- ព័ត៌មានជាតិ

​ថ្នាក់ដឹកនាំ​ខេត្ត​កណ្ដាល បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន ១០,២៣៦​ប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ចំនួន ១៨​ភូមិ ស្ថិតនៅ​ឃុំ​ម្កាក់ ឃុំ​ព្រៃពួច និង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​

ខេត្ត​កណ្តាល​៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ជំរុញ ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ក្នុង​ការជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​បាន​មក​ទទួលយក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី សូម​រួសរាន់​អញ្ជើញ​មក​ទទួលយក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឱ្យបាន​គ្រប់ៗ​គ្នា ពី​មន្ត្រី​សុរិយោដី​ក្នុង​មូលដ្ឋាន​ខ្លួន តាម​ការកំណត់​របស់​មន្ត្រី​ជំនាញ​រយៈពេល ១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ប្រកាស​ចែក​ប័ណ្ណ​ក​ម្ម​សិទ្ឌិ​នេះ​តទៅ ជៀសវាង​មាន​ការបង់​សេវា​លើក​ការថែរក្សា​ប័ណ្ណ​ជូន​ម្ចាស់​កម្ម​សិទ្ធ​។

​ការអំពាវនាវ​នេះ​ធ្វើឡើង ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ១០,២៣៦​ប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ចំនួន ១៨​ភូមិ ស្ថិតនៅ​ឃុំ​ម្កាក់ ឃុំ​ព្រៃពួច និង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល នា​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៥ ដោយ​មាន​ការអញ្ជើញ​ជា​អធិបតី​ពី​សំណាក់ ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ ពី​អាជ្ញាធ​ស្រុក មន្ទីរ​ជុំវិញ​ខេត្ត មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ទៀត​។​

​ឯកឧត្តម គួច ចំរើន បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅពេល​ទទួលបាន​ប័ណ្ណ​ហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​គិតគូរ​ទុកដាក់​ថែរក្សា​ឱ្យបាន​ល្អ​កុំឱ្យ​បាត់បង់ ពីព្រោះ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី គឺ​ពិតជា​មាន​សារៈសំខាន់ ក្នុងការ​សម្គាល់​សិទ្ធិ​កាន់កាប់ ការទិញ​លក់ បញ្ចាំ​ដីធ្លី​របស់​ខ្លួន​ស្របតាម​ច្បាប់​។ នៅពេល​មាន​ការបាត់បង់​គឺ​តម្រូវ​ឱ្យធ្វើ​ប័ណ្ណ​ទុតិយតា​ឡើងវិញ ហើយ​ចំពោះ​ការចេញ​ប័ណ្ណ​ទុតិយៈតា​នេះ ពិតជា​ពិបាក​ស្មុគស្មាញ​ណាស់ ត្រូវ​ទាមទារ​ការស៊ើបអង្កេត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​និង​ចេញ​ជូន បើ​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​នោះ​ទេ អាច​នឹង​ផ្តល់​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រោយ​ទៀត​ក្នុង​ការទិញ លក់​បង្ក​ជា​វិវាទ​ផ្សេងៗ​។ ដូច្នេះ​នៅពេលដែល​មាន​ការបាត់​បង់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី សូម​បងប្អូន​ប្រជាពលរដ្ឋ ប្រញាប់​ទៅ​ជួប​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ក្នុង​មូលដ្ឋាន​ខ្លួន ដើម្បី​ផ្ដល់ព័ត៌មាន ឯកសារ​ពាក់ព័ន្ធ​នានា ក្នុងការ​សុំ​ធ្វើ​ប័ណ្ណ​បាន​ទុតិយតា​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​គូសបញ្ជាក់​បន្ថែមថា បញ្ហា​ដីធ្លី​រដ្ឋបាលខេត្ត​កណ្តាល ព្រមទាំង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី​ខេត្ត បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ព្រមទាំង​ប្ដេជ្ញា​ខិតខំ​ពន្លឿន​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ឱ្យបាន​លឿន​រួចរាល់​អស់​នៅ​ចុងឆ្នាំ ២០២៥​នេះ​។ ពីព្រោះ​ការចុះបញ្ជី​ដីធ្លី គឺជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់ ក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ជាទូទៅ គឺ​សំដៅ​ពង្រឹង​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី ទីផ្សារ​ដីធ្លី ទប់ស្កាត់ និង​ដោះស្រាយ​ជម្លោះ​ដីធ្លី គ្រប់គ្រង​ដីធ្លី​ប្រកបដោយ​សមធម៌ និរន្តរភាព និង​ប្រសិទ្ធភាព​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​អាជ្ញាធរ​ស្រុក ត្រូវ​បន្ត​គិតគូរ​ពី​ការសម្អាត​បរិស្ថាន និង​ការ​ទុកដាក់​សំរាម​សំណល់​រឹង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​សុខភាព​ប្រជាពលរដ្ឋ បរិស្ថាន​ល្អ​ផ្តល់​នូវ​ភាព​ស្អាត សេចក្តីថ្លៃថ្នូរ មាន​សេរី​សួស្តី និង​សុខភាព​ល្អ​។ ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍ថា សំរាម​គឺ​កើតចេញពី​យើងទាំងអស់គ្នា ដូច្នេះ​យើង​ត្រូវតែ​ចូលរួម​សម្អាត​ថែទាំ​ទាំងអស់គ្នា ត្រូវ​នាំគ្នា​ដាំ​ដើមឈើ ដើម​ផ្កា​លម្អ​បរិស្ថាន ដោយ​ចាប់ផ្ដើម​ពី​ជុំវិញខ្លួន​យើង ផ្ទះ​យើង ភូមិ​យើង ស្រុក​យើង ខេត្ត​យើង និង​ប្រទេស​យើង​ទាំងមូល​។​

​បន្ថែម​ពីលើ​នេះ​ទៀត ឯកឧត្តម​អភិបាលខេត្ត បានធ្វើការ​ក្រើនរំលឹក​ទៅដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក​គ្រប់​ថ្នាក់ ត្រូវ​បន្ត​ខិតខំ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ ពិសេស​នោះ​គឺ ត្រូវមាន​វិធានការ​ទប់ស្កាត់ ករណី​ក្មេង​ទំនើង​កុំឱ្យ​កើតឡើង​ក្នុង​មូលដ្ឋាន​ជា​ដាច់ខាត​។ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ត្រៀម​បង្ការ​ក្នុង​ការដោះស្រាយ​បញ្ហា​ទឹក​ជំនន់ ដោយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​មនុស្ស​ចាស់ និង​កូនក្មេង​។​

 

Leave a Reply

Your email address will not be published. Required fields are marked *