- ព័ត៌មានជាតិ

ប្រជាជន​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ ចំនួន​១​គ្រួសារ នៅ​ស្រុក​ខ្សាច់កណ្ដាល ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល​

​ខេត្ត​កណ្ដាល​៖ រសៀល​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចាត់តាំង​លោកជំទាវ ស្រ៊ុន ស្រី​នាង អភិបាលរង​ខេត្ត​កណ្តាល និង​ជា​ហិរញ្ញឹក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដឹកនាំ​ប្រតិភូ​សាខា ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ទៅ​ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន ១​គ្រួសារ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល​។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះដែរ លោកជំទាវ ស្រ៊ុន ស្រី​នាង បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា ពិសេស​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្ដី​នឹករលឹក និង​សេចក្តី​អាណិតអាសូរ​ជាទីបំផុត​។ លោកជំទាវ បានបញ្ជាក់​ថា​៖ ទុក្ខលំបាក​របស់​ប្រជាជន​គ្រប់រូប គឺជា​ក្តី​កង្វល់​របស់​ថ្នាក់ដឹកនាំ​ដែល​ត្រូវតែ​គិតគូរ និង​ស្វែងរក​ដំណោះស្រាយ​មួយ​ល្អប្រសើរ ជាក់ស្តែង​ដូច​ជា​ការ​នាំយក​អំណោយ​ជំនួយ​សង្គ្រោះ មក​ចែក​ជូន​ដល់​ប្រជាជន​រងគ្រោះ នាពេល​នេះ​ជាដើម ទោះបី​មិន​អាច​ជួយ​បាន​ទាំងស្រុង​ក៏ដោយ ក៏ប៉ុន្តែ​យើង​បាន​ចូលរួមចំណែក​ជួយ​ដោះស្រាយ​នូវ​ការខ្វះខាត​របស់​បងប្អូន​បាន​មួយ​ផ្នែក​ផងដែរ​។ ម្យ៉ាងទៀត​អំណោយ​ដែល​សាខា​បាន​នាំយក​មក​ឧបត្ថម្ភ​ជូន​បងប្អូន​នា​ឱកាស​នេះ គឺ​ពុំ​មាន​ការប្រកាន់​នូវ​ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ក្នុងឱកាស​នោះ​ដែរ លោកជំទាវ បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ចំពោះ​ករណី​គ្រោះ​អគ្គិភ័យ ពិសេស​រដូវ​នេះ អាកាសធាតុ​ក្ដៅ ការប្រើប្រាស់​ភ្លើងទៀន ភ្លើង​ធូប ចរន្តអគ្គិសនី​ជាដើម បើ​យើង​មានការ​ធ្វេស​ប្រហែល នោះ​វា​អាច​បង្ក​នូវ​គ្រោះ​អគ្គិភ័យ​ផ្សេងៗ ដែលនាំឱ្យ​មាន​ការឆាបឆេះ​ខូចខាត បាត់បង់​នូវ​ទ្រព្យសម្បត្តិ ទីជម្រក និង​សម្ភារ​ដ៏​មាន​តម្លៃ​របស់​យើង ពិសេស​ជីវិត​មនុស្ស និង​សត្វ​ផងដែរ​។
​លោកជំទាវ ក៏​បាន​លើកទឹកចិត្ត ដល់​ជនរងគ្រោះ ដែល​ត្រូវបាន​ភ្លើង​ឆាបឆេះ​ផ្ទះសម្បែង មិន​ត្រូវ​បាក់​ទឹកចិត្ត និង​អស់សង្ឃឹម​ឡើយ ត្រូវ​បន្ត​ខិតខំ​រកស៊ី​ចិញ្ចឹម​ជីវិត និង​គ្រួសារ​របស់​យើង​បន្ត​ទៀត​។

​អំណោយ​ដែល​សាខា​បាន​ចែក​ជូន​ជនរងគ្រោះ ទទួលបាន​៖ អង្ករ ៥០​គីឡូក្រាម ,​មី ១​កេស​, ទឹក​សុទ្ធ ១​កេស​, ត្រីខ ១​យួរ​, ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ​, កៅស៊ូ​តង់ ១​ផ្ទាំង​, ឃី​ត​សម្ភារ​ប្រើប្រាស់ ១​កញ្ចប់ ,​សម្ភារ​ផ្ទះបាយ ១​ឈុត និង​ថវិកា​១​លាន​រៀល​។​

​បន្ទាប់​មក​ប្រតិភូ​សាខា បន្ត​ចុះសួរសុខទុក្ខ​គ្រួសារ​ស្ត្រី​ក្រីក្រ​មេម៉ាយ​មាន​កូន​ច្រើន​ក្នុងបន្ទុក នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដោយ​បាន​ឧបត្ថម្ភ​៖ អង្ករ ៥០​គីឡូក្រាម ,​មី ១​កេស​, ត្រីខ ១​យួរ​, ទឹកត្រី ២​យួរ​, ស​ប៊ូ និង​ថវិកា​៤០​ម៉ឺន​រៀល​។​

Leave a Reply

Your email address will not be published. Required fields are marked *