- ព័ត៌មានជាតិ

ស្ពានដែក​បេឡេ​អូរ​តាឆុង ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ បានសម្រេច​ការសាងសង់​រួចរាល់ ១០០​ភាគរយ តាមរយៈ​សំណូមពរ​របស់​ប្រជា​សហគមន៍​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង ជាមួយ​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ កន្លងទៅ

ស្ពានដែក​បេឡេ​អូរ​តាឆុង មាន​ប្រវែង ៣៦​ម៉ែត្រ ទទឹង ៤,២​ម៉ែត្រ និង​ការស្ថាបនា​ផ្លូវ​ល្បាយ​ក្រួស​ត​ភ្ជាប់​ក្បាលស្ពាន ទាំងសងខាង​ស្ពាន​ប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​ជូន​តាម​សំណូមពរ​របស់​ប្រជា​សហគមន៍​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង នា​ឱកាស​ចុះ​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​នៅ​ចម្ការ​ចន្ទី​របស់​សហគមន៍ កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ កន្លងទៅ ក្នុង​គោលដៅ​លើកកម្ពស់​ការដឹកជញ្ជូន​កសិផល និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដោយ​ប្រគល់​ភារកិច្ច​ជូន ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ការដឹកនាំ​សាងសង់ ។

​គូស​រំលេច​ផងដែរ​ថា ស្ពាន​នេះ​បាន​ត​ភ្ជាប់​ឃុំ​ចំនួន​ពីរ​គឺ​ឃុំ​តាំង​ក្រ​សៅ និង​ឃុំ​ស្រើង ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​។ ដោយ​អ្នកទទួលផល​ដោយផ្ទាល់ សរុប​ចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧​គ្រួសារ ក្នុងភូមិ​ទឹក​អណ្ដូង ភូមិ​ជាំ​បឹង ភូមិ​បេង ភូមិ​ត្នោត​ជួរ ភូមិ​បឹង​ខ្វែ​ក និង​ភូមិ​អន្លង់​ស្លែង ព្រមទាំង​អ្នក​ទទួលផល​ដោយ​ប្រយោល សរុប ១ ២៩៥​នាក់ ស្មើនឹង ៣៦៥​គ្រួសារ ក្នុង​បណ្តា​ភូមិ​ក្នុង ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ និង​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ដែល​ជា​មធ្យម មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ចន្លោះ ១០០​នាក់ ទៅ ២០០​នាក់ ក្នុង​១​ថ្ងៃ​។​

Leave a Reply

Your email address will not be published. Required fields are marked *