- ព័ត៌មានជាតិ

‎​រដ្ឋបាល​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ឋ ព្រះ​ក​រុ​​ណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” គម្រប់​ខួប ១៣​ឆ្នាំ​

ខេត្ត​រតនគិរី​.​នៅ​ព្រឹក ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​រតនគិរី ដឹកនាំ​ដោយ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ខ័ណ្ឌ ចំណាន​អភិបាលខេត្ត​ស្តីទី តំណាង​ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ព្រមទាំង ឯកឧត្តម លោកជំទាវ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ បាន​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​​បាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​យាង​សោយ​ទិវង្គត នា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២​។​  ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាល​ម​ហោ​​ស្រពរ​តន​: ស្ថិត​ក្នុង​បរិវេណ​មន្ទីរ វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្ត​រតនគិរី​។​

​ក្នុង​ឱកាស​នេះ ក្រៅពី​ធ្វើ​ពិធី​សាសនា អង្គពិធី​ទាំងមូល បាន​​សង្រួមកាយ​ចិត្ត ស្ថិត​ក្នុង​ទឹកមុខ​ស្រពត់​ស្រពោន​ក្រៀមក្រំ និង​សោកស្តាយ​យ៉ាង​ក្រៃលែង នៃ ការយាង​ចូល​ទីវង្គត់ របស់​ព្រះ​បរម​រតន​កោដ្ឋ គឺជា​ការ​បាត់​មហាក្សត្រ​មួយ​ព្រះអង្គ ដ៏​ឆ្នើម​បំផុត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ព្រះបិតា​ឯករាជ្យ​ជាតិ ដែល​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ បាន​បូជា​​ព្រះកាយពល ព្រះ​បញ្ញាញាណ ក្នុង​ព្រះរាជ​សកម្មភាព ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​បូរណភាព​ទឹកដី ផ្សះផ្សា​ជាតិ បង្រួប​បង្រួម​ជាតិ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ជា​ការ​តបស្នង​នូវ​ព្រះ​មហាករុណា​ទិគុណ និង​ព្រហ្ម​វិហារធម៌ ដ៏​ថ្លៃថ្លា​ឧត្តុង្គឧត្ដម វិសេសវិសាល​របស់​ព្រះអង្គ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​​ខ្ពស់​បំផុត​ថ្វាយ​ចំពោះ «​ព្រះ​បរម​រតន​កោដ្ឋ​» ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​។​សូម​ថ្វាយ​ព្រះរាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខ​ន្ឋ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ សូម​ស្តេចយាង​បដិសន្ឋិ​ក្នុងព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមបញ្ជាក់​ថា ‎​ដើម្បី​តបស្នង​ព្រះ​មហាករុណា​ទិគុណ និង​ព្រហ្ម​វិហារធម៌​ដ៏​ថ្លៃថ្លា​ឧត្តុង្គឧត្តម វិសេសវិសាល​របស់​ព្រះអង្គ ដែល​បាន​លះបង់​ព្រះកាយពល ព្រះ​បញ្ញាញាណ​, រាជ​រដ្ឋា​​ភិបាល​នៃ​កម្ពុជា បាន​យក​ថ្ងៃទី​១៥ ខែតុលា ជា​ថ្ងៃ​បុណ្យ​ជាតិ និង​ជា​ថ្ងៃ​កាន់​មរណទុក្ខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។ នៅ​ថ្ងៃ​ទី​១៥ តុលា ទៀតសោត ទាំង​ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ គ្រប់​ក្រសួង ស្ថាប័ន និង​ប្រជា​រាស្ត្រ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​៕

Leave a Reply

Your email address will not be published. Required fields are marked *