- ព័ត៌មានជាតិ

ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ធ្វើ​ប​ឋ​កថា​បណ្តុះបណ្តាល «​ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍​» ក្រោម​ប្រធានបទ “​ការ​ជម្រុញ​ការបំពេញ​ការងារ​របស់​បុគ្គលិក​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង (Boosting Staff performance)” តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ ជូន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​សុខាភិបាល​

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​អង្គារ ៧ រោច ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៤ ចាប់ពី​វេលា​ម៉ោង​២:០០​នាទី​រសៀល ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​បន្ត​ដឹកនាំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍​» សម្រាប់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​សុខាភិបាល តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ ដែល​មាន​សមាសភាព​ចូលរួម​សរុប​ចំនួន ២៤៩៣​នាក់ ក្នុង​ទិសដៅ​បន្ត​ពង្រឹង​ស្ថាប័ន​លើ​សមត្ថភាព​ភាពជា​អ្នកដឹកនាំ ដែល​ជា​យុទ្ធសាស្ត្រ​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព​៣ បាន​ដាក់ចេញ​ដោយ​ក្រសួង​សុខាភិបាល អំពី​កិច្ចការ​គាំទ្រ​កំណែទម្រង់ អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​ក្នុង​សប្តាហ៍​នេះ ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​រំលឹក​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ឋានានុក្រម អោយ​យកចិត្តទុកដាក់​ធ្វើ Staff performance Review ដើម្បី​ជួយ​តំរង់​ទិសដៅ​ការងារ និង ដើម្បី​ផ្តល់​ពត៌មាន​ត្រឡប់​ដល់​បុគ្គលិក​ដើម្បី​អោយ​បុគ្គលិក​បាន​ដឹង​ពីអ្វី​ដែល​ខ្លួន​បាន​ធ្វើ​និង​ទទួលបាន ឱកាស​ពង្រីក​សមត្ថភាព​បំពេញ​ការងារ​របស់​គេ​បន្ថែមទៀត​។​

​ជា​កិច្ច​បន្តរ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​គោលបំណង​របស់​មេរៀន Boosting Staff performance ដែល​ផ្តល់​ចំណេះដឹង​ដល់​អ្នក​ដឹកនាំ​អោយ​ស្គាល់​ពី​លក្ខណៈ​របស់ បុគ្គលិក​ដែល​បំពេញ​ការងារ​ក្រោម​ស្តង់ដា (under performers) និង បុគ្គលិក​ដែល​បំពេញ​ការងារ​ល្អ (high performance staff) និង​បាន​យល់ដឹង​ពី​វិធីសាស្ត្រ​គ្រប់គ្រង under performed staff and high performed staff អោយមាន​ប្រសិទ្ធិភាព​។ បន្ថែម​ពីលើ​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ក៍​បាន​បង្ហាញ​ពី​ភាពខុស​គ្នា និង ការប្រើប្រាស់ រវាង ការបង្ហាត់បង្ហាញ (Coaching) និង ការចង្អុលបង្ហាញ (mentoring) ដែល​ជា​ឧបករណ៍​ចាំបាច់​ដែល​ថ្នាក់ដឹកនាំ​ត្រូវ​ប្រើប្រាស់​នៅក្នុង​ការងារ​អភិវឌ្ឍន៍​អាជីព​ការងារ​របស់​បុគ្គលិក​របស់ខ្លួន ។

​សូម​បញ្ជាក់​ផង​ដែរ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​អង្គារ ដែល​មាន​វត្តមាន ថ្នាក់​ដឹកនាំ​អង្គភាព​ថ្នាក់ជាតិ ចាប់​ពី​ប្រធាន​ការិយាល័យ​ថ្នាក់កណ្តាល​រហូត​ដល់​រដ្ឋលេខាធិការក្រ​សួង​សុខាភិបាល និង​អង្គភាព​ថ្នាក់ក្រោម​ជាតិ ចាប់​ពី​ប្រធាន​មណ្ឌល​សុខភាព រហូត​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​។​

Leave a Reply

Your email address will not be published. Required fields are marked *