- ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សមាគម​សភាពាណិជ្ជកម្ម​ខេត្ត​ហ៊ូ​ណាន​ប្រចាំ​នៅ​កម្ពុជា នឹង​ចូលរួម​ចំណែក​ជម្រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

​ភ្នំពេញ ៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សាភិបាល​អណត្តិ​ទី​៣ នៃ​សមាគម​សភាពាណិជ្ជកម្ម​ខេត្ត​ហ៊ូ​ណាន​ប្រចាំ​នៅ​កម្ពុជា នា​រាត្រី​ថ្ងៃ​សៅរ៍ ៦​រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥​។​

​បើ​តាម​ការលើកឡើងរ​បស់​លោក លី ស៊ីន​ហួរ បានបញ្ជាក់​ថា ចាប់តាំងពី​ករ​កើត​សមាគម​សភាពណិជ្ជកម្ម​ខេត្ត​ហ៊ូ​ណាន ប្រចាំ​នៅ​កម្ពុជា រហូតមកដល់​ពេលនេះ សមាគម​បាន​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហគមន៍​ធុរកិច្ច រវាង​សមាគម​ពាណិជ្ជករ​ចិន​ផ្សេងទៀត ការ​ជម្រុញ​នូវ​សហគ្រិនភាព រវាង​ចិន​-​កម្ពុជា ការពង្រីក​នូវ​សេដ្ឋកិច្ច​ទីផ្សារ ចូលទៅ​ក្នុង​ការអភិវឌ្ឍ​ន៍​នៃ​សាកល​ភាវូបនីយកម្ម ស្របតាម​គោលនយោបាយ ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​។​

​មានប្រសាសន៍​ក្នុង​ពិធី​នោះ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន ក៏​បាន​កត់សម្គាល់​ផងដែរ​ថា សភា​ពាណិជ្ជកម្ម​នេះ មិន​ត្រឹមតែ​ដើរ​តួនាទី​សម្រាប់​ជា​ស្ពាន​មិត្តភាព​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ក្លាយជា​គ្រឹះ​មួយចំណែក​ដ៏​រឹងមាំ ក្នុង​ការផ្សារភ្ជាប់​ភាព​រីកចម្រើន នៃ​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត​។​

​មាន​ចំណាប់អារម្មណ៍​នៅក្នុង​ពិធី​នោះ ៖ ឯកឧត្តម ចា​វ ហាយ​ចៀន អគ្គទីប្រឹក្សា​ស្ថានទូត​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏បាន​លើកឡើង នៅពេល​ដែល​សមាគម​ចិន​-​កម្ពុជា នៃ​អនាគត​រួមគ្នា ភាពជឿនលឿន រឹងមាំ និង​ធានាបាន​ស្ថិរភាព ភាពប្រាកដនិយម​បន្ថែមទៀត ទៅ​ក្នុង​ពិភពលោក ដែល​កំពុង​ចលាចល ហើយ​នឹង​នាំមក​នូវ​ឱកាស​ថ្មី​សម្រាប់​ការអភិវឌ្ឍន៍​ក្នុង​វិស័យ​នានា ដូចជា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ រួម​ទាំង​សហគ្រាស ខេត្ត​ហ៊ូ​ណាន​ផងដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ក៏​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ទំនាក់ទំនង​កម្ពុជា​-​ចិន បាន​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្តភាព​ដែកថែប រួមគ្នា​កសាង​សហគមន៍​វាសនា​រួម​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់ និង​បង្កើត​នូវ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​»​។ ជាក់ស្តែង ប្រទេស​ចិន​បាន​ដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​» ការបង្កើត​មូលនិធិ​ផ្លូវ​សូត្រ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ និង​ជំរុញ​ការអភិវឌ្ឍ​តាមបែប ឈ្នះ ឈ្នះ ក្នុង​ប្រទេស​នានា ដែល​ស្ថិត​ក្នុង​តំបន់​ខ្សែក្រវ៉ាត់ និង​ផ្លូវ​សូត្រ ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ត​ភ្ជាប់​ទំនាក់ទំនង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ស្ថាប័ន ប្រជាជន វិស័យ​ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង​វិស័យ​គន្លឹះ​ផ្សេងៗ​ទៀត​។​

​សម្តេច​បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​នាំមក​នូវ សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស វិស័យ វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។​ល​។ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ចុង ក្រោយនេះ ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច ជា​មធ្យម​ប្រមាណ ៧% ដោយ ឡែក​នៅក្នុង​ឆ្នាំ​២០២៤​នេះ ក្នុង​រង្វង់​ប្រមាណ ៦.៦% ដែល​នាំឲ្យ​ចំណូល របស់​ប្រជាជន​ទូទាំង​ប្រទេស​មាន​ការកើនឡើង និង​មាន​ជីវភាព​កាន់តែ​មាន ភាព​កាន់តែ​ប្រសើរ​។ ដោយឡែក​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ក្លាយទៅជា តំបន់​ទេសចរណ៍​ដ៏​ស្រស់បំព្រង ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដ៏​ទាក់ទាញ និង​រស់​រវើក ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​គោល នយោបាយ ជាច្រើន​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ ក្នុងនោះ គោល នយោបាយ​សុខដុម​ភាវូនីយកម្ម​ជាតិ​សាសន៍ និង​សាសនា​បាន​បង្ក​លក្ខណៈ ឱ្យ គ្រប់​ជាតិ​សាសន៍ និង​ជនជាតិ​ទាំងអស់ ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​រស់នៅ​ជាមួយគ្នា​ដោយ​សុខដុមរមនា និង​រួម​គ្នា​អភិវឌ្ឍន៍​មាតុប្រទេស​យើង ទាំងអស់គ្នា​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​សម្តែង​នូវ​អបអរសាទរ ចំពោះ លោក លី ស៊ីន​ហួរ ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី​៣ នៃ​សមាគម​សភាពាណិជ្ជកម្ម​ខេត្ត​ហ៊ូ​ណាន ប្រចាំ​នៅ​កម្ពុជា និង​បាន​លើកទឹកចិត្ត​ឲ្យ​សភាពាណិជ្ជកម្ម បំពេញ​បេសកកម្ម​របស់​ខ្លួន​ឲ្យបាន​រលូន ប្រកបដោយ​ការយកចិត្តទុកដាក់ ត្រូវ​គោរព​ទៅតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សមាគម​នេះ ពិត​ជា​រួម​ចំណែក​ជម្រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការផ្ដល់​ចំណូល និង​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ដែល​ជា​កត្ដា​ចាំបាច់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *