មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ជាក់ ម៉េងហ៊ាង អភិបាលខេត្តស្តីទី បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលសុវត្ថិភាពនៃការប្រើប្រាស់ គ្រប់គ្រងថ្នាំកសិកម្ម សារធាតុចិញ្ចឹម និងការអនុវត្តកសិកម្មល្អកម្ពុជា ដោយមានការចូលរួមពីសំណាក់ លោក សាវុន សំអុល ទីប្រឹក្សាជាន់ខ្ពស់កម្មវិធីអង្គការសហព័ន្ធសហករណ៍រ៉ាយអៃសិនអាឡឺម៉ង(DGRV) លោក ចាយ ម៉ៅ អនុប្រធានក្រុមប្រឹក្សាភិបាលសហភាពគ្រឿងទេសកម្ពុជា លោក អភិបាលរងក្រុងសែនមនោរម្យ មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាកសិករជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារពេជ្រដា ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោក ជាក់ ម៉េងហ៊ាង អភិបាលខេត្តស្តីទី បានឱ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាល នាពេលនេះ គឺដើម្បីចូលរួមចំណែកពង្រីកចំណេះដឹងដល់ប្រជាកសិករ ការកសាងសមត្ថភាពក្នុងផលិតកម្មនៃវិស័យកសិកម្ម ចូលរួមលើកស្ទួយជីវភាពសង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
លោក បញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ នឹងទទួលបាននូវខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ទី១.សិក្ខាកាមនឹងបានយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ត្រដាំដុះ ថែទាំ ដំនាំឱ្យទទួលបានបរិមាននិងគុណ ភាពល្អសម្រាប់បំពេញតម្រូវការទីផ្សារធំៗ ទី២.សិក្ខាកាមនឹងបានយល់ដឹងពីការគ្រប់គ្រង ប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ សមស្របទៅតាម កម្រិតស្តង់ដារដែលអង្គការក៍ដូចជាក្រុមហ៊ុងដៃគូចង់បាន ទី៣.សិក្ខាកាមនឹងបានយល់ដឹងពីការគ្រប់គ្រងសារធាតុចិញ្ចឹមផ្សេងៗសម្រាប់ជំនួយដល់ដំណាំពិសេស ដំណាំម្រេច ទី៤.សិក្ខានឹងបានយល់កាន់តែច្បាស់ពីវិធីសាស្ត្រក្នុងការ គ្រប់គ្រង ការពារសត្វល្អិតដែលបភផ្លាញដំណាំ និងទី៥.សិក្ខាកាមនឹងយល់ដឹងពីវិធីសាស្ត្រគ្រប់គ្រងជីគីមី និងជីធម្មជាតិក្នុងវិស័យកសិកម្ម។
លោក ចាយ ម៉ៅ អនុប្រធានក្រុមប្រឹក្សាភិបាលសហភាពគ្រឿងទេសកម្ពុជា លើកឡើងថា សហគមន៍កសិកម្មកាហ្វេ ម្រេច មណ្ឌលគិរី ចាប់ផ្តើមបង្កើតឡើង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ មានអគារការិយាល័យស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានសមាភាពក្រុមប្រឹក្សាភិបាលចំនួន៩នាក់ គណៈកម្មាធិការត្រួតពិនិត្យចំនួន៦នាក់ និងសមាជិកក្នុងឆ្នាំ២០២៤ មានចំនួន១៤៦នាក់ ស្រី២៣នាក់។ លោក បន្ថែមថា សហគមន៍រាល់ថ្ងៃផ្តោតសំខាន់ទៅលើការលក់ម្រេច ដោយបានសហការជាមួយក្រុមហ៊ុន ហ្វ៊ុក ដើម្បីប្រមូលទិញម្រេចពីសមាជិក។
លោក បន្ថែមថា ការបើកវគ្គបណ្តុះបណ្តាលថ្ងៃនេះពិតជាមានសារសំខាន់ចាំបាច់ណាស់ ព្រោះបានផ្តល់ឱកាសឱ្យសិក្ខាកាមបានយល់ដឹងកាន់ច្បាស់ពីសុវត្ថិភាពនៃការប្រើប្រាស់ គ្រប់គ្រងថ្នាំកសិកម្ម សារធាតុចិញ្ចឹម និងការអនុវត្តកសិកម្មល្អ ហើយក៍ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពក៍ដូចជាបរិមាណកសិផលរបស់កសិករនៅក្នុងសហគមន៍ ក៏ដូចជាកសិករនៅទូទាំងខេត្តមណ្ឌលគិរីផងដែរ៕






