- ព័ត៌មានជាតិ

​ថ្នាក់ដឹកនាំ​ខេត្ត​កណ្តាល អំពាវនាវ​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ទាក់ទង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ និង​ត្រូវ​គាំទ្រ​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ដោះស្រាយ​បញ្ហា​នេះ​បាន​

ខេត្ត​កណ្តាល​៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើ​ការអំពាវនាវ ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​តាមដាន​ព័ត៌មាន និង​គោលការណ៍​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ ទាក់ទង​ទៅ​និង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នៅ​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​៣ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​គាំទ្រ និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​បាន​។ ជាពិសេស សូម​ជួយ​ផ្ដល់​ការគាំទ្រ​ទៅ​ដល់​កងទ័ព​ជួរមុខ​របស់​យើង​ទាំង​សម្ភារៈ ថវិកា និង​ស្មារតី​ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​។​

​ការពារ​វ​នាវ​នេះ​ធ្វើឡើង ក្នុងឱកាស​ដែល​ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង​ក្រុង​តាខ្មៅ ដែល​បាន​រៀបចំ​ឡើង​នៅ​សាលាក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម​អភិ​បាក​ខេត្ត បាន​ជំរុញ និង​លើកទឹកចិត្ត ទៅ​ដល់​អាជ្ញាធរ​ក្រុង​តាខ្មៅ ត្រូវតែ​បន្ត​យកចិត្តទុកដាក់ និង​មាន​វិធានការ​តឹងរឹង ដើម្បី​បង្ក្រាប​ទៅលើ​បញ្ហា​ក្មេង​ទំនើង បញ្ហា​គ្រឿងញៀន បញ្ហា​ចរាចរណ៍ និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ អាជ្ញាធរ​ក្រុង​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់​ធ្លាប់​សាធារណៈ ក្រុង​ឱ្យ​កាន់តែ​មាន​សោភ័ណ្ឌភាព និង​មាន​របៀបរៀបរយ​។ អាជ្ញាធរ​ក្រុង​ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ឱ្យ​អស់​នូវ​រាល់ ការសាងសង់​សំណង់​មិន​រៀបរយ គ្មាន​សណ្តាបធ្នាប់ លើ​ចិញ្ចើម​ផ្លូវ ត្រូវ​ទប់ស្កាត់​កុំឱ្យ​មាន​ការសាងសង់​ថ្មី​។​

​ចំពោះ​បញ្ហា​អនាម័យ​បរិស្ថាន ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​តាខ្មៅ ត្រូវខិតខំ​លើ​ការងារ​ប្រមូល​សំរាម​ឱ្យអស់​ពី​ក្នុង​ក្រុង ត្រូវ​ធ្វើ​វេទិកា​ជាមួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​និង​ការកំណត់​តម្លៃ ក្នុង​ការ​យក​សេវា​ស​សំរាម ដោយ​មិន​ត្រូវ​យក​ការងារ​ប្រមូល​សំរាម​ធ្វើ​អាជីវកម្ម​នោះ​ឡើយ មានន័យ​ថា​ការប្រមូល​សេវា​សំរាម​នេះ គឺ​ក្នុង​គោលដៅ​ដើម្បី​ជួយ​ផ្ដល់​លទ្ធភាព​ដល់​ក្រុង អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការប្រមូល​សំរាម​បាន​ល្អប្រសើរ​តែប៉ុណ្ណោះ ហើយ​មន្ត្រីរាជការ​ត្រូវតែ​ធ្វើជា​គំរូ​ក្នុង​ការផ្ដល់​សេវា​សំរាម​នេះ​មុន​ប្រជាពលរដ្ឋ​។

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​ការ​ចូល​កាន់​មុខ​តំណែង​អភិបាលរងក្រុង​ថ្មី ព្រមទាំង​បាន​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា និង​គណៈ​អភិបាលក្រុង ត្រូវ​គាំទ្រ​ដល់​អភិបាលរង​ក្រុង​ថ្មី ព្រមទាំង​បាន​ជំរុញ​ដល់​លោក​អភិបាលរង​ក្រុង ដែល​ទើប​ចូលកាន់​មុខ​តំណែង ត្រូវ​មាន​ភាពស្មោះត្រង់​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​ថ្នាក់លើ​ជាពិសេស​ជាមួយ​រាជរដ្ឋាភិបាល បន្ថែម​ពី​នេះ​ត្រូវ​ស្វែងយល់​អំពី​ច្បាប់​នានា ត្រូវ​រៀនសូត្រ​ពី​ការងារ​ជាក់ស្ដែង រៀនសូត្រ​ពី​ចាស់ទុំ​ដើម្បី​ធ្វើឱ្យ​ការងារ​ទទួលបាន​ជោគជ័យ​កាន់តែ​ប្រសើ​ឡើង​។​

​សូមជម្រាបថា លោក ពៅ គឹម​លី អភិបាលរង ស្រុក​កៀនស្វាយ និង លោក ហេង គឹម​ហៀ​ង អភិបាលរង​ស្រុក​ពញាឮ ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច​ឱ្យ​ចូល​កាន់​មុខតំណែង​ជា​អភិបាលរង​ក្រុង​តាខ្មៅ​។​

Leave a Reply

Your email address will not be published. Required fields are marked *