- ព័ត៌មានជាតិ

វគ្គ​គាំទ្រ​សាលារៀន​គោលដៅ ក្រោម​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​(​គ​.​វ​.​អ​)

ខេត្ត​កណ្ដាល​៖ គណៈ​គ្របគ្រង​សាលា លោកគ្រូ​-​អ្នកគ្រូ និង​សហគមន៍ នៃ​សាលា​គោលដៅ​ចំនួន​៥ ក្នុង​ខេត្ត​កណ្ដាល ទទួលបាន​វគ្គ​គាំទ្រ​សាលារៀន​គោលដៅ ក្រោម​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​(​គ​.​វ​.​អ​) ក្រោម​អធិបតីភាព ឯកឧត្តម ពេ​ជ សោ​ភ័ន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​វ​.​អ នៅ​សាលប្រជុំ​សាលា​ស្រុក​អង្គស្នួល នា​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៤​។

​ឯកឧត្តម ពេ​ជ សោ​ភ័ន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​វ​.​អ បាន​មានប្រសាសន៍ថា​៖ វិស័យ​អប់រំ​ជា​វិស័យ​អាទិភាព​ទី​១ ដើម្បី​អភិវឌ្ឍ​មូលធន​មនុស្ស ឱ្យមាន​ចំណេះដឹង និង​សមត្ថភាព​ខ្ពស់ ភាព​ច្នៃប្រឌិត ស្មារតី​សហគ្រិនភាព នវានុវត្តន៍ និង​ក្រមសីលធម៌​ខ្ពស់ ជាការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម និង​កំណើន​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន ដែល​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ចាប់តាំងពី​កិច្ច ប្រជុំ​ដំបូង​របស់​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដ៏​ត្រឹមត្រូវ ស្វាហាប់ និង​ឈ្លាសវៃ​របស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​វិធានការ​គន្លឹះ​ចំនួន​៤ ដើម្បី​ពង្រឹង​គុណភាព​គ្រឹះស្ថាន​សិក្សា​រដ្ឋ ចាប់ពី​មត្តេយ្យ​សិក្សាដ​ល់​មធ្យមសិក្សា រួមមាន ៖ ទី​១ ការពង្រឹង​អភិបាលកិច្ច សាលារៀន​, ទី​២ ការពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យ​ស្រប​ទៅតាម​តម្រូវការ​ក្នុង​ការពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថ​របស់​សិស្ស ទី​៣-​ការយកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការត្រួតពិនិត្យ​គុណភាព ចំណីអាហារ​នៅតាម​សាលារៀន និង​ទី​៤- ភាព​ជា​ដៃគូ​រដ្ឋ និង​សហគមន៍ ដើម្បី​លើកកម្ពស់​ការអប់រំ តាមរយៈ​ការជំរុញ និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍​ក្នុង​ការអប់រំ ស្រប​តាម​ពាក្យស្លោក «​ភាព​ជា​ដៃគូ​រដ្ឋ និង​សហគមន៍ ដើម្បី​ការអប់រំ​»​។

​ឯកឧត្ដម ទេសរដ្ឋមន្ត្រី បន្តថា​៖ វគ្គ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​អំពី​វិធានការ​គន្លឹះ ក្នុង​វិស័យ​អប់រំ របស់​រាជរដ្ឋាភិបាល នៅ​កម្រិត​អ្នក​អនុវត្ត​កិច្ចការ​ដោយផ្ទាល​។ ជួប​គ្នា​ជា​ផ្លូវការ​រវាង​ភាគី​គ្រូ​បង្គោល​ផ្នែក​គាំទ្រ​សាលារៀន និង​ភាគី​សាលារៀន​គោលដៅ ដើម្បី​ចាប់ផ្តើម​អនុវត្ត​សកម្មភាព​គាំទ្រ​សាលារៀន​។ បង្កើន​ការចូលរួម​របស់​អាជ្ញា​ធរ​មូលដ្ឋាន សហគមន៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជួយ​ជំរុញ​ដំណើរការ​អនុវត្ត​វិធានការ​គន្លឹះ​នៅ​តាម​សាលារៀន​គោលដៅ​ឱ្យ​ទទួលបាន​ជោគជ័យ​។ បង្កើន​ទំនុកចិត្ត និង​ផ្តល់​ការគាំទ្រ​ពេញទំហឹង​ពី​សំណាក់​លេខាធិការដ្ឋាន គ​.​វ​.​អ​. ដល់ សាលារៀន​គោលដៅ​ទាំងអស់ ឱ្យ​អនុវត្ត​ភារកិច្ច​ប្រកបដោយ​ភាពជឿជាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ គណៈកម្មាធិការ​ជាតិ​ជំរុញ ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​បាន​ជួយ​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​អប់រំ យុវជន និង​កីឡា​ក្នុង​ខេត្ត ជា​ពិសេស​បាន​ជួយ​គាំទ្រ​ពង្រឹង​សាលារៀន​គោលដៅ​ចំនួន​៥​នៅក្នុង​ខេត្ត​កណ្ដាល រួមមាន​៖ សាលាបឋមសិក្សា​វត្ត​ត្នោត​, សាលាបឋមសិក្សា​ដំណាក់​អំពិល​, សាលាបឋមសិក្សា​ពងទឹក​, សាលាបឋមសិក្សា ទេព​ប្រណម្យ​, និង​សាលាបឋមសិក្សា​ព្រៃទទឹង​។

​ឯកឧត្ដម អភិបាលខេត្ត បន្តថា​៖ កំណែទម្រង់​វិស័យ​អប់រំ ពិសេស​វិធានការ​គន្លឹះ​ក្នុង​វិស័យ​អប់រំ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្នុងនោះ​បាន​បញ្ចូល​នូវ​ទ្រឹស្តី​មនសិការ​ជាតិ​, គុណធម៌​, សីលធម៌ ឥរិយាបទ​រស់នៅ ទៅ​ក្នុង​ការបណ្តុះបណ្តាល​ចាប់តាំងពី​ថ្នាក់​មត្តេយ្យ រហូត​ដល់​មធ្យមសិក្សា ដែល​ជា​មូលដ្ឋាន​យ៉ាង​រឹងមាំ​សម្រាប់​គ្រឹះ​សង្គម​។

​ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា​៖ កន្លងទៅ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ទទួលស្គាល់​លទ្ធផល​ប្រឡង ប្រណាំង​នាយក​ល្អ គ្រូ​ល្អ និង​សាលា​ស្អាត ខេត្តកណ្ដាល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ទូទាំង​ប្រទេស ផ្នែក​នាយក​ល្អ គឺ លោក សឿង រដ្ឋា នាយក​វិទ្យាល័យ សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម​ឫស ក្នុង​ស្រុក​កណ្តាលស្ទឹង ជ័យលាភី​សាលារៀន​គំរូ ចំនួន ៩ សាលា​។​

Leave a Reply

Your email address will not be published. Required fields are marked *