ក្រុងក្រចេះ៖ កាលពីល្ងាចថ្ងៃអាទិត្យទី០៨ ខែមិថុនា ឆ្នាំ២០២៥ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិកំពង់-ក ឃុំកំពង់-ក ស្រុកព្រែកប្រសព្វ បានរាយការណ៍មកកាន់ សារព័ត៌មាន ថា ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយ ដែលមានម្ចាស់ឈ្មោះ ផល្លី កំពុងបើកអាជីវកម្មល្បែងភ្នាល់ជល់មាន់ និងចាក់អាប៉ោងបានយ៉ាងរលូន ដោយមិនបង្កការរំខានដល់អាជ្ញាធរមូលដ្ឋានឡើយ ខណៈសង្វៀនភ្នាល់ល្បែងដ៏ធំមួយនេះបើកអាជីវកម្មជាយូរយាមកហើយ…។
បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងនេះ មានលេងអាប៉ោងចំនួន២វង់ និងសង្វៀនមាន់ជល់មួយ។
អ្នកវក់វីនឹងល្បែងភ្នាល់មកពីភូមិស្រុកផ្សេងៗបាននាំគ្នាមកលេងល្បែងភ្នាល់នេះយ៉ាងណាន់ណែនតាន់តាប់ជារៀងរាល់ថ្ងៃ ដោយម្ចាស់ទីតាំងខាងលើប្រមូលលុយចូលហោប៉ៅពីការយកថ្លៃឈ្នួល ឬហៅម្យ៉ាងទៀតថា (យកតុង) រាប់សែនរៀលក្នុងមួយថ្ងៃៗ ដោយមិនមានអាជ្ញាធរណាចុះមកបង្ក្រាបទេ ដ្បិតថា ម្ចាស់សង្វៀនមាន់ជល់នេះមានខ្នងក្រាស និងបានបង់លុយប្រចាំខែទៅដល់មន្ត្រីខិលខូចមួយចំនួន រាប់ចាប់ពីមន្ត្រីប៉ុស្តិ៍នគរបាលដល់មន្ត្រីអធិការដ្ឋាននគរបានស្រុកឯណោះ ទើបបានជាបើកបានរលូនយ៉ាងនេះ។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើបានសំណូមពរដល់លោកវរសេនីយ៍ឯក ចន្ទ សុផល្លា អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ មេត្តាពិនិត្យមើលកូនចៅក្រោមឱវាទដែលមិនអើរពើរនឹងការចុំបង្ក្រាបរបស់មេខ្លោងបើកល្បែងភ្នាល់ឈ្មោះ ផល្លី នេះផង ព្រោះបើបណ្តោយឱ្យមានការប្រព្រឹត្តិបទល្មើសបើកល្បែងស៊ីសងនៅក្នុងមូលដ្ឋានបែបនេះ គឺមិនល្អទេ ហើយវាក៏ប៉ះពាល់ធ្ងន់ធ្ងរដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ ឬមួយក៏ដូចពាក្យសេកពាក្យសត្វពោលថា បានជាមេៗធ្វើមិនដឹងមិនឮបណ្តោយឱ្យកូនចៅខិលខូចលួចប្រព្រឹត្តិបទល្មើសតាមរយៈការគប់គិតជាមួយម្ចាស់សង្វៀនមាន់ជល់ ក៏ព្រោះតែមេៗទទួលបានលាភសក្ការនៃការប្រព្រឹត្តអំពើពុករលួយនោះដូចគ្នាដែរ៕







