- ព័ត៌មានជាតិ

​សម្តេច ម៉ែន សំអន អញ្ជើញ​ប្រកាស​តែងតាំង លោកជំទាវ ជា សុ​ផា​កន្នី ជា​ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​បរិស្ថាន និង​អបអរសាទរ​ខួប​លើក​ទី ១១៣ ទិវា ៨ មិនា ឆ្នាំ ២០២៤

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​បរិស្ថាន ដើម្បី​អបអរសាទរ ខួប​លើក​ទី​១១៣ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០២៤ ក្រោម​មូលបទ «​ស្ត្រី​និង​ក្មេងស្រី​ក្នុង​បរិវត្ត​កម្ម​ឌីជីថល​» ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាការ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​អង្គារ៍ ៣​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​សេចក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ដល់​សមាជិក​-​សមាជិកា​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ថ្លែង​កោត​ស​សើរ​និង​វាយតម្លៃ​ខ្ពស់​ដល់ ឯកឧត្តម អ៊ាង សុផល្លែត និង​ថ្នាក់ដឹកនាំ​គ្រប់​វិស័យ គ្រប់​លំដាប់ថ្នាក់ រួម​ទាំង​ថ្នាក់​ដឹកនាំ​និង​សមាជិកា​សមាគមនារី​ដែល​សហការ សាមគ្គី​គ្នា​បំពេញ​ភារកិច្ច​មិន​រួញរា​ចំពោះ​ការលំបាក នឿយហត់ ដើម្បី​សម្រេចបាន​នូវ​សមិទ្ធិផល​ដ៏​ធំធេង​គួរ​ជាទី មោទនៈ​នេះ​។ ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សូម​អបអរសាទរ​ចំពោះ​លោក​ជំទាវ លោកជំទាវ ជា សុ​ផា​កន្នី ដែល​ត្រូវបាន​ប្រកាស​ជា​ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​បរិស្ថាន ។ សម្តេច​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោកជំទាវ និង​សមាជិការ​ដែល​បាន​ប្រកាស​ក្នុង​ថ្ងៃនេះ នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី​ដឹកនាំ​សមាជិកា​ទាំងអស់​អនុវត្ត​ឲ្យបាន​ជោគជ័​យ​ធំធេង​ថែម​ទៀត នូវ​ទិសដៅ​ភារកិច្ច​ក៏ដូចជា លក្ខន្តិកៈ​របស់​សមាគម​នារី និង​ការងារ​ស្នូល​របស់​ក្រសួង​បរិស្ថាន និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ឯកឧត្តម អ៊ាង សុផល្លែត និង​បន្ត​ជួយ​គាំទ្រ​ដល់​គណៈកម្មការ​សាខា​សមាគមនារី​ក្រសួង​បរិស្ថាន​ឲ្យមាន​លទ្ធភា​ព​បំពេញ ភារកិច្ច​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​លើកឡើង​ទៀតថា ៖ បច្ចុប្បន្ននេះ ដោយសារតែ​មាន​ការរីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា ដែល​វិស័យ​នេះ​បាន​ដើរតួនាទី​កាន់តែ​សំខាន់​សម្រាប់​ជួយ​សម្រួល ដល់​ការប្រាស្រ័យ​ទាក់ទង​គ្នា​ដល់​មនុស្ស​ជុំវិញខ្លួន និង​ជុំវិញ​ពិភពលោក និង​បាន​ជួយ​គាំទ្រ​ដល់​ការ កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​លើ​គ្រប់​វិស័យ​។ ប៉ុន្តែ នៅក្នុង​បរិវត្ត​កម្ម​ឌីជីថល​នេះ មាន​មនុស្ស​ជាច្រើន ជា​ពិសេស​ស្ត្រី និង​ក្មេង​ស្រី អាច​នឹង​ក្លាយជា​ជនរងគ្រោះ ដោយសារ​ការ​លួងលោម និង​ចាញ់ល្បិច​បោកប្រាស់ និង​សមត្ថភាព​នៃ​ការយល់ដឹង​បច្ចេកវិទ្យា​នៅ​ទាប ខ្វះ​ការវិភាគ និង​ការពិចារណា ឬ ខ្វះ​ការការពារ​ពី​ក្រុម​គ្រួសារ និង​សង្គមជាតិ ដូចជា ការ​ឆបោក​តាម​ប្រព័ន្ធ​ឌីជីថល ការជួញដូរ​ស្ត្រី​-​ក្មេងស្រី និង​ការ​បៀតបៀន​តាម​រូបភាព​ផ្សេងៗ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​ជា​ដើម​៕

 

Leave a Reply

Your email address will not be published. Required fields are marked *