ក្រចេះ ៖ នៅសាលមហោស្រពខេត្តក្រចេះ នាព្រឹកថ្ងៃសោរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ដ្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត-ស្រុក សរុបប្រមាណជាង៣១៤នាក់ ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម វ៉ា ថន អភិបាល នៃគណអភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិ៍ន្ដ្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ពីវិស័យកសិកម្មនៅខេត្តក្រចេះ មានការរីកចម្រើនជាបន្តបន្ទាប់ ដែលពីមួយឆ្នាំទៅមួយឆ្នាំ បរិមាណផលស្រូវមានការកើនឡើង ធានាការផ្គត់ផ្គង់ ស្បៀងក្នុងខេត្តបានគ្រប់គ្រាន់ និងសល់ស្រូវប្រមាណជាង ៥ ម៉ឺនតោន សម្រាប់នាំចេញថែមទៀត ។ ហើយក្រៅពីដំណាំស្រូវ ខេត្តមានក្រុមហ៊នវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន ៤៩ក្រុមហ៊ុន លើផ្ទៃដីចំនួន ១៩៨.៩៧០ ហិកតា ដាំដុះកៅស៊ូបានចំនួន ៦១.៥៨៨,៥៣ ហិកតា, ចេកអំបូង លឿងចំនួន ៣.០៦៦ ហិកតា និងដំណាំផ្សេងៗ មាន៖ ដំឡូងមី ម៉ៃសាក់ កាស្យា និងអំពៅជាដើម។ ក្រៅពីការវិនិយោគរបស់ក្រុមហ៊ុន ការដាំដុះជាលក្ខណៈគ្រួសារ កៅស៊ូចំនួន ២២.៥៩៦ ហិកតា ស្វាយចន្ទី ចំនួន ៤៧,៨៥៨ ហិកតា, ម្រេចចំនួន ៧៩៨ ហិកតា, ដំឡូងមីចំនួន ៦៦.៥០៩ ហិកតា និងដំណាំរួមផ្សំជាច្រើនពាន់ហិកតាថែមទៀត ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងជាលំដាប់ ។
បន្ទាប់ពីអានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពី ការតែងតាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងប្រគល់សេចក្ដីសម្រេចដោយ សម្ដេចក្រឡាហោម ស ខេង រួច ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើការប្ដេជ្ញាចិត្តថា ៖ នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះដែលមានស្រាប់ នូវជួរមន្ត្រីល្អស្មោះត្រង់ និងមានសមត្ថភាព និងជំនឿដ៏រឹងមាំទោះជាស្ថិតក្នុងស្ថានភាពនិងកាលៈទេសៈបែបណាក៏ដោយ ក៏កម្លាំងសាមគ្គីពិតជាពុះពារសម្រេចបានកិត្តិយសនៅភារកិច្ច និងការទទួលខុសត្រូវដែលរាជរដ្ឋាភិបាលនិងប្រជាជនប្រគល់ឱ្យ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ សម្រាប់អនាគតដ៏រុងរឿងជារៀងរហូត -បន្តចុះមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីក្តាប់ឱ្យបាននូវរាល់សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ហើយរួមគ្នាពុះពារដោះស្រាយបញ្ហានោះឲ្យបានជាដាច់ខាត ដែលប្រការសំខាន់ គឺត្រូវស្វែងយល់និងកាត់ឲ្យបាន ពិតប្រាកដនូវរាល់ប្រភពនៃបញ្ហា និងរិះរកវិធានការដោះស្រាយជាក់ស្ដែង ។ ម្យ៉ាងវិញទៀតបន្តសហការត្រួតពិនិត្យ និងជួយរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យសម្រេចភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការចូលរួមចំណែកអនុវត្តដោយជោគជ័យ នូវគោលនយោបាយកំណែទម្រង់លើវិស័យអាទិភាព ពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងតុលាការ ។
មានអនុសាសន៍បន្ថែមពីសម្ដេចក្រឡាហោម ស ខេង ៖ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តក្រចេះ ក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តក្រចេះ ដោយមានកិច្ចគាំទ្រទាំងស្មារតី ធនធាន និងសម្ភារ ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការអនុវត្តបាននូវ សមិទ្ធផល សេដ្ឋកិច្ច និងសង្គម សេវាសាធារណៈ ដោយខិតខំលើកកម្ពស់ការ ទទួលខុសត្រូវលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងនោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងគាំទ្រជំរុញការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យកាន់តែមានប្រសិទ្ធភាព ៕







