- ព័ត៌មានជាតិ

សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីលទ្ធផលដ៏ត្រចះត្រចង់នៃជំនួបជាមួយ ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី​ នៃព្រះរាជាណាចក្រថៃ

ជា​លទ្ធផល​ដ៏​ត្រចះត្រចង់​ពី​ជំនួប​រវាង​ខ្ញុំ និង​ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​ព្រះរាជាណាចក្រ​ថៃ ដោយ​ភាគី​ទាំង​ពីរ​កម្ពុជា​-​ថៃ​បាន​ឯកភាព​គ្នា​ដូច​ខាងក្រោម​៖

1. បទ​ឈប់​បាញ់​បន្ទាន់ ឥត​លក្ខខណ្ឌ ដែល​នឹង​ចូល​ជា​ធរមាន​នៅវេលា​ម៉ោង​24:00 ថ្ងៃទី​28 ខែកក្កដា ឆ្នាំ​2025​។ នេះ​ជា​ជំហាន​ដ៏​សំខាន់ ឆ្ពោះ​ទៅ​ការបន្ថយ​ការតានតឹង នឹង​ការស្តារ​ឡេីង​វិញ​នៅ​សន្តិភាព និង​សន្តិសុខ​។

2. រៀបចំ​កិច្ចប្រជុំ​ក្រៅផ្លូវការ​ថ្នាក់​មេបញ្ជាការ​យោធភូមិ​ភាគ (​ភាគី​ថៃ យោធភូមិភាគ​ទី​1 និង​ទី​2 និង​ភាគី​កម្ពុជា​យោធភូមិភាគ​ទី​4 និង​ទី​5) នៅវេលា​ម៉ោង​0700 ថ្ងៃទី​29 ខែកក្កដា ឆ្នាំ​2025 និង​បន្ត​រៀបចំ​កិច្ចប្រជុំ​ជាមួយ​បណ្តា​សេនានុព័ន្ធ និង​អនុព័ន្ធយោធា ដឹកនាំ​ដោយ​ប្រធាន​អាស៊ាន បេីមាន​ការឯកភាព​ពី​ភាគី​ទាំងពីរ និង

3. រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​4 ខែ​សីហា ឆ្នាំ​2025 ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

​ខ្ញុំ​សូម​អរគុណ​ឯកឧត្តម​នាយករដ្ឋមន្ត្រី Anwar Ibrahim ដែល​បាន​ផ្តួចផ្តើម​គំនិត​សម្របសម្រួល​អោយ​មាន​កិច្ចប្រជុំ និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ខ្ញុំ​ក៏​សូម​អរគុណ​ឯកឧត្តម​ប្រធានាធិបតី Donald Trump ដែល​បាន​ផ្តល់​ការគាំទ្រ​ដល់​ដំណើរ​ការចរចា​រក​ការឈប់​បាញ់​ភ្លាម​ដើម្បី​កសាង​សន្តិភាព តាមរយៈ​សហរដ្ឋអាមេរិក​ធ្វើ​ជា​សហ​អ្នករៀបចំ​នៃ​ជំនួប​ថ្ងៃនេះ​។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​រដ្ឋាភិបាល​ចិន​ដែល​តែងតែ​គាំទ្រ​លើកទឹកចិត្ត​អោយ​ភាគី​ទាំងពីរ​ស្វែងរក​ការឈប់​បាញ់​និង​ចូលរួម​យ៉ាង​សកម្ម​គាំទ្រ​ដល់​ជំនួប​ពិសេស​នេះ​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *