- ព័ត៌មានជាតិ

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ដែល​សកម្ម​ក្នុង​ការ​ឆបោក តាម​រូបភាព​ផ្សព្វផ្សាយ​ផ្តល់​សេវា​អ្នកបំរើ​តាម​ផ្ទះ​តាមរយៈ ផេ​ក សេវាកម្ម​ស្ត្រី​មេផ្ទះ Easy-Maid​

យោងតាម​បទបញ្ជា​របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការចង្អុល​ណែនាំ​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាលជាតិ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​០១​រូប ឈ្មោះ ឃ​.​ឡ អាយុ​៣៨​ឆ្នាំ ដែល​ជា​ម្ចាស់ផេក​ហ្វេស​ប៊ុក និង តេ​ឡេ​ក្រាម ឈ្មោះ «​សេវាកម្ម​ស្ត្រី​មេផ្ទះ Easy-Maid»​។ យោង​តាម​ការទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ នាយកដ្ឋាន​បានទទួល​ពាក្យបណ្តឹង​លើ​ករណី​នេះ​ជាង​៣០​បណ្តឹង ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ប៉ុន្តែ​តាមរយៈ​ការស្រាវជ្រាវ ជំនាញ​កំណត់​បាន​ថា ជនសង្ស័យ​រូបនេះ​បានធ្វើការ​ឆបោក​ជន​រងគ្រោះ​ជាងរ​យ​នាក់ និង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ​តាំងពី​ឆ្នាំ​២០២២​មក​ម្លេះ​។​

​តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ខ្លួន​ពិតជា​អ្នកផ្តើមគំនិត​បង្កើតផេ​ក​នេះ​ដើម្បីឆ​បោក​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ដោយ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ផ្ដល់​សេវាកម្ម​អ្នក​បំរើ​តាម​ផ្ទះ​ដល់​ក្រុមគ្រួសារ​ដែល​មាន​តម្រូវការ​អ្នកបម្រើ​តាម​ផ្ទះ ដោយ​តម្រូវ​ឲ្យ​ជនរងគ្រោះប​ង់​ប្រាក់​សេវាកម្ម​មុន ទើប​បញ្ជូន​បុគ្គលិក​ទៅ​ធ្វើការ​នៅ​តាម​ផ្ទះ​តាម​ក្រោយ ដោយ​ម្តងៗ​ទទួលបាន​ប្រាក់​ចន្លោះ ៣០០ ទៅ ២,០០០​ដុល្លារ​។ លើសពី​នេះ​ជនសង្ស័យ​ខាងលើ​ក៍​បាន​ឆបោក បងប្អូន​ប្រជាពលរដ្ឋ​ដែល​រត់​ម៉ូតូ​កង់​បី ផា​ស់អាប់ អោយជួយ​ទទួល​ប្រាក់​តាមរយៈ QR ធនាគារ​ជំនួស​រូបគេ និង​បាន​ឱ្យ​ពួក​គាត់​ផ្ទេរ​តាមរយៈ​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​មក​ឱ្យ​គេ​វិញ​។

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​នាយកដ្ឋាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តែងតែ​ក្រើនរំលឹក ដល់​ប្រជាពលរដ្ឋ​ថា វិស័យ​បច្ចេកវិទ្យា​មាន​ការរីកចម្រើន បាន​សម្រួល​កិច្ចការ​ប្រចាំថ្ងៃ និង​ការផ្តល់​សេវាកម្ម​មួយចំនួន​មាន​ភាពងាយស្រួល ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ជនល្មើស​តែងតែ​បន្លំ​ខ្លួន និង​ឆ្លៀតឱកាស​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ​ដើម្បី​ឆបោក​ប្រជាពលរដ្ឋ​ទូទៅ និង​សូម​ក្រើនរំលឹក​បន្ថែម​ដល់​សាធារណ​ជន​ទាំង​អស់ ប្រុងប្រយ័ត្ន និង​បញ្ឈប់​ការទទួល​ប្រាក់​ជំនួស​អ្នកដទៃ ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ ជៀសវាង​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ដោយ​ប្រការ​ណាមួយ​។​

Leave a Reply

Your email address will not be published. Required fields are marked *