- ព័ត៌មានជាតិ

កិច្ចប្រជុំ​គណៈកម្មាធិការ​បណ្ដុះបណ្តាល​ខេត្ត​ក្រចេះ ស្តី​ពី​វឌ្ឍនភាព​ការងារ​សម្រេច​បាន​ត្រីមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​២

ក្រចេះ​..​ព្រឹក​ថ្ថ្ងៃ​ទី ០៤ ខែ​មីនា ឆ្នាំ​២០២៤ ឯកឧត្តម ភឹម ភី​រ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​បណ្តុះបណ្តាល​ខេត្ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​បណ្ដុះបណ្តាល​ខេត្ត​ក្រចេះ ស្តី​ពី​វឌ្ឍនភាព​ការងារ​សម្រេច​បាន​ត្រីមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ត្រីមាស​ទី​២ របស់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​ឦសាន ដោយ​មាន​ការចូលរួម​ពី មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​ភាគី​ពាក់ព័ន្ធ អង្គការ​ដៃគូរ​ផងដែរ ។​

​លោក អ៊​ង់ គឹម​ភឿន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​ឦសាន បានឱ្យដឹង​ថា​វិទ្យាស្ថាន​បាន​រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ ២០២៤-២០២៨ របស់​គណៈកម្មាធិការ​បណ្តុះបណ្តាល​ខេត្ត សម្រាប់​ខេត្ត​ក្រចេះ និង​ភូមិភាគ​ឦសាន បាន​ធ្វើ​ការផ្សព្វផ្សាយ​ជ្រើសរើស​សិស្ស​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ក្នុង​ដំណាក់កាល​ទី​២ សម្រាប់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ គ្រួសារ​ដែល​មាន បណ្ណ​សំគាល់​ពិការភាព គ្រួសារ​ដែល​មាន​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល និង​យុវជន​ដែល​ឧទ្ទេសនាម​ដោយ រដ្ឋបាលខេត្ត ក្រុង ស្រុក អោយ​មក​ទទួល​ការបណ្តុះបណ្តាល​ជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ហើយ​ស្ថិតក្រោម​ការបណ្តុះបណ្តាល ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២៤ របស់​សមាជិក​PTB (​មន្ទីរ​ពាក់ព័ន្ធ​) បាន​បណ្តុះបណ្តាល​បាន​ចំនួន​៣៨៨​នាក់ ។​

​ឯកឧត្តម ភឹម ភី​រ៉ា បាន​កោតសរសើរ និង​វាយតម្លៃ​ចំពោះ​វិទ្យាស្ថាន ដែល​បាន​រួមសហការ​ជាមួយ​មន្ទីរ អង្គភាព និង​ស្ថាប័ន​ដៃគូ​គាំទ្រ ជាពិសេស​សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន ក្នុងការ​ផ្សាព្វផ្សាយ ដល់​មូលដ្ឋាន​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ផ្ទាល់ សំដៅ​ធ្វើឱ្យ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្នុង​ខេត្ត​ក្រចេះ មាន​ភាព​រីកចម្រើន សេដ្ឋកិច្ច​ប្រជាជន​មាន​ភាព​ធូរធារ មាន​ការងារ​ធ្វើ​មាន​ជំនាញ​ពិតប្រាកដ កាត់បន្ថយ​ការ​ចំណាក់ស្រុក​រក​ការងារ​ធ្វើ​ស្រប​ទៅ​នឹង​ផែនការ និង​គោលនយោបាយ ការអភិវឌ្ឍ​របស់​រា​ជ​រដ្ឋាភិបាល​ថ្មី ។​

​ឯកឧត្តម ភឹម ភី​រ៉ា បាន​បន្ថែមថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​អនុវត្ត​កម្មវិធី​នយោបាយ ជា​អាទិភាព​ចំនួន​៦​ចំណុច ដោយ​ក្នុង​នោះ​មាន​រួមបញ្ចូល​ការបណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ជូន​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស ដែល​ផ្ដោត​ជា​ចម្បង លើ​ការផ្តល់​ការបណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​១,៥​លាន​នាក់ ក្នុង​អាណត្តិ​ទី​៧ សម្រាប់​ខេត្ត​ក្រចេះ ៦៣០​នាក់ ក្នុង​ឆ្នាំ​២០២៤ ៕

Leave a Reply

Your email address will not be published. Required fields are marked *