- ព័ត៌មានជាតិ

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ខែ​មីនា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​កណ្ដាល​..០៧.០៣.២០២៤

​ខេត្ត​កណ្ដាល​៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក​ទាំង​១៣ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បង្ក្រាប និង​លុបបំបាត់​ឱ្យបាន​នូវ​ល្បែង​ផ្សងសំណាង និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្ដាល​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើការ​ណែនាំ​បែប​នេះ​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ខែ​មីនា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២៤​។

​ឯកឧត្តម​អភិបាលខេត្ត បន្តថា​៖ អាជ្ញាធរ​ក្រុង​-​ស្រុក មាន​តួនាទី​សំខាន់​ក្នុង​ការពិនិត្យ និង​តាមដាន​នូវ​រាល់​ទីតាំង​ល្បែង​ផ្សងសំណាង​ទាំងអស់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដែល​បាន​បង្ក្រាប​ហើយដោយ​មិន​ត្រូវ​ឱ្យ​មាន​ទីតាំង​ណាមួយ​កើតមាន​នូវ​ល្បែង​ផ្សងសំណាង​ឡើងវិញ​ឡើយ​។ ចំពោះ​អ្នក​មាន​អាជ្ញាប័ណ្ណ​ល្បែង​ផ្សងសំណាង ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក​ស្ដី​ពី​លក្ខខណ្ឌ​នៃ​ការផ្ដល់​អាជ្ញាប័ណ្ណ​ល្បែង​ផ្សងសំណាង ក្នុងករណី​លួចលាក់​បង្កប់​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ត្រូវ​ចាត់​ប្រធាន​ការ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ទាន់ពេលវេលា​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បានប្រកាសថា នៅ​ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខេត្ត​កណ្ដាល និង​រៀបចំ​ព្រឹត្តិការណ៍​ចង្ក្រាន្ត​ខេត្តកណ្ដាល នា​ថ្ងៃ​ទី​១៣-១៦ ខែ​មេសា ឆ្នាំ​២០២៤ នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ​។

​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​នេះ បាន​ធ្វើ​ការផ្សព្វផ្សាយ​៖
– លិខិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​
– លិខិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការពង្រឹង និង លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការបំពេញ​ការងារ​របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​។​
– លិខិត​របស់​គណៈកម្មកា​រ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ស្តី​ពី​ការពង្រឹង​ការគ្រប់គ្រង​ប្រតិបត្តិការ​ល្បែង​ផ្សងសំណាង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
– លិខិត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ការលើកកម្ពស់​ការប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ ឱ្យបាន​ត្រឹមត្រូវ​។​

Leave a Reply

Your email address will not be published. Required fields are marked *