- ព័ត៌មានជាតិ

ទង្វើ​អធិការរង​នគរបាល​ស្រុក​សំរោង​ទង កង ភារី ហៅ ម៉ៅ បាញ់បោះ​សេរី​ជិត​២០​គ្រាប់ បង្អួត​កូនចៅ​ថា ខ្លួន​អស្ចារ្យ​មាន​ខ្សែរ​ធំ​នៅ​ក្រសួង តើ​គួរ​បណ្ដេញចេញ​ពី​ក្រប​ខណ្ឌ​នគរបាលជាតិ និង​ចាប់ខ្លួន​មក​កាត់ទោស​ដែរ ឬ ទេ ?

ការិយាល័យ​គ្រប់គ្រង និង​និពន្ធ ទូរស័ព្ទ​លេខ​012 748 322
​កំពង់ស្ពឺ​៖​ទង្វើ​ហួសចិត្ត​មួយ​របស់​លោក កង ភារី ហៅ​ម៉ៅ អធិការរង​នគរបាល​ស្រុក​សំរោង​ទង ត្រូវបាន​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​កំពង់ស្ពឺ ធ្វើការ​ឃាត់ខ្លួន និង​រាយការណ៍​ទៅ​ថ្នាក់លើ បន្ទាប់ពី​លោក​អធិការរង​រូប​នេះ​បាន​ផឹកស៊ី​ជាមួយ​កូនចៅ​ក្រោម​ឱវាទ​និយាយ​អួត​ក្អេងក្អាង​ថា ខ្លួន​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅ​ក្រសួង​មហាផ្ទៃ បើទោះជា​បង្ករ​ភាព​អាណាធិបតេយ្យ​បាញ់បោះ​សេរី ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី​ខ្លួន​ដែរ​។​

​ក្រោយ​ពី​និយាយ​អួត​ក្អេងក្អាង​ចប់​រួចមក​លោក​អធិការរង​ដ៏​មហិមា ទទួល​ផែន​សន្តិសុខ​រូបនេះ បាន​ទាញ​អាវុធ​ខ្លី​របស់​ខ្លួន ម៉ា​កឡុក ទៅ​ឈរ​បាញ់​លេង​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​បរិវេន​សាលា​ស្រុក​សំរោង​ទង​ចំណុច​មាត់​ត្រពាំងទឹក​ខាងត្បូង​ជាមួយ​កូនចៅ​របស់​ខ្លួន​ជាច្រើន​នាក់​។​

​ការបាញ់បោះ​យ៉ាង​អនាធិបតេយ្យ​នេះ​ទំនង​ជា​លោក​អធិការរង​រូប​នោះ​ចង់​អួត​នឹង​បង្ហាញថា​ខ្លួន​គឺជា​មនុស្ស​មាន​ឥទ្ធិពល​និង​មាន​ខ្នងបង្អែក​រឹងមាំ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​បាន​ឃើញ​តែ​ទីបំផុត​ត្រូវ​អាម៉ាសមុខ​ដោយសារតែ​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​នៃ​កង​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​។​

​យោងតាម​របាយការណ៍​ដែល​អធិការដ្ឋាន​នគរ​បាល​ស្រុក​សំរោង​ទង បាន​គោរព​ផ្ញើជូន​លោកស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ចុះ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២០ បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ និង​០០ នាទី​លោក​វរសេនីយ៍ទោ កង ភារី អធិការរង​ទទួល​ការងារ​សន្តិសុខ នៃ អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​យក​អាវុធ​ខ្លី​របស់​ខ្លួន​មួយ​ដើម​ម៉ា​កឡុក​ធ្វើ​សកម្មភាព​ឈរ​បាញ់​បោះ​យ៉ាង​សេរី​និង​អនាធិបតេយ្យ​បំផុត​ចំនួន 3 គ្រាប់​គឺ​នៅ​ចំណុច​បរិវេណ​សាលាស្រុក​មាត់​ស្រះ​ទឹក​ខាងត្បូង​។​

​នៅក្នុង​របាយការណ៍​បន្តថា លុះ​មកដល់​ថ្ងៃទី​១៩ ខែ​សីហា​ឆ្នាំ​២០២០ ដដែល​វេលា​ម៉ោង​១៨ និង​៣០ នាទី​លោក​វរសេនីយ៍ទោ កង ភារី អធិការរង​ដ៏​ទំនើង​រូបនេះ​បាន​នាំ​កូនចៅ​ក្រោម​ឱវាទ​ផឹកស៊ី​រហូត​ស្រវឹង​និយាយ​អួត​ក្អេងក្អាង​ហើយ​បាន​យក​អាវុធ​ខ្លី​ម៉ា​កឡុក​ដដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​មកឈរ​បាញ់បោះ​លេង​យ៉ាង​សេរី​នៅក្នុង​បរ​វេន​សាលាស្រុក​ចំណុច​មាត់​ស្រះ​ទឹក​ដដែល​ក្នុង​នោះ​កូនចៅ​របស់​ខ្លួន​ជាច្រើន​ដែល​ផឹកស៊ី​ក៏បាន​ចូលរួម​ក្នុង​ការបាញ់បោះ​នេះដែរ​។​

​អ្នក​ដែល​ចូលរួម​បាញ់បោះ​ជាមួយ​អធិការរង ដ៏​ទំនើង​រូប​នេះ​រួមមាន​លោក​អនុសេនីយ៍ឯក​ដន​សុខុម​ឋានៈ​នាយរង​ផ្នែក​សន្តិសុខ​បាញ់​ចំនួន​២​គ្រាប់​លោក​អនុសេនីយ៍ត្រី​ព្រីង​ឡងឌី​ឋានៈ​នាយរង​ប៉ុស្តិ៍​វល្លិ៍​សបាញ់​ចំនួន​២ គ្រាប់​លោក​អនុសេនីយ៍ត្រី​តាន់​សៅ​លី​ឋានៈ​នាយរង​ផ្នែក​គ្រឿងញៀន​បាញ់​ចំនួន ២​គ្រាប់​លោក​អនុសេនីយ៍ត្រី​ម៉ាន់​ប៊ុណ្ណា​រ៉ា ឋានៈ​នាយរង​ផ្នែក​គ្រឿងញៀន​បាញ់​ចំនួន​០២​គ្រាប់​លោក​ព្រិន្ទបាលទោ​ឌី សូ​ភក្តិ ឋានៈ​មន្ត្រី​ប៉ុស្តិ៍​ទំព័រ​មាស​បាញ់​ចំនួន​០២ គ្រាប់​ផង​ដែរ​។​

​ការបាញ់បោះ​បង្ក​ភាពអនាធិបតេយ្យ​បង្កើតឲ្យមានអ​សន្តិសុ​ខ​នៅក្នុង​សង្គម​របស់​ក្រុម​មន្ត្រី​នគរបាល​និង​លោក​សក្កិ​៤​កន្លះ​ឈ្មោះ កង ភារី​ហៅម៉ៅ រូប​នេះ​សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​សំបក​គ្រាប់​នៅ​កន្លែងកើតហេតុ​ចំនួន​១១ គ្រាប់​លោក​អធិកា​រង​ដ៏​ទំនើង​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​កម្លាំង​ការិយាល័យ​អន្តរាគមន៍​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃ​ដដែល​។​

​លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​អោយ​អ្នកយកព័ត៌មាន​អោយដឹង​តាម​ទូរស័ព្ទ​ថា លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​អោយ​ដាក់​តាម​វិន័យ​របស់​កងកម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ​លេខ​០០៦ អោយ​សម​ទោសកំហុស​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​ប្រព្រឹត្ត​។​លោកស្នងការ​នគរបាល​ខេត្ត​បន្តថា​លោក វរសេនីយ៍ទោ កង ភារី បាន​ចំនួន​០២​លើក កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២០ បាញ់​ចំនួន​០៣​គ្រាប់ ហើយ​នៅ​យប់​ថ្ងៃ​ទី​១៩​ខែ​សីហា ឆ្នាំ​២០២០ បាញ់​ចំនួន​១៧​គ្រាប់​បន្ថែមទៀត​។ ហើយ​រហូត​មកដល់ពេលនេះ​ជំនាញ​ប្រមូល​បាន​ជាង​១០​គ្រាប់​តែ​ប៉ុណ្ណោះ កំពុងតែ​រុករក​បន្ថែមទៀត​។​

​ពេល​នេះ​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​កំពុងតែ​ធ្វើ​ការសាកសួរ​លោក​អធិការរង​ដ៏​ទំនើង​រូប​នេះ​រក​មូលហេតុ​ដើមចម​នៃ​ការបង្ក​ភាពអនាធិបតេយ្យ​និង​បង្ក​បញ្ហា​អសន្តិសុខ​ដល់​សង្គម​ឋានៈ​ដែល​ខ្លួន​ជា​សមត្ថកិច្ច​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​និង​ជា​អ្នក​ការពារ​សន្តិសុខ​សុវត្ថិភាព​តែ​បែរ​ជា​ប្រព្រឹត្តិ​ទង្វើ​បែប​នេះ​ទៅវិញ​។​

​របាយការណ៍​ដែល​គោរព​ផ្ញើជូន​លោកស្នងការ​នគរបាល​ខេត្ត​មិន​ត្រឹមតែ​ចុះ​ហត្ថលេខា​ដោយ​លោក​វរសេនីយ៍ឯក​ឃុត​សុផល​អធិការ​ស្រុក​សំ​រោង​ទង​តែ​ម្នាក់​នោះទេ​គឺ​សូម្បី​តែ​អភិបាលស្រុក​សំរោង​ទង​ក៏​ចុះហត្ថលេខា​ឯកភាព​ផងដែរ​។​

​គួរ​រំលឹក​ថា​អធិកា​រង​រូប​នេះ​កន្លងមក​ធ្លាប់​បើក​ល្បែង​ជល់​មាន់ online ហើយ​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​បង្ក្រាប​ដែរ​តែ​កាលនោះ​មិនដឹង​ថា​បណ្ដាលមកពី​ឥទ្ធិពល​ខ្នងបង្អែក​របស់លោក​អធិកា​រង​រូបនេះ​ឬក៏​ជា​ការ​ត្រូវ​រូ​វ​គ្នា​នោះ​ទេ​ទើប​ក្រុម​អ្នក​បង្ក្រាប​ធ្វើ​របាយការណ៍​គោរព​ជូន​ថ្នាក់ដឹកនាំ​ដោយ​មិន​មាន​ឈ្មោះ​លោក​អធិការរង​រូប​នេះ​ឡើយ​គឺជា​ឈ្មោះ​អ្នក​ផ្សេង​ទៅ​វិញ​ដែល​ធាតុ​ពិត​មហាជន​និង​សមត្ថកិច្ច​ជា​ច្រើន​នៅ​ក្រុង​ច្បារមន​នៃ​សង្កាត់​សុ​ព័រ​ទេព​បានដឹង​យ៉ាងច្បាស់​ថា​ទីតាំង​កន្លែង​ជល់​មាន់ online ដែល​ត្រ​វ​បង្ក្រាប​នោះ​គឺជា​របស់​លោក​កង​ភារី​អធិការរង​រូប​នេះ​តែ​ម្ដង​។​

​មហាជន និង​មន្ត្រីរាជការ ស្រុក​សំរោង​ទង ជាច្រើន​បាន​សំដែង​នូវ​ការ​សាទរ និង​រាយការណ៍​មក​អ្នកយកព័ត៌មាន​យើង​ដោយ​អ្នកខ្លះ​បាន​លើកឡើង​ថា ករណី​នេះ​គួរ​កុំ​លើកលែងឲ្យ​សោះ​គួ​តែ​ធ្វើ​វិន័យ​រដ្ឋបាល ឬ ក៏​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​តែម្តងទៅ ព្រោះ​បុគ្គល​រូប​នេះ​តែងតែ​ធ្វើ​សកម្មភាព​ក្អេងក្អាង​ក្រ​អើត​ក្រ​ទ​ម ព្រោះ​ចង់បង្ហាញ​អំណាច​របស់​ខ្លួន​អោយ​អ្នក​ដទៃ​បាន​ឃើញ​ថា​ខ្លួន​គឺជា​អ្នកមាន​លុយ​និង​មាន​អំណាច​៕

Leave a Reply

Your email address will not be published. Required fields are marked *