កំពង់ស្ពឺ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥–មន្ទីរពាណិជ្ជកម្មខេត្ត រៀបចំវេទិកាសន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃ ផលិតផលស្រូវប្រណីត ក្រោមអធិបតីភាព លោក លឹម ចន្ទសុភក្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រសួងពាណិជ្ជកម្ម និង លោក ញឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធានគម្រោង AIMS-AF ថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រី របស់ការិយាល័យគ្រប់គ្រងគម្រោងAIMS-AF ទទួលបន្ទុកខេត្តកំពង់ស្ពឺ មន្ត្រី បុគ្គលិក ទីប្រឹក្សា ដៃគូបច្ចេកទេស តួអង្គក្នុងខ្សែច្រវាក់តម្លៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។
វេទិការៀបចំឡើងនាពេលនេះគឺដើម្បីកៀរគរ និងសម្របសម្រួល និងស្វែងរកឱកាសសម្រាប់កិច្ចសហការ ជុំវិញការអភិវឌ្ឍទីផ្សារស្រូវប្រណីត នឹងបង្កើតបណ្តាញនាពេលអនាគតរវាងពាណិជ្ជករ និងពាណិជ្ជករ និងការកសាងទំនាក់ទំនងរវាងពាណិជ្ជករ និងក្រុមកសិករផលិត។ ក្រុមការងារគម្រោងរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ត្រូវបានចុះត្រួតពិនិត្យ និងកៀរគរកសិករថ្មីដែលមានសក្តានុពល ដើម្បីបង្កើតក្រុមកសិករផលិតផលប្រណិតចេញពីសមាជិកក្រុមផលិតចាស់ និងស្វែងរកកសិករថ្មីដែលបានផលិតនូវផលិតផលបន្លែសុវត្ថិភាព មាន់ខ្មែរ និងស្រូវប្រណីតស្ថិតនៅតំបន់គោលដៅចាស់ និងថ្មី ក្នុងគោលបំណងសម្របសម្រួលបង្កើតចង្កោមអាជីវកម្មចំនួន ៣៨ ក្នុងនោះ មាន បន្លែសុវត្ថិភាព ៧ចង្កោម មាន មាន់ខ្មែរ ៦ចង្កោម និងស្រូវ ប្រណីត ២៥ ចង្កោម ដើម្បីងាយស្រួលក្នុងការគាំទ្រ និងផ្តល់កិច្ចអន្តរាគមន៍នានារបស់គម្រោងដល់កសិករខ្នាតតូចទាំងនោះ។
ដើម្បីឆ្លើយតបនឹងគោលបំណងខាងលើ លោកបានអញ្ជើញឈ្មួញក្រុមហ៊ុនធំៗ ចំនួន៤និងឈ្មួញប្រមូលទិញស្រូវក្នុងតំបន់របស់គម្រោងអេមស៍ដែលមានសក្តានុពលចំនួន១២ បានជួបពិភាក្សាគ្នាបង្ហាញបរិមាណដែលជាតម្រូវការ និងលទ្ធភាពនៃការផ្គត់ផ្គង់ស្រូវប្រណីត ចចារតម្លៃមធ្យោបាយដឹកជញ្ជូន និងការទូទាត់ និងឈានដល់ការចុះកិច្ចសន្យាទិញ លក់ នាពេលនេះ ឬក្នុងពេលសមស្របណាមួយនៅថ្ងៃក្រោយ។លោកជឿជាក់ថាឈ្មួញ ឬអ្នកប្រមូលទិញភាគច្រើនបានចូលរួមវេទិកាសម្របសម្រួលដោយគម្រោង ដូចជាវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) ដែលមានគោលដៅចម្បងគឺជួយសម្រួលដល់ការបង្កើតភាពជាដៃគូអាជីវកម្ម ការចរចាអាជីវកម្ម និងការរៀបចំកិច្ចសន្យា ប្រកបដោយតម្លាភាព។
ជាទូទៅ ការចូលរួមទីផ្សារ និងទំនាក់ទំនងរវាងកសិករ និងពាណិជ្ជករ និងរវាងពាណិជ្ជករ និងពាណិជ្ជករ ក្នុងការសម្របសម្រួល និងកិច្ចសហការអាជីវកម្មនៅតែជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ ជាពិសេសបញ្ជាទាក់ទងនឹងតម្រូវការទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់។ ប្រសិនបើបញ្ហាទាំងនេះអាចដោះស្រាយបានល្អ ក្រុមកសិករផលិត និងអាជីវករ នឹងអាចអភិវឌ្ឍអាជីវកម្មរបស់ពួកគេ ដើម្បីបង្កើនប្រាក់ចំណូល ជាពិសេសសម្រាប់ក្រុមកសិករផលិត ដែលជាគោលដៅមួយរបស់គម្រោងផងដែរ។
ចុងបញ្ចប់នៃវេទិកា បានចុះកិច្ចសន្យាទិញ លក់ រវាងក្រុមហ៊ុន នឹងឈ្មួញប្រមូលទិញបានចំនួន៥កិច្ចសន្យា មានទំហំជិត១០ ០០០តោន។







