- ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈ​ក្រសួង​ព័ត៌មាន ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ប្រកបដោយ​វិន័យ សីលធម៌ វិជ្ជាជីវៈ និង​ប្រសិទ្ធភាព ក្នុងនាម​ជា​ស្ថាប័ន​គ្រប់គ្រង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា

(​ភ្នំពេញ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា ការធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈ​នៅ​ក្រសួង​ព័ត៌មាន គឺជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ប្រសិទ្ធភាព និង​គុណភាព​របស់​ក្រសួង ស្ថាប័ន ស្រប​ទៅ​តាម​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ដឹកនាំ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ប្រកបដោយ​វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ប្រកប​ដោយ​សង្គតិភាព សមធម៌ ប្រសិទ្ធភាព និង​ចីរភាព នៅ​ក្នុង​នាម​ជា​សេនាធិការ​គ្រប់គ្រង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​។​

​គួរ​ឱ្យ​ដឹងថា នៅក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​េ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ ដែល​ជា​មូលដ្ឋាន​ដ៏​ចាំបាច់​បំផុត ក្នុង​ការកសាង​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ​ប្រកប​ដោយ​សមិទ្ធកម្ម មាន​ជវភាព និង​មាន​ភាព​ធន់​។

​ការអនុវត្ត​វិធានការ​គន្លឹះ​នេះ ក៏​ជា​បុរេ​លក្ខខណ្ឌ នៃ​ការសម្រេច​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដែល​ត្រូវបាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ថា​ក្នុង​រយៈពេល​២៥​ឆ្នាំ​ខាង​មុខ កម្ពុជា​ជា​សង្គម​ជាតិ​មួយ​ដ៏​រស់​រវើក ដោយ​មាន​រដ្ឋ​រឹងប៉ឹង មាន​អភិបាលកិច្ច​ល្អ និង​ស្ថាប័ន​រឹងមាំ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ហើយ​បម្រើ​ជាតិ និង​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ (Dynamics of Stakeholder System)​។​

​ការបញ្ជាក់​បែប​នេះ​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ ក្នុងឱកាស​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​សិក្ខាសាលា​ពិនិត្យ​ទ្បើង​វិញ​នូវ​វឌ្ឍនភាព​ការងារ​កំណែទម្រង់​ទាំង​៣ របស់​ក្រសួង​ព័ត៌មាន រួមមាន​៖ កំណែទម្រង់រដ្ឋបាល​សាធារណៈ​, កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង​កំណែ​ទម្រ​ង​ហិរញ្ញវត្ថុ​សាធារណៈ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងថា រដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ដោយ​បាន​ចាប់ផ្តើម​ពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ គឺ​ការធ្វើ​កំណែទម្រង់​ពិនិត្យ​ទៅលើ​ការវិភាគ​មុខងារ​របស់​ក្រសួង ស្ថាប័ន​។ ត្រង់​ចំណុច​នេះ​ក្រសួង​ព័ត៌មាន បាន​វិភាគ​មុខងារ​ទៅលើ​តួនាទី ភារកិច្ច សមត្ថកិច្ច​របស់​ក្រសួង​ខ្លួនឯង​រួចរាល់ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុង​ការងារ​បំពេញ​តួនាទី​ឱ្យ​កាន់តែ​សកម្ម ក្នុងនាម​ជា​សេស​នាធិកា​ររបស់​រាជរដ្ឋាភិបា​ល លើ​ការងារ​គ្រប់គ្រង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​បន្តថា ពាក់ព័ន្ធ​នឹង​ការធ្វើ​កំណែ​ទ្រង់ ក្រសួង​ព័ត៌មាន បាន​រក្សា​គោលការណ៍ គឺ​ការពង្រឹង​អគ្គនាយកដ្ឋាន​ដែលមាន​ស្រាប់ ដោយ​ជៀស​ជាង​ពង្រីក​។ ពោល​គឺ​បាន​ពង្រឹង​តួនាទី ភារកិច្ច​របស់​នាយកដ្ឋាន​ដែល​មាន​ស្រាប់ កែសម្រួល​នាយកដ្ឋាន​មួយចំនួន​ដែល​ជិត​អស់​តួនាទី ឱ្យ​ចូល​ក្នុង​នាយកដ្ឋាន​មួយទៀត ដើម្បី​ពង្រឹង​នូវ​តួនាទី ភារកិច្ច​នៅក្នុង​នាយកដ្ឋាន​ទាំងអស់នោះ​។

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​បន្ថែមថា សម្រាប់​ក្រសួង​ព័ត៌មាន បាន​ផ្តោត​ទៅលើ​សូចនាករ​ចំនួន​៥ ដែល​ត្រូវ​ធ្វើ​នៅពេល​នេះ​រហូត​ទៅ​ដល់​កម្ពុជា​ប្រទេស​កម្ពុជា សម្រេច​បាន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ សូចនាករ​ទី​១៖ ពាក់ព័ន្ធ​ការផ្លាស់​ការផ្សាយ​ទូរ​ស​ទស្សន៍​ពី​ប្រព័ន្ធ​អាណា​ឡូ​ក​ទៅ​ឌី​ជី​ថ​, ទី​២៖ ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន​, ទី​៣៖ ការបណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​សំដៅ​ទៅលើ​ការពង្រីក និង​ពង្រឹង​មូលធន​មន​ស្ស​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​, ទី​៤៖ ការប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ នៅក្នុង​ដំណាក់កាល​រីកចម្រើន​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដែល​ប្រឈមមុខ​ខ្លាំង​លើ​បញ្ហា​សន្តិសុខ​ព័ត៌មាន របស់​ប្រជាពលរដ្ឋ និង​ទី​៥៖ ការកសាង​មូលដ្ឋាន​គតិយុត្ត និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា ការដាកចេញ​នូវ​សូក​ចនាក​រទាំង​៥​នេះ របស់​ក្រសួង​ព័ត៌មាន ដែល​ស្រប​នឹង​ការអនុវត្ត​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ទម្រង់​ទិស​ការងារ​របស់​ខ្លួន លើ​ការងារ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​កិច្ចការ​ព័ត៌មាន និង​សោតទស្សន៍ ការផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ ការងារ​រដ្ឋបាល​ទូទៅ ក៏ដូចជា​ការផ្តល់​សេវា​គាំទ្រ​លើកកម្ពស់​វិស័យ​ព័ត៌មាន នៅ​ថ្នាក់ក្រោម​ជាតិ​ផង​ដែរ​។​

​ទន្ទឹមនឹងនេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​គូសបញ្ជាក់ថា សម្រាប់​ការធ្វើកំណែទម្រង់​របស់​ក្រសួង​ព័ត៌មាន មិនមែន​ផ្តោត​ត​ទៅ​លើ​ការដឹកនាំ ការគ្រប់គ្រង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នោះទេ ប៉ុន្តែ ក៏​ត្រូវ​ដើរតួនាទី​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការគ្រប់គ្រង​ព័ត៌មាន និង​សាធារណមតិ របស់​ជាតិ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា នៅពេល​ដែល​ថ្នាក់ដឹកនាំ​ក្រសួង បាន​ក្តាប់ជាប់​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ច្បាស់​ណាស់​នឹង​ធ្វើឱ្យ​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ព័ត៌មាន ដំណើរការ​ដោយ​រលូន ស័ក្តិសម​ជា​ក្រសួង​ដែល​ទទួលខុសត្រូវ​លើ​មុខងារ​គាំទ្រ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ជាពិសេស​នៅក្នុង​ដំណាក់កាល​រី​កម្រើន​ផ្នែក​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដែល​ត្រូវ​ទាមទារ​ឱ្យ​ក្រសួង​ស្ថាប័ន​ទាំងអស់ ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ត្រូវ​ធ្វើការ​កំណែទម្រង់ និង​ពង្រឹង​សមត្ថភាព​របស់​មន្ត្រី ជៀស​ជាង​ពង្រីក​មុខងារ​ជា​ដើម​៕​

Leave a Reply

Your email address will not be published. Required fields are marked *