- ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅ​ភ្នំ​ខ្នង​ផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យ​គោលដៅ​លំហែ​បៃតង នៃ​តំបន់​ភ្នំ​ខ្នង​ផ្សារ​

កំពង់ស្ពឺ​÷ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅ កាន់​ភ្នំ​ខ្នង​ផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យ​គោលដៅ លម្ហែ​បៃតង តំបន់ភ្នំ​ខ្នង​ផ្សារ នៅ​ភូមិ​តាំង​បំពង់ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។​

​ក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់ តាមរយៈ​គម្រោង​លម្ហែ​បៃតង ដែល​បាន​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញប្បទាន​ឥណទាន​ពី ធនាគារពិភពលោក ក្រោម​ក្របខ័ណ្ឌ គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ (CSLEP) ។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​សង្កត់ធ្ងន់ថា គម្រោង​នេះ មានន័យ​លើសពី​ការសាងសង់​ផ្លូវ និង​សំណង់​ស្ថាប​ត្យ កម្ម ពីព្រោះ​ស្ថាបត្យកម្ម​នេះ កើតចេញ​ពី​ការប្តេជ្ញាចិត្ត​ដ៏​ខ្ពស់ និង​ពេញ​ដោយ​ក្តីស្រឡាញ់ និង​ការគិតគូរ​ពី​សុខទុក្ខ​របស់​ប្រជា​សហគមន៍ តំបន់ការពារធម្មជាតិ​ទេ​ទឹក​ពុះ និង​ភ្នំ​ខ្នង​ផ្សារ​ពី​សំណាក់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត​។

​ជាមួយគ្នានេះ ប្រជា​សហគមន៍​តំបន់​ការពារ​ក៏​បាន​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល សហគមន៍ ជា​ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​បាន​ជំរុញ និង​បញ្ចេញ​សក្តានុពល​ដ៏​សម្ងាត់ របស់​តំបន់​សហគមន៍​ទេ​ទឹក​ពុះ និង​ភ្នំ​ខ្នង​ផ្សារ​។​

​ក្នុង​នោះ​ក្រសួង​បរិស្ថាន ក្រសួង​អភិវឌ្ឍន៍ជនបទ កំពុង​អនុវត្ត​គម្រោង​នេះ ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​បម្រើឱ្យ​គោលដៅ​លំហែ​បៃតង​ភ្នំ​ខ្នង​ផ្សារ នៅក្នុង​ភូមិ សាស្ត្រ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​កោះកុង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ នឹងត្រូវ​ផ្តល់ជូន​សហគមន៍​មូលដ្ឋាន​ធ្វើការ​គ្រប់គ្រង ដើម្បី​លើក កម្ពស់​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ និង​ប្រែក្លាយ​សហគមន៍​ឱ្យទៅ​ជា​សហគ្រិន​ប្រកបដោយ​ភាពជា​ម្ចាស់ ដែល​ជា​ការ​ប្តូរ​ពី​ការពឹងផ្អែក​លើ​ការកាប់​ឈើ និង​បរបាញ់​សត្វព្រៃ​ខុស​ច្បាប់ មក​ចូលរួម​ចំណែក ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​នេះ​បើ​តាម​ការបញ្ជាក់​និង​លើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​ព្រឹក​ថ្ងៃ​១៦ ខែ​ឧសភា ដដែល នៅក្នុង​ពិធី​បានឲ្យដឹង​ថា​ថា ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ នាពេល​នេះ​រួមមាន​៖ ផ្លូវ ខ្លោងទ្វារ ចំណត​យានយន្ត ប្រព័ន្ធ​បំភ្លឺ​ដោយ​ថាមពល​ព្រះ អាទិត្យ ទឹកស្អាត កន្លែង​បោះតង់ ផ្លូវ​ថ្មើរជើង​ក្នុងព្រៃ ស្លាក​សញ្ញា កន្លែង​សង្គ្រោះ​បឋម អាហា​រដ្ឋា​ន និង​កន្លែង​ទុកដាក់​សំរាម​។

​ជារួម​ការសាងសង់​ទាំងនេះ​ត្រូវ​អនុលោម​តាម​រចនាបទ​ខ្មែរ និង​រក្សាបាន​នូវ​សោភ័ណភាព សម្រស់​ធម្មជាតិ ដោយ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព ជា​សុខដុម​រមណីយ​កម្ម​នៃ​មេត្រីភាព​បរិស្ថាន​៕​

Leave a Reply

Your email address will not be published. Required fields are marked *