​ភូមិ​។​

​ទន្ទឹមគ្នានេះ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​លើកទឹកចិត្ត​ដល់​អ្នកសិល្បៈ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ សូម​យក​ចិត​ទុកដាក់​ទៅ​លើ​តម្លៃ​សម្លៀក​បំពាក់ ដែល​ប្រើប្រាស់​ដោយ​កូន​ខ្មែរ សូម​កុំ​ច្នៃ​ម៉ូដ​លើសលប់​ពេក ដែល​អាច​មើល​ទៅ​មិន​សមរម្យ ប្រាស់ចាក​ពី​តម្លៃ​សម្លៀក​បំពាក់​របស់​ខ្មែរ ដែល​មាន​លក្ខណៈ​ចាស់ទុំ សុភាព និង​ថ្នៃថ្នូរ ។​

​ជាមួយគ្នានេះ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​វាយតម្លៃ​ខ្ពស់ និង​ស្ញើចសរសើរ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត រៀបចំ​កម្មវិធី​នេះ​ឡើង ចែក​ជូន​ជា​ប្រយោជន៍ និង​ចំណេះដឹង​មិន​អាច​កាត់ថ្លៃ​បាន ហើយ​សម្ដេច​ក៏​បាន​លើកទឹកចិត្ត​សូមឱ្យ​មាន​ការបង្កើត​កម្មវិធី​ដូច​នេះ​ជា​រៀងរាល់​ឆ្នាំ​ទៀត​ផង​។​

​សូម​ជម្រាប​ជូន​ផងដែរ​ថា កម្មវិធី «​រាត្រីសមោសរ​សំពត់​បត់​ខ្មែរ​» ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ ២០២៤ នៅ​សាលសន្និសីទ​ចតុម្មុខ ។ កម្មវិធី​នេះ ក៏​មាន​ការតាំង​បង្ហាញ «​ពិព័រណ៍​សិប្បកម្ម​យើង​» ដែល​មាន​ការចូលរួម​បង្ហាញ​ស្នាដៃ​ផលិតផល​សិប្បកម្ម​ខ្មែរ ជាច្រើន​មុខ​ទៀតផង​៕

Leave a Reply

Your email address will not be published. Required fields are marked *