- ព័ត៌មានជាតិ

ពិធី​បំពាក់​ឋានន្តរស័ក្តិ​ប​ច្ឆាមរណៈ​កិត្តិយស និង​គោរព​វិញ្ញាណក្ខន្ធ​សព ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​៧ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ប្រយុទ្ធ​លើ​សមរភូមិ​ជា​មួយ​ចោ​សៀម​ឈ្លានពាន ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​

ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្ត​កដា​ឆ្នាំ​២០២៥ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​កងទ័ព​ជាច្រើ​រូប​បាន​អញ្ជើញ បំពាក់​ឋានន្តរសក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក ជា​កិច្ច​ប​ច្ឆាមរណៈ និង​បំពាក់​គ្រឿង​ឥសរិយ​ស​មេដៃ​ការពារ​ជាតិ​ថ្នាក់​មាស​ជូន​សព ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​៧ កងពល​ធំ អន្តរាគមន៍​លេខ​៣ កងទ័ពជើងគោក​ដែល​បាន​ពលី​ជីវិត​កាលពី​ថ្ងៃ​សៅរ៍ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៣:១០​នាទី​រសៀល ក្នុង​ជន្មាយុ ៦៧​ឆ្នាំ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ប្រយុទ្ធ​លើ​សមរភូមិ​ជាមួយ​ចោ​សៀម​ឈ្លានពាន ដើម្បី​ការពារ​បូរណភាព​ទឹកដី​ព្រះរាជា ណា​ចក្រ​កម្ពុជា ។​

​អញ្ជើញ បំពាក់​ឋានន្តរសក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក ជា​កិច្ច​ប​ច្ឆាមរណៈ និង​បំពាក់​គ្រឿង​ឥសរិយ​ស​មេដៃ​ការពារ​ជាតិ​ថ្នាក់​មាស​ជូន​សព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ធ្វើឡើង​នៅ​ទីតាំង​តម្កល់​សព​ធ្វើបុណ្យ ទក្ខិណានុប្បទាន​នៅ​វត្ត​និរោធ​រង្សី សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ស្ថិត​ក្នុង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បាន​ចារ្យ​លើ​លិខិត​រំលែកទុក្ខ ជូន​គ្រួសារ​នៃ​សព​។​

​ថ្នាក់ដឹកនាំ នាយទាហាន នាយ​-​ទាហាន​រង និង​ពលទាហាន ក៏​ដូច​គណៈប្រតិភូ​តាម​បណ្ដា​ស្ថាប័ន​ទាំងអស់​របស់​រដ្ឋ ដែល​បាន​អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​៧ បាន​សម្តែង​នូវ​សមានចិត្ត​ដ៏​ក្តុកក្តួល​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ទាំងមូល ដោយ​សេចក្តី​សង្វេគ​ជាទីបំផុត​។

​មរណភាព​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក​ដួង​សំនៀង មិន​ត្រឹមតែ​ជា​ការបាត់បង់​នូវ​ឪពុក ឪពុកក្មេក ជីតា​ជាទីគោរព​ស្រលាញ់​ដ៏​ជ្រាលជ្រៅ និង​ប្រកបដោយ​ព្រហ្មវិហារ​ធម៌​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ បាត់បង់​នាយទាហានជាន់ខ្ពស់​ដ៏​ឆ្នើម​មួយរូប របស់​កម្ពុជា ដែល​បាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ប្រកប​ដោយ​ឆន្ទៈ​មនសិការ​ដ៏​មោះមុត ក្នុង​បុព្វ ហេតុ​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​បាន​ការពារ​បូរណភាព​ទឹកដី​ជា​រៀង​រហូត​មក​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ នាយទាហាន នាយ​-​ទាហាន​រង និង​ពលទាហាន ក៏​ដូច​គណៈប្រតិភូ​តាម​បណ្ដា​ស្ថាប័ន​ទាំងអស់​របស់រ​ដ្ខ បាន​បួងសួង ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​តេជះ​បារមី​នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូម​តាម​បីបាច់​ថែរក្សា​ដល់​ដួង​វិញ្ញាណក្ខន្ធ របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក​ដួង​សំនៀង​សូម​បានដ​ល់​ឋាន​បរមសុខ ក្នុង សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សព​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង​តម្កល់​ធ្វើបុណ្យ ទក្ខិណានុប្បទាន​នៅ​វត្ត​និរោធ​រង្សី សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រហូត​ដល់​ថ្ងៃ​ទី​៣០​ខែកក្កដា​៕

Leave a Reply

Your email address will not be published. Required fields are marked *