(ក្រចេះ) ៖ ប្រជាពលរដ្ឋប្រមាណជិត៤០គ្រួសារ មកពីភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួលនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានលើកគ្នាមកតវ៉ានៅ មុខសាលាខេត្តក្រចេះស្នើរសុំឲ្យអាជ្ញាធរខេត្តធ្វើការដោះលែងមនុស្សចំនួន៣នាក់ ដែលសម្តកិច្ចចម្រុះ បានឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមិថុនា ពាក់ពន្ធ័និងការធ្វើអាជីកម្មរ៉ែមាស ខុសច្បាប់។
ការលើកគ្នាមកតវ៉ារបស់ប្រជាពលរដ្ឋពេញមួយថ្ងៃ គឺពួកគាត់ បានធ្វើឡើងនៅមុខសាលាតំបូងខេត្ត និងមុខសាលាខេត្តដោយស្នើរជាពិសេសទៅកាន់លោកវ៉ាថន អភិបាលខេត្តក្រចេះសូមអោយមានការដោះលែង ពីការឃុំខ្លួនរបស់សាលាតំបូងខេត្ត។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់ដែលបានមកតវ៉ាបាននិយាយអោយដឹងថាពួកគាត់យល់ព្រមធ្វើការរុសរើ នៃទីតាំងអាជីវកម្មដែលសមត្ថកិច្ចចោទរកាន់ថា លួចធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់។
ប្រជាពលរដ្ឋដដែលបានបន្តអោយដឹងថា ប្រសនបើមានការដោះលែងពួលគាត់យល់ព្រមធ្វើការកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងអស់។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នោះ ត្រូវបានឃាត់ខ្លួន ក្រោយពីសមត្ថកិច្ចចម្រុះ បានចុះហាមឃាត់ពួកគាត់ជាច្រើនលើកច្រើនសាររួចមកហើយ ដោយបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់តាំងពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០២០ និងទុកពេលឲ្យពួកគាត់ចំនួន៧ថ្ងៃ បើមិនរុះរើទេ នឹងធ្វើការបង្ក្រាប។
លុះដល់ថ្ងៃទី០១ ខែមិថុនា កម្លាំងចម្រុះបានចុះដល់ទីតាំង ហើយពួកគេនៅបន្ដធ្វើអាជីវកម្មដដែល ទើបកម្លាំងធ្វើការឃាត់ខ្លួនតែម្តង នាំមកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។
ជនសង្ស័យទី១៖ ឈ្មោះ ឡាច គឹមហេង អាយុ៥៧ឆ្នាំ, ទី២៖ ឈ្មោះ ឡាច គឹមហ៊ង អាយុ៤៧ឆ្នាំ និងទី៣៖ ឈ្មោះ អឿង សេង អាយុ៥៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
ពាក់ពន្ធ័ករណីប្រជាពលរដ្ឋលើកគ្នាមកតវ៉ានេះ គេពុំទាន់ដឹងពីចំណាត់ការដោះស្រាយពីសំណាក់អាជ្ញាធរបែបណានោះទេ៕






