- ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ចូលរួម​ជា​អធិបតី​ពិធីបុណ្យ​វិសាខបូជា​

ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃអាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​ជា​អធិបតី​ពិធីបុណ្យ​វិសាខបូជា ប្រារព្ធ​នៅ​ភ្នំ​ព្រះ​រាជទ្រព្យ (​ឧត្តុង្គ​) ស្ថិតក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

​ពិធី​នោះ មាន​ការយាង​និមន្ត​ជា​អធិបតី​សង្ឃ​ដ​ផ​យ​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ គណៈ​ធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​សង្ឃនាយករ​ង ព្រម​ទាំង​សម្ដេច​ព្រះសង្ឃ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ញ៉ែម សា​ខន ស ខេង ឯកឧត្តម ឈិន កេត​នា ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ឯកឧត្ដម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ​។

​ពិធីបុណ្យ​វិសាខបូជា ប្រារព្ធ​ឡើង​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស ចំនួន ៣ ទាក់ទង​នឹង​ព្រះ​សមា្មសម្ពុទ្ធ​។ ព្រឹត្តិការណ៍​ទាំងនោះ​រួមមាន ៖ ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការ​ចូល​បរិនិព្វាន​របស់​ព្រ​អង្គ​។ ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធ​ត្ថ ជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង​សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទនៈ​។ ព្រះអង្គ ត្រូវបាន​គេ​ហៅ​ព្រះនាម​ជាច្រើន​ទៀត ដូចជា​៖ ព្រះសម្មាសម្ពុទ្ធ ព្រះសមណគោតម ព្រះ​ជិនស្រី ព្រះ​សក្យមុនី ព្រះ​បរមគ្រូ ព្រះ​សាស្តា​ជាដើម​។

​ព្រះ​សមា្មសម្ពុទ្ធ ព្រះអង្គ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​វិសាខ មុន​គ្រិស្តសករាជ ចំនួន ៦២៣​ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម ២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​យាង​ទៅ​សាង​ផ្នួស​។ ក្រោយ​ពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេល ៦​ឆ្នាំ ព្រះអង្គ ក៏​បាន​ត្រាស់ដឹង​កា្លយ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញ​បូណ៌មី ខែ​វិសាខ នា​វេលា​ទៀបភ្លឺ​។ ព្រះ​បរមគ្រូ​នៃ​យើង ទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញ​បូណ៌មី ខែ​វិសាខ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០​ព្រះវស្សា​។

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏​បាន​ប្រកាស​ទទួលស្គាល់ វិសាខ​បូជា ជា​ពិធីបុណ្យ​សកល​ចំពោះ​បណ្ដា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា ដែល​បុគ្គលិក​ធ្វើការ និង​សាធារណជន អាច​ប្រារព្ធ​ធ្វើ​បាន​នៅ​ទូទាំង​ពិភពលោក ទៀតផង​៕

Leave a Reply

Your email address will not be published. Required fields are marked *