- ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ការចុះ «​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា​និង​សន្តិភាព​» ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​តេជោ ហ៊ុន សែន​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ការចុះ «​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា​និង​សន្តិភាព​» ដែល​រួមមាន អតីត​មន្ទីរឃុំឃាំង ម​-១៣ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍ ជើងឯក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ផ្តល់​យោបល់ និង​បាន​ណែនាំ​កាលពី ឆ្នាំ​២០១៩ ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​លទ្ធភាព​បញ្ចូល​ទីតាំង​សារមន្ទីរ ទួលស្លែង ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ដើម្បី​បន្សល់​ទុក​ជា​កេរ​មរតក​ប្រវត្តិសាស្ត្រ នៃ​ការចងចាំ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​រាប់ពាន់​ឆ្នាំ​ត​ទៅ​មុខ​។​

​ក្នុង​ពិធី​អបអរសាទរ​ព្រឹត្តិការណ៍​នៃ​ការដាក់បញ្ចូល «​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រារព្ធ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាមរយៈ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អ្នកជំនាញ​ជាតិ អន្តរជាតិ និង​អង្គការ​យូណេស្កូ ដើម្បី​សិក្សា ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​បច្ចេកទេស ទៅតាម​នីតិវិធី​នៃ​ក្រម​ប្រតិបត្តិ​របស់​អនុសញ្ញា​ឆ្នាំ​១៩៧២ ព្រមទាំង​ទទួលបាន​នូវ​ការទទួលស្គាល់​អំពី​តម្លៃ​លេចធ្លោ​ជា​សកល​របស់​ទីតាំង​ទាំងបី ពី​សំណាក់​អ្នកជំនាញការ​អន្តរជាតិ (ICOMOS) ដោយ​រួមទាំង​ការវាយតម្លៃ​និង​ការផ្តល់​យោបល់​គាំទ្រ​ដល់​ការដាក់បញ្ចូល​ជា​បេតិកភណ្ឌ ពិភពលោក​នូវ​ទីតាំង​ទាំងបី​នេះ​ផងដែរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា ការចុះ “​បូជនីយដ្ឋាន ចងចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា​និង​សន្តិភាព​” ជា​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​នេះ គឺជា​អំណោយ​យ៉ាង​អស្ចារ្យ​មួយ​របស់​កម្ពុជា ជូន​ដល់​មនុស្សជាតិ​ទូទាំង​ពិភពលោក​នូវ​គំរូ​នៃ​ការចងចាំ ការផ្សះផ្សា​ជាតិ ការស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ ការអប់រំ ការកសាង និង​ការការពារ​សន្តិភាព​។ មហា​សមិទ្ធផល​នេះ គឺជា​កិត្យានុភាព​ដ៏​ខ្ពស់ត្រដែត​ថ្មី​មួយទៀត​របស់​ជាតិ​យើង​លើ​ឆាក​អន្តរជាតិ ដែល កើតចេញពី​ការបន្ត​វេន​នៃ​វីរជន​ខ្មែរ​ជំនាន់​ក្រោយៗ ស្មារតី​សាមគ្គី​រួបរួម​ជាតិ -​ខ្មែរ​តែ​មួយ​» ក្រោម​ម្លប់​នៃ​សុខសន្តិភាព ដែល​ជា​មូលដ្ឋាន​នៃ​ការកសាង​និង​ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ រួម​ទាំង​ការអភិរក្ស ការអភិវឌ្ឍ​សម្បត្តិ​វប្បធម៌ និង​ការការពារ​សច្ចភាព​ប្រវត្តិសាស្ត្រ​របស់​ជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *