- ព័ត៌មានជាតិ

​ខេត្តកណ្តាល​រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៥

ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​កណ្ដាល បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្រោម​ប្រធានបទ​៖ រួមគ្នា​ដើម្បី​ការងារ​សមរម្យ និង​កំណើន​ប្រកបដោយ​ចីរភាព និង​ភាព​ធន់ ក្រោម​អធិបតីភាព​ឯកឧត្ដម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល និង​ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​។

​ថ្លែ​ក្នុង​ពិធី​សំណេះ​សំណាង ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​បញ្ចប់សង្គ្រាម ថែរក្សា​នៅ​ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ព្រមទាំង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​គៀងគរ​អ្នកវិនិយោគ​មក​កាន់តែ​ច្រើន ដែល​កាលពីមុន​យើង​មាន​រោងចក្រ​តិចតួច ហើយ​ឥឡូវនេះ​យើង​មាន​រោងចក្រ​ច្រើន ការងារ​ក៏​កាន់តែ​សម្បូរ ហើយ​តម្លៃ​ពលកម្ម​ឬ​ប្រាក់ខែ​កាន់តែច្រើន​ផងដែរ​។ ទន្ទឹម​នឹង​ការងារ​សម្បូរ បងប្អូន​កម្មករ កម្មការិនី​របស់​យើង មាន​ឱកាស​ច្រើន​អាច​ម្រេច​ចិត្ត​ធ្វើការ​នៅ​រោងចក្រ​ណា​ដែល​ខ្លួន​គិតថា​សាក​សម​ទៅនឹង​សមត្ថភាព​របស់​ខ្លួន​។

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា​៖ បើ​ទោះបីជា​យើង​មាន​រោងចក្រ​ច្រើន សម្បូរ​ការងារ​យ៉ាងណា​ក៏ដោយ សូម​បងប្អូន​កម្មករ​រោងចក្រ​ទាំងអស់ ធ្វើការ​នៅ​កន្លែង​ណា​អោយ​បាន​ជាប់លាប់ ឬ​យូ ដើម្បី​អត្ថប្រយោជន៍​របស់​យើង​នៅពេល​ដែល​ចូលនិវត្តន៍​យើង​នឹង​ទទួលបាន​ប្រាក់​សោធន៍​និវត្តន៍​បាន​ច្រើន ចៀសវាង​ការផ្លាស់ប្ដូរ​ការងារ​ជា​ប្រចាំ​ធ្វើអោយ​យើង​ខាតបង់​ប្រាក់​សោធន៍​និវត្តន៍​។ ទន្ទឹម​នឹង​នេះ​បងប្អូន​កម្មករ កម្មការិនី ពិតជា​បាន​រួមចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ នៅពេល​ដែល​បងប្អូន​មាន​ការងារ​ធ្វើ​កាន់តែច្រើន ប្រាក់ចំណូល​បាន​កាន់តែ​ខ្ពស់ ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ចជាតិ​កាន់តែ​ខ្ពស់​ផងដែរ​។

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា​៖ ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល បាន​គិតគូ​ពី​អត្ថប្រយោជន៍​របស់​បង​ប្អូន​កម្មករ កម្មការិនី ដោយ​បាន​ដាក់ចេញ​គោលនយោបាយ​គាំពារ​សង្គម ដែល​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​បងប្អូន​ក​ម្មករ​ទាំងអស់​គ្នា ដូចនេះ​អត្ថប្រយោជន៍​អ្វី​ដែល​បងប្អូន​ត្រូវ​បាន បងប្អូន​ត្រូវ​ដឹង នឹង​ទទួលយក​អត្ថប្រយោជន៍​នេះ​អោយបាន​គ្រប់ៗ​គ្នា​។

​លោក ធុល នាង ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កណ្ដាល បានឱ្យដឹងថា​៖ បច្ចុប្បន្ន​ខេត្ត​កណ្ដាល​មាន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ចំនួន​១៩៨១ មាន​កម្មករ​និយោជិត​សរុប​ចំនួន ២០២,៧៩០​នាក់​។ ក្នុង​នោះ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប មាន​ចំនួន​២៦៤ មាន​កម្មករ​និយោជិត​ចំនួន ១៦៦,៦០៤​នាក់ ដែល​អាច​ស្រូប​បាន​នូវ​ប្រាក់​ចំណូល​ប្រមាណ ៤៤៩,៨៣០,៨០០​ដុល្លារ​/១​ឆ្នាំ (​បួន​រយ​សែសិប​ប្រាំបួន​លាន ប្រាំបី​រយ​សាមសិប​ពាំ​ន់ ប្រាំបី​រយ​ដុល្លារ​គត់​)​។​

 

Leave a Reply

Your email address will not be published. Required fields are marked *