- ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កណ្តាល បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៥៨ អាណត្តិ​ទី​៣

ខេត្ត​កណ្ដាល​៖ រដ្ឋបាល​ខេត្ត​កណ្តាល នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មិនា ឆ្នាំ​២០២៤​នេះ បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៥៨ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល នៅ​សាលាខេត្ត​កណ្តាល ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម នូវ ប៉េង​ច័ន្ទ​តារា អភិបាលរង​ខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​នានា​ជំវិញ​មក​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម នូ សា​ខន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង​កន្លងមក ទទួលបាន​លទ្ធផល​ល្អ ជា​ពិសេស​បាន​ពង្រឹង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានកញ្ចាក់​ថា ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ហើយ ទើប​ធ្វើឱ្យ​រដ្ឋបាល​ខេត្ត​កណ្ដាល កាលពី​ពេល​ថ្មីៗ​នេះ ទទួលពាន​រង្វាន់​ជើងឯក​លេខ​១ លើ​ជ័យលាភី​ពានរង្វាន់​ជើងឯក​សេវា​សង្គម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រចាំឆ្នាំ ២០២២-២០២៣ នៅ​ទូទាំង​ប្រទេស ក្នុងនោះដែរ រដ្ឋបាល​ស្រុក​ល្វាឯម ទទួលពាន​រង្វាន់​ជើងឯក​លេខ​១ និង​រដ្ឋបាល​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ក៏​ទទួលពាន​រង្វាន់​ជើងឯក​លេខ​៤​ផងដែរ​។​

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ ពន្យល់​ណែនាំ ដល់​ប្រជាពលរដ្ឋ អាជីវករ​
​ឱ្យបាន​យល់ដឹង​អំពី​អត្ថប្រយោជន៍​ផ្សេងៗ របស់​ប័ណ្ណ ប​.​ស​.​ស (​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​) ធ្វើយ៉ាងណា​ពន្យល់​ណែនាំ​ឱ្យ​ពួកគាត់​មក​ធ្វើ​ប័ណ្ណ ប​.​ស​.​ស ដ៏​មាន​អត្ថប្រយោជន៍​នេះ ឱ្យបាន​ច្រើន ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន ជាពិសេស​គឺ​សេវា​សុខាភិបាល​។

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​ជំរុញ​ដល់ រដ្ឋបាល​ក្រុង​-​ស្រុក កងកម្លាំង​មាន​សមត្ថកិច្ច មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ត្រូវ​បន្ត​ខិតខំ​បំពេញ តួនាទី​ភារកិច្ច​របស់​ខ្លួន ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ របស់​ប្រជាពលរដ្ឋ សភាពការណ៍​របស់​រដ្ឋបាល​ខេត្ត និង​ស្រប​តាម​គោលការណ៍​ដែល​រាជរដ្ឋាភិបាល​បានដាក់ចុះ ជាពិសេស​នោះ​គឺ​ដើម្បី​ទទួលបាន​នូវ​ជ័យលាភី​ថ្មីៗ​បន្ថែម​ថែមទៀត​។​

​សូម​ជម្រាប​ដែរ​ថា ក្នុង​កិច្ចប្រជុំ​នេះ ក្រុមប្រឹក្សា​ខេត្ត​បាន​ធ្វើ​ការពិនិត្យ ពិភាក្សា អនុម័ត និង​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដែល​សរុប​មាន​ចំនួន ៨​របៀបវារៈ សំខាន់ៗ​។​

Leave a Reply

Your email address will not be published. Required fields are marked *