- ព័ត៌មានជាតិ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ថ្លែងអំណរគុណ​ដល់​ប្រទេសន័​រ​វេស្ស ផ្តល់​ថវិកា​ចំនួន ១២​លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​វិស័យ​សកម្មភាព​មីន​រយៈពេល ០៣​ឆ្នាំ ២០២៥-២០២៧

ភ្នំពេញ : ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ក្នុង​ជំនួប​ជាមួយ លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូត​ន័រ​វេស្ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន តាងនាម​ឱ្យ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេសន័​រ​វេស្ស ដែល​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា និង​ផ្តល់​ថវិកា​ចំនួន ១២ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ០៣​ឆ្នាំ ២០២៥-២០២៧​។

​ឯកឧត្តម លី ធុជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​របស់​ប្រទេសន័​រ​វេស្ស និង​ចាត់​ទុក​ប្រទេសន័​រ​វេស្ស មិន​ត្រឹម​ជា​អ្នកផ្តល់​ជំនួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ដៃគូ​ពិត​របស់​កម្ពុជា​អស់​រយៈពេល​ជាង ៣​ទសវត្សរ៍ ហើយ​បាននិងកំពុង​ឈរ​ជាមួយ​កម្ពុជា​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម រួមមាន​ទាំង​ការ​បោសសម្អាត​មីន ការគ្រប់គ្រង​ទិន្នន័យ ការកសាង​សមត្ថភាព និង​ការសិក្សា​ស្រាវជ្រាវ ជាដើម និង​ជួយ​គាំទ្រ​កម្ពុជា​ធ្វើជា​ប្រធាន​និង​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​សមិទ្ធផល​សម្រេចបាន និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដោយ​ផ្ទៃដី​រាប់​ម៉ឺន​ហិកតា​ត្រូវ​រំដោះ​ចេញពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​មាន​ការរួមចំណែក​គាំទ្រ​ពី​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​បោសសម្អាត​មីន និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​នោះ​ប្រទេសន័​រ​វេស្ស គឺជា​ដៃគូ​លេចធ្លោ​មួយ​យ៉ាងសំខាន់​។​

​ជាងនេះទៅទៀត ឯ​កត្តម​បណ្ឌិត លី ធុជ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ចក្ខុវិស័យ​ដឹកនាំ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ឆ្ពោះទៅ​រក​កម្ពុជា​គ្មាន​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ សម្តេច​ធិបតី តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ចាត់​ទុក​វិស័យ​សកម្មភាព​មីន ជា​បេះដូង​នៃ​ការអភិវឌ្ឍ និង​កិច្ចការ​មនុស្សធម៌​របស់​កម្ពុជា​។ ឯកឧត្តម លី ធុជ បញ្ជាក់ទៀតថា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ សម្តេច​ធិបតី ចង់​ឱ្យ​តំបន់​ព្រំដែន​ក្លាយជា​តំបន់​សន្តិភាព​។​

​លោកជំទាវ Astrid Emilie Helle បាន​ថ្លែងអំណរគុណ​ចំពោះ​ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​សម្រេចបាន​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ក៏ដូចជា​ភាពជោគជ័យ​ក្នុង​ភាព​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន នៃ​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤​។ លោកជំទាវ​ឯកអគ្គរាជទូត បាន​គូសបញ្ជាក់ថា ប្រទេសន័​រ​វេស្ស នឹង​បន្ត​គាំទ្រ​ដល់​សកម្មភាព​មីន​នៅ​កម្ពុជា រហូត​ដល់​កម្ពុជា​អាច​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន គឺ​គ្មាន​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​ជាមួយគ្នា​នោះ លោកជំទាវ Astrid Emilie Helle បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ផល​លំបាក​ដែល​កើតមានឡើង​ក្នុង​ការប៉ះទង្គិច​គ្នា​រវាង​កម្ពុជា​-​ថៃ កន្លងទៅនេះ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ របួស និង​មាន​ជនភៀសសឹក​រាប់ម៉ឺន​គ្រួសារ​ត្រូវ​ចាកចេញ​ពី​លំនៅដ្ឋាន ព្រមទាំង​ជូនពរ​ឱ្យ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ទទួល​បាន​សន្តិភាព​។​

Leave a Reply

Your email address will not be published. Required fields are marked *