- ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ដោយ​មាន​អ្នកចូលរួម​ជាង ២.៦០០​នាក់​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤​នេះ ដែល​មាន​សមាជិក​សមាជិកា​ចូលរួម​ប្រមាណ​ជាង ២.៦០០​នាក់ មកពី ស្រុក ក្រុង​ទាំង​៨ របស់​ខេត្ត និង​បាន​ជួបជុំគ្នា​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​សុក្រ ២​រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤​។

​ថ្លែង​ក្នុង​ពិធី​នេះ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​កោតសរសើរ ជូន​ចំពោះ​សកម្មជន អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ត្រី​គ​.​ជ​.​ប​ដែល​បាន​សហការ​រួមគ្នា​គោរព​ច្បាប់​បោះឆ្នោត​និង​នីតិវិធី​បោះឆ្នោត​យ៉ាង​ពេញលេញ​ប្រកបដោយ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ ធ្វើឱ្យ​ដំណើរការ ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ប្រព្រឹត្ត​បាន​យ៉ាង​រលូន​។

​ជាមួយគ្នានេះ ជាថ្មី​ម្តងទៀត សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទូទាំង​ខេត្ត​ដែល​ជា​អង្គ​បោះឆ្នោត​សូមមេត្តា​គាំទ្រ​គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អញ្ជើញ​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​ទេវតា​បាចផ្កា​ជា​សញ្ញា​សម្គាល់​នៅ​ថ្ងៃ​អាទិត្យ​ទី​២៦ ខែ​ឧសភា ឆ្ឆ្នាំ​២០២៤ ដើម្បី​បន្ត​ថែរក្សា​សន្តិភាព និង​អភិវឌ្ឍន៍​។

​យោង​តាម​លទ្ធផល​ផ្លូវការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ របស់​គណ​:​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ទូទាំង​ប្រទេស មាន ក្រុង ស្រុក ខណ្ឌ​ចំនួន ២០៩ ឃុំ សង្កាត់ ១.៦៥២ ការិយាល័យ​បោះឆ្នោត ២០៩ ចំនួន អង្គ​បោះឆ្នោត ១១.៦២២​នាក់ ស្ត្រី ២.៥៧៤​នាក់ ដោយឡែក​សម្រាប់​ខេត្ត​ស្វាយរៀង មាន ៨ ក្រុង ស្រុក ៨០ ឃុំ សង្កាត់ សមាជិក​អង្គ​បោះឆ្នោត ៥១៨​នាក់ និង​ស្ត្រី ១៣០​នាក់​៕​

Leave a Reply

Your email address will not be published. Required fields are marked *