- ព័ត៌មានជាតិ

​កិច្ចប្រជុំ​បូក​សរុប​តម្រូវការ​គម្រោង នៃ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ២០២៥-២០២៧

ខេត្ត​កណ្ដាល​៖ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៤ ឯកឧត្តម ប្រាក់ សា​រ៉ា​ត អភិបាលរង​ខេត្ត​កណ្ដាល បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​បូក​សរុប​តម្រូវការ​គម្រោង នៃ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ២០២៥-២០២៧ ដោយ​មាន​ការចូលរួម​ពី មន្ទីរ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​-​ស្រុក​ផង​ដែរ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្តាល​។​

​ឯកឧត្តម ប្រាក់ សា​រ៉ា​ត អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​នាពេលនេះ មាន​គោលបំណង​សំខាន់​គឺ​ដើម្បី ពិនិត្យ​លទ្ធផល ការងារ​ដែល​បាន កំណត់​ក្នុង​កិច្ចប្រជុំ​កន្លងមក ឬ​វឌ្ឍនភាព​របស់​មន្ទីរ អង្គភាព​នានា ក្រុង ស្រុក និង​រដ្ឋបាល​ខេត្ត ក្នុង​ការរៀបចំ​និង​កំណត់​តម្រូវការ​គម្រោង​វិនិយោគ​ជា​អាទិភាព​របស់​ខ្លួន នឹង​ត្រៀម​រៀបចំ ផែនការ​យុទ្ធសាស្ត្រ ថវិកាខេត្ត និង​ជា​ធាតុ​ចូល​ដល់​មន្ទីរ អង្គភាព ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ផងដែរ​។​

​ឯកឧត្តម អភិបាលរង​ខេត្ត បាន​បញ្ជាក់បន្ថែម​ថា សំណើ​គម្រោង​ទាំងឡាយណា​ដែល មន្ទីរ រដ្ឋបាល​ក្រុង​-​ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​លើក​ឡើង​ត្រូវ​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​ឲ្យស្រប​ទៅតាម​លក្ខណៈ​វិនិច្ឆ័យ​ដែល​បានកំណត់​ក្នុង​សៀវភៅ​ណែនាំ​បច្ចេកទេស ដោយ​ផ្អែក​លើ​លក្ខណៈវិនិច្ឆ័យ​ដូចជា​÷ ១)​ស្រប​នឹង​ក្របខ័ណ្ឌ​អភិវឌ្ឍន៍ គម្រោង ឬ​សេវា​ទាំងនោះ​ត្រូវ​ឆ្លើយតប ទៅ​នឹង​គោលបំណង គោលដៅ និង​ដំណោះស្រាយ​ក្នុ្ងង​ក្រប​ខ័ណ្ឌ​អភិវឌ្ឍន៍​ខេត្ដ ។ ២)​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត គម្រោង ឬ​សេវា​ទាំងនោះ​ត្រូវ​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់ រដ្ឋបាល ។ ៣)​ស្ថិត​ក្នុង​អន្តររដ្ឋបាល​ដែនដី គម្រោង ឬ​សេវា​ដែល​មាន​លក្ខណៈ​អន្ដរ​ក្រុង​-​ស្រុក ។ ៤)​កំណត់​អតិបរមា​លើ​ចំនួន​គម្រោង គឺ ត្រូវ​កំណត់​យក​គម្រោង​តាម​ចំនួន ដែល​បាន​កំណត់ ករណី​ដែល​មាន​ការ​ស្នើឡើង​ច្រើន​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត បាន​ស្នើ​ឲ្យ​អង្គភាព ក្រុង ស្រុក និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​កំណត់​បញ្ហា​ស្នូល​មូលហេតុ​និង​ដំណោះស្រាយ ឲ្យបាន​ច្បាស់លាស់ និង​ពិនិត្យ​គម្រោង​ឱ្យ​ច្បាស់លាស់​ចៀសវាង​លើក​គម្រោង​ស្ទួន​គ្នា​។ ត្រូវខិតខំ​ឲ្យអស់​ពី​លទ្ធភាព​ក្នុង​ការរៀបចំ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល និង​ផែនការ​អភិវឌ្ឍន៍​នានា​ឲ្យបាន​ទាន់​ពេលវេលា​។

​លោក ម៉ី​ន ឈុន ប្រធាន​មន្ត្រី​ផែនការ​ខេត្ត​កណ្ដាល បានឲ្យដឹងថា តម្រូវការ​គម្រោង អាទិភាព​ទូទាំង​ខេត្ត​សម្រាប់​ឆ្នាំ ២០២៥-២០២៧ សរុប​មាន​ចំនួន ២៨៤៩​គម្រោង ក្នុងនោះ​រួមមាន​៖ ផ្នែក​សេដ្ឋកិច្ច​មាន​ចំនួន ៩៤៥​គម្រោង ផ្នែក​សង្គមកិច្ច​មាន​ចំនួន ១០៩៧​គម្រោង ផ្នែក​ប្រើប្រាស់​ដីធ្លី និង​គ្រប់គ្រង​ធនធានធម្មជាតិ​មាន​ចំនួន ៣៦១​គម្រោង ផ្នែក​រដ្ឋបាល និង​សន្តិសុខ​មាន​ចំនួន ៤៤៦​គម្រោង​។​

Leave a Reply

Your email address will not be published. Required fields are marked *