- ព័ត៌មានជាតិ

ក្រោយ​ផ្ទុះ​រឿង​អាស្រូ​​វ​ដីឡូតិ៍ លោក ជឿន សា​រួន អធិការរង​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​ស្នើ​បណ្ដេញចេញ​ពី ក្របខ័ណ្ឌ​នគរបាល​ជាតិ​!

(​ភ្នំពេញ​)៖ លោក​វរសេនីយ៍ទោ ជឿន សា​រួន អធិការរង​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​ស្នើ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​ក្រោយ​ល្មើស​វិន័យ ពាក់ព័ន្ធ​លក់​ដី​ឡូត៍​ខ្យល់ រហូត​ពលរដ្ឋ ជា​អតិថិជន​នាំ​គ្នា​ផ្ទុះ​ការតវ៉ា​.​។​

-​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ បាន​ស្នើ​សុំ​គោលការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អនុវត្ត​ទណ្ឌកម្ម​វិន័យ​ចំពោះ លោក​វរសេនីយ៍ទោ ជឿន សា​រួន អធិការរង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ចេញពី​ក្របខ័ណ្ឌ ក្រោយ​មន្ដ្រី​រូប​នេះ​ពាក់ព័ន្ធ​ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ និង​ពាក់ព័ន្ធ​បញ្ហា​ទិញ​ដីឡូត៍​ខ្យល់​។​

​យោងតាម​ការប្រកាសរ​បស់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៥​បានឱ្យដឹងថា កាលពី​ពេល​ថ្មីៗ​នេះ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​បាន​ផ្សព្វផ្សាយ​ថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ធ្វើ​ការតវ៉ា ពាក់ព័ន្ធ​បញ្ហា​ទិញ​ដី​ឡូត៍​ពី​លោក ជឿន សា​រួន​អធិការរង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ស្ថិតនៅ​ភូមិ​ថ្មី​ជង្រុក ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ក្រោយ​បង់លុយ​រួចហើយ និង​កំពុង​បង់លុយ​បន្ត​តែ​មិន​ទទួលបាន​ដី ហើយ​នឹង​ប្លង់​ដែល​អធិការរង​ខណ្ឌ​ព្រែក​ព្នៅ បាន​រត់គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​បាត់​ហើយ​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា លោក​វរសេនីយ៍ទោ ជឿន សា​រួន អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ អត្តលេខ​៨៣៨១២ គឺ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧​ខែកក្កដា​ឆ្នាំ​២០២៥ បាន​ស្នើ​សុំ​គោលការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អនុវត្ត​ទណ្ឌកម្ម​វិន័យ​ក្រោមរូបភាព​បណ្តេញចេញ​ពី​ក្របខ័ណ្ឌ​នគរបាលជាតិ​ពាក់ព័ន្ធ​នឹង​មន្ត្រី​រូប​នេះ​បាន​ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ​អវត្តមាន​បាត់​មុខ​គ្មាន​មូលហេតុ​ដោយ​មិន​បាន​មក​បំពេញ​ភារកិច្ច​នៅ​អង្គភាព​ជាច្រើន​ថ្ងៃ មកហើយ មិន​ទទួលខុស​ត្រ​វ​ចំពោះ​តួនាទី​ភារកិច្ច​ជា​នគរបាលជាតិ​។​
​ដូចនេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​ក្រុមប្រឹក្សាវិន័យ​ហើយ​បានសម្រេច​សុំ​គោលការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដើម្បី​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាលជាតិ​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា ករណី​អធិការរង​ខណ្ឌ​ព្រែក​ព្នៅ លោក​វរសេនីយ៍ទោ ជឿន សា​រួន ដែល​បាន​ធ្វើ​សកម្មភាព​បង្កបញ្ហា​ពាក់ព័ន្ធ​និង​រឿងរ៉ាវ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ជា​រឿង​បុគ្គល មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ និង​អង្គភាព​នោះឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *