- ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា ស្នើ​ដល់​ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​នៅ​កម្ពុជា​ចូលរួម​ក្នុង​ផលិត​ស្ពត​អប់រំ​ពី​បញ្ហា​គ្រឿងញៀន ដើម្បី​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ចំណេះដឹង​និង​ជំរុញ​ចលនា​ជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ​នៃ​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​បាន​ស្នើ​ដល់​ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​នៅ​កម្ពុជា​ចូលរួម​ក្នុង​ផលិត​ស្ពត​អប់រំ​ពី​បញ្ហា​គ្រឿងញៀន ដើម្បី​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ចំណេះដឹង​និង​ជំរុញ​ចលនា​ជាតិ​ចូលរួម​បង្ការ ទប់ស្កាត់​និង​លុបបំបាត់​គ្រឿងញៀន​ចេញពី​កម្ពុជា ដើម្បី​អនុវត្ត​ឱ្យ​សម្រេច​នូវ​ការប្តេជ្ញាចិត្ត «​កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿងញៀន និង​រក្សា​គ្រួសារ​នី​មួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​»​។​

​ការស្នើ​ឡើង​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ​នៃ​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ជាមួយ​លោក សុខ គឹម​និតតា ជា​អគ្គនាយក​ក្រុមហ៊ុន Marketing Solutions Asia, Ltd. MSA នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤ នា​ទីស្តីការ​ក្រសួង​ព័ត៌មាន​។ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន MSA ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​និង​ពោរពេញ​ដោយ​បទពិសោធ​និង​ធនធានមនុស្ស​ដែល​មាន​លទ្ធភាព​ផលិត​បាន​នូវ​ស្ពត​អប់រំ​ផ្សេងៗ​។

​ឯកឧត្តម​បាន​ថ្លែងថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​រួម​របស់​យើង​ទាំងអស់គ្នា​និង​ចាំបាច់​ត្រូវ​ចូលរួម​ក្នុង​ការផ្សព្វផ្សាយ​អប់រំ​ដើម្បី​ទប់ស្កាត់​និង​លុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ ដោយ​ឯកឧត្តម​បាន​ថ្លែងថា «​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឱ្យ​សម្រេច​នូវ​ការប្តេជ្ញាចិត្ត​ថា​កម្ពុជា​ជា​ប្រទេស​គ្មាន គ្រឿងញៀន និង​រក្សា​គ្រួសារ​នី​មួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​»​។

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​នឹង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ជ្រួតជ្រាប​ដល់​ប្រជាជន បាន​កាន់តែ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ហើយ​ការផ្សព្វផ្សាយ​គឺ​ដើម្បី​បំផុស​ចលនា លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​គ្រប់​សមាសភាព​នៃ​សង្គម សំដៅ​បង្កើត​បាន​ជា​កម្លាំង​សរុប មធ្យោបាយ​សរុប វិធានការ​សរុប ជា​ពិសេស​ជំរុញ​និង​លើកទឹកចិត្ត​ស្រទាប់​យុវជន​ក្នុង​ការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់ ស្រប​តាម​ទិស​ស្លោក «៣​កុំ ១​រាយការណ៍​»​។ ទន្ទឹមគ្នានេះ សូម​ជួយ​ជំរុញ​ចលនា​ផ្សព្វផ្សាយ​គោលនយោបាយ «​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​»​។ ជាមួយនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន​ស្នើ​អោយ​បង្កើន​ការផ្សព្វផ្សាយ​សកម្មភាព​នៃ​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ដើម្បី​អោយ​ប្រជាជន​បាន​យល់ដឹង​កាន់តែ​ច្បាស់​បន្ថែមទៀត​។​

​លោក សុខ គឹម​និតតា ជា​អគ្គនាយក​ក្រុមហ៊ុន MSA បាន​បញ្ជាក់​ពី​ការគាំទ្រ និង​ស្ម័គ្រចិត្ត​ចូលរួម​ផលិត​ស្ពត​អប់រំ​នានា​ដើម្បី​ចូលរួម​ជាមួយ​គណៈកម្មកា​រ​ទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ​ក្នុង​ការកាត់បន្ថយ និង​លុបបំបាត់​គ្រឿងញៀន​ពី​ក្នុង​សង្គម​កម្ពុជា ព្រមទាំង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើ​កិច្ចសហការ​ជាមួយ​បណ្តា​ក្រុមហ៊ុន និង​ផ្នែក​ពាក់​ពន្ធ័​ទាំង​អស់ ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ទាក់ទង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏​ដូចជា​ការអប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងថា​ក្នុងទិសដៅ​សម្រេច​ឱ្យបាន​កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿងញៀន និង​រក្សា​គ្រួសារ​នី​មួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​, គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​និង​អប់រំ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្សព្វផ្សាយ​ពីសារ​អប់រំ​នានា និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ទីរ​ព័រ​ត៌មាន​តាម​បណ្តា​ខេត្ត​នានា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ផលិត​ស្ពត​អប់រំ និង​សារ​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ប្រឆាំងនឹង​ការប្រើប្រាស់​គ្រឿងញៀន និង​បាន​ផ្សព្វផ្សាយ​នៅ​លើ កម្មវិធី​ទូរស័ព្ទ APP NoDrug របស់​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ផងដែរ​៕​

 

 

Leave a Reply

Your email address will not be published. Required fields are marked *