(ក្រចេះ)÷ មន្ទីរសុខភិបាលខេត្ត បើកយុទ្ធនាការចែកមុងជ្រលក់ថ្នាំ និងមានប្រសិទ្ធភាពបានយូរ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលេធ្វើឡើង នៅសាលាបឋមសិក្សាភូមិថ្មី ឃុំថ្មី ស្រុកចិត្របុរី ក្រោមអធិបតីភាព លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងការចូលរួមពីអង្គការជាដៃគូរពាក់ពន្ធ័ ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយនូវការកើតជម្ងឺគ្រុនចាញ់ នៅក្នុងតំបន់ដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ដែលជាតំបន់ប្រឈមងាយរងគ្រោះនូវជម្ងឺគ្រុនចាញ់នេះ តាមរយៈការទទួលបានមុងជ្រលក់ថ្នាំដែលមានប្រសិទ្ធភាពបានយូរ ។
លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលបានលើកឡើងថា ប្រជាជនដែលប្រឈមមុខទៅនឹងជម្ងឺគ្រុនចាញ់សរុប ៣៦០០០០នាក់ និង ២៥៤ ភូមិរួមទាំងភូមិឧបសម្ព័ន្ធ ហើយជម្ងឺគ្រុនចាញ់ដែលសំបូរច្រើន មាននៅក្នុងមណ្ឌលសុខភាព ចំនួន៤ គឺ៖ មណ្ឌលសុខភាពថ្មី អូរគ្រៀង កំពង់ចាម និងរលួស ហើយចាប់តាំងពីខែមករា ឆ្នាំ២០១៩ ដល់ ខែឧសភា ឆ្នាំ២០២០ ករណីជម្ងឺគ្រុនចាញ់មានការថយចុះជាលំដាប់ មានអត្រាអាំងស៊ីដង់ ឆ្នាំ២០១៩ គឺ៤.៧ (ក្នុងប្រជាជន ១០០០ នាក់ មានអ្នកគ្រុនចាញ់ ៤.៧នាក់) អត្រាអាំងស៊ីដង់ ឆ្នាំ២០២០ គឺ0.៦(ក្នុងប្រជាជន ១០០០ នាក់ មានអ្នកគ្រុនចាញ់ 0.៦នាក់) ហើយអត្រាស្លាប់ដោយសារជម្ងឺគ្រុនចាញ់ គឺគ្មាន ។
លោកបញ្ជាក់ទៀតថា ៖ មុងដែលមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ទទួលបាននេះដែរ គឺបានមកពីការឧបត្ថម្ភគាំទ្រ ពីមូលនិធិសកល ហៅកាត់ ( GFATM-UNOPS ) ដែរនឹងធ្វើការចែកជូននៅទូទាំងខេត្តសរុប ៣១០.៦៣០ មុង ក្នុងនោះប្រភេទមុងគ្រែ ចំនួន ១៧១.២៤២ មុង និងអង្រឹង ១៣៣.៩៨៨ មុង ។ ជាក់ស្តែងក្នុងឃុំថ្មី ស្រុកចិត្របុរី ពេលនេះ ចែកបានមុងគ្រែអស់ចំនួន ៧៤០ មុង និងមុងអង្រឹង អស់ចំនួន ៦៣៤ មុង ។
លោក ប៉ែន លីណាត អភិបាលរងខេត្ត បានលើកឡើងថា៖ អ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាលុបបំបាត់ជម្ងឺគ្រុនចាញ់ ដោយត្រូវលុបបំបាត់នូវជម្រកមូស ពិសេសធ្វើការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ពីជម្ងឺគ្រុនចាញ់ ត្រូវដេកក្នុងមុងជ្រលក់ថ្នាំជានិច្ច ពិសេសតំបន់ដែលសង្ស័យថាមានជម្ងឺគ្រុនចាញ់ ។ បើក្នុងករណីសង្ស័យថាមានជម្ងឺគ្រុនចាញ់ ត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬអ្នកស្ម័គ្រចិត្តភូមិដើម្បីធ្វើតេស្តរកជម្ងឺគ្រុនចាញ់ ដើម្បីព្យាបាលបានទាន់ពេលវេលា ។
លោកបន្តថា ៖ ដើម្បីសម្រេចបានគោលដៅលុបបំបាត់ជម្ងឺគ្រុនចាញ់នៅឆ្នាំ២០២០និង២០២៥នាពេលខាងមុខ បុគ្គលិកសុខាភិបាល អ្នកពាក់ព័ន្ធ អង្គការដៃគូរត្រូវរួមសហការគ្នាផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានផុសផុល និងដាក់ក្រុមការងារធ្វើពិនិត្យ និងតាមដានឲ្យបានជាប្រចាំ ។






