- ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្ត​ក្រចេះ ឃាត់ខ្លួន​មេ​ឈ្មួញ ឈ្មោះ ឃាន សម្បត្តិ ល្បី​បុក​រថយន្ត​អ្នកសារព័ត៌មាន និង​ប្រើ​ហិង្សា បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

ក្រចេះ​៖ អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​សម្រេច​បញ្ជូន​ជន សង្ស័យ​១​នាក់ និង​វត្ថុតាង រួម​មាន​រថយន្ដ​មួយ​គ្រឿង ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ ធ្វើ​ការសួរនាំ​រួច នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​

​យោងតាម​របាយការណ៍​របស់​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​បញ្ជាក់​ឱ្យដឹងថា នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា កម្លាំង​អាវុធហត្ថ​ស្រុក​ព្រែក​ប្រសព្វ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃាន សម្បត្តិ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ប្រាំ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែ​ប្រសព្វ តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ម៉ូ​វ សុខ​ឌី​ម ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជា​អ្នកសារព័ត៌មាន ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​។​

​តាម​របាយការណ៍​បញ្ជាក់ទៀតថា ជនសង្ស័យ​ឈ្មោះ​ឃាន សម្បត្តិ កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា​ឆ្នាំ​២០២០ បាន​ធ្វើ​ការដឹកជញ្ជូន​ឈើ​ក្រហម​(​ឈើ​គ្រឿងផ្ទះ​) តាម​រថយន្ដ​កែច្នៃ​ពី​ចំណុច​ព្រៃ​ឡង់ ស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ឆ្ពោះ​ទៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ លុះដល់​វេលា​ម៉ោង​ប្រហែល ៤​និង​៣០​នាទី​ទាបភ្លឺ​ឈានចូល​ថ្ងៃ​ទី​២២ ខែ​សីហា ពេល​ឡាន​ដឹកឈើ​ឈ្មោះ ឃាន សម្បិ​ត្ត បាន​មកដល់​ចំណុច​ភូមិ​ទួល​ស្រឡៅ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់ ក៏​បាន​ជួប​រថយន្ដ​ក្រុម​អ្នកសារព័ត៌មាន​ចំនួន ២​រថយន្ដ ធ្វើ​ការបិទផ្លូវ មិនឱ្យ​រថយន្ដ​ដឹកឈើ ធ្វើដំណើរ ក៏​មាន​ការប៉ះទង្គិច​គ្នា​តែម្ដង​។ ខណៈនោះ​ដែរ ស្រាប់តែ​ឈ្មោះ ឃាន សម្បត្តិ បាន​បើករថយន្ដ ម៉ាក​លុច​ស៊ី​ស ៤៧០ ពណ៌​ត្រេអី ពាក់​ស្លាក​លេខ ខ​.​ម ទៅ​ប្រតាយប្រតប់​គ្នា ជាមួយ​ឈ្មោះ ម៉ូ​វ សុខ​ឌី​ម ជា​អ្នកសារព័ត៌មាន ដើម្បី​កុំឱ្យ​ថត​សកម្មភាព​ទាំងនេះ ក៌​បង្កើត​ជា​ករណី​ហិង្សា​ស្រាល​ទៅវិញទៅមក និង​មាន​របួស​រៀងខ្លួន​បន្តិច​បន្ទួ​ច ហើយ​ឈ្មោះ ម៉ូ​វ សុខ​ឌី​ម ក៏​បាន​បើករថយន្ដ​បក​ក្រោយ មក​ខេត្ត​ក្រចេះ​វិញ​។​

​តាម​របាយការណ៍​អាវុធហត្ថ​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយពី​ស្រាវជ្រាវ​ជុំវិញ​រឿងហេតុ​ខាងលើ កំណត់ថា ឈ្មោះ ឃាន សម្បត្តិ បាន​ប្រព្រឹត្ត​ចំនួន ៣​ករណី គឺ ទី​១ ករណី​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​, ទី​២ ករណី​ហិង្សា​ស្រាល និង ទី​៣ ករណី​ក្លែង​ឯកសារ​សាធារណៈ (​រថយន្ដ​ស្លាក​លេខ ខ​.​ម​)​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​អាវុធហត្ថ​ខេត្ត​ក្រចេះ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​៕

Leave a Reply

Your email address will not be published. Required fields are marked *