កំពង់ស្ពឺ ៖ ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្មឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51ភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ បានឲ្យដឹងថា មន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅទីនោះតម្រូវអោយបង់លុយ បើទោះប្បីជារថយន្ដពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងចំណុចនោះមិនរំលងបាន។
ប្រភពពីក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុ លើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ មិនអាចតវ៉ាបានឡើយ។ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករ អំអំពាវនាវដល់លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃជាបន្ទាន់ផង។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ក្នុងឃុំដំណាក់រាំង ស្រុកឧដ្ដុង គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ដោយគ្មានការព្រួយបារម្ភនោះទេផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ។
ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុខនីយជ័យ បានឲ្យទៀតដឹងថា ពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដ គេតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់ឆ្លងផ្លូវយ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមការកំណត់ ដោយមិនអាចតវ៉ាបានទេ។
ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ51 ឃុំដំណាក់រាំង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ រករឿងឲ្យរើទំនិញចុះឡើងតាមទំនេីងចិត្ត របស់ពួកគេជាមិន ខាន់។
ហេតុនេះហើយទើបរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវខាងមុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ យ៉ាងគគ្រឹកគគ្រេង បណ្ដាលឲ្យខូចផ្លូវ ខូចស្ពានជាបន្តបន្ទាប់។
ដែលបញ្ហានេះសូម លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសលោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក សោម សុធា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រារាំ ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ កំពុងតែសម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញតាមរថយន្តខ្នាតធំៗគ្រប់ធុននិងរថយន្តខ្នាតតូច ដែលបានធ្វើចរាចរណ៍ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹង ផ្លូវជាតិលេខ 51ទាំងយប់ទាំងថ្ងៃជារៀងរាល់ថ្ងៃនេះ យ៉ាងសប្បាយចិត្ត.ចំណែកឯលោក សោមសុធា ប្រធានស្ថានីយ៍ជញ្ជី ថ្លឹងរថយន្តផ្លូវជាតិលេខ 51 រូបនោះសព្វថ្ងៃនេះនោះវិញ ក្រុមការងាររបស់យើងខ្ញុំមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីគាត់បាននៅឡើយនោះទេគិតត្រឹមម៉ោងផ្សាយនេះ ៕







