- ព័ត៌មានជាតិ

គ្រាន់បើ មន្ត្រី​យោធា​ចិត្តសឿង​បាញ់​សម្លាប់​មនុស្ស​រួច ឲ្យ​ពលរដ្ឋ​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​មក​ឃាត់​ខ្លួន​

​ខេត្ត​ពោធិ៍សាត់ ៖ ផឹក​សុ​ី​ជុំ​គ្នា​ចាក់​ធុងបាស់​ច្រៀង​រាំ​កម្សាន្ត​ក្លាយ​ជា​ករណី​ហិង្សា បាញ់​សម្លាប់​មនុស្ស ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ជា​មន្ត្រី​យោធា នៅ​អង្ក​ភាព​កងពលតូច​អន្ដរាគ​ម​លេខ​១៤(​បាយ​ឃ្លះ​) ជនសង្ស័យ​ដៃដល់​ជា​មន្ត្រី​យោធា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។​

​ករណី​បាញ់​សម្លាប់​មនុស្ស​ខាងលើ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​១៥​នាទី ល្ងាច​ថ្ងៃ​សុក្រ ១​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​ឈ្មោះ ធី ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។​

​លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​បានឲ្យដឹងថា ៖ ជនរងគ្រោះ​(​ស្លាប់​)​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ងួន ទូច ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ប្រពន្ធ និង​កូនប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​បន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅ​ភូមិ​ថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។

​ចំណែក​ជនសង្ស័យ​ដៃដល់​ជា​មន្ត្រី​យោធា​កងពលតូច​អន្ដរាគ​ម​លេខ​១៤(​បាយ​ឃ្លះ​) ឈ្មោះ ប្រាក់ សុផល ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឈ​ទាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មាន​ឋានៈ វរៈសេនីយ៍ត្រី តួនាទីៈ នាយរង​ការិយាល័យ​ហ្វឹកហ្វឺន ។​

​លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង​បន្ត​ថា ៖ បច្ចុប្បន្ន ជនសង្ស័យ​ដៃដល់​(​ប្រាក់ សុផល​)​មន្ត្រី​យោធា រួម​ទាំង​វត្ថុតាង​អាវុធខ្លី​ម៉ាក កា​៥៤ ដែល​មាន​លេខ​55006594 បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​បន្ត​នីតិវិធី តាម​បញ្ជា​លោក​ព្ររាជអាជ្ញាអម​សាលាដំ​បូង​ខេត្តពោធិ៍សាត់ ។​

​បើ​តាម​ប្រភព ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជុំវិញ​កន្លែងកើតហេតុ មុន​ដំបូង​មាន​ការផឹក​សុ​ី​នៅក្បែរ​កន្លែង​កើតហេតុ បន្ទាប់មក​បាន​កើន​បក្ស ច្រើន​ទៅៗ រួម​ទាំង​ជនរងគ្រោះ និង​គ្រួសារ ព្រមទាំង​ជនសង្ស័យ​ដៃដល់​ផងដែរ ខណៈនោះ​កូនតូច​របស់​ជនរងគ្រោះ​(​ងួន ទូច​)​បាន​ដើរ​ឆ្លងផ្លូវ ធ្វើឲ ជនរងគ្រោះ​(​ស្លាប់​)​ខឹងសម្បារ​យ៉ាងខ្លាំង​នឹង​ម្ដាយ​(​ប្រពន្ធ​)​មិនចេះ​មើល​កូន ប្រពន្ធ​តប​ទៅ​វិញ​ថា​ខ្ញុំ​ទៅ​បត់ជើង ឯង​ក៏​មិន​មើល​កូន​ដែរ រួច​ក៏​ហៅ​កូនៗ​ឡើង​ម៉ូតូ​បំរុង​ឌុប​ទៅផ្ទះ ប៉ុន្តែ​ជនរងគ្រោះ​(​ងួន ទូច​)​ស្ទុះ​ទៅ​វាយ​កូនច្បង​ថា​មិន​ចេះ​មើល​ប្អូន គ្រា​នោះ​ជនសង្ស័យ​ដៃដល់​(​ប្រាក់ សុផល​)​មន្ត្រី​យោធា បាន​លូក​មាត់​ថា​កុំ​វាយ​វា​.​វា​អត់​ដឹង​អ្វី​ទេ ក៏​ចាប់ផ្ដើម​ទំនាស់ ពាក្យ​សម្ដី​គ្នា​រហូត​ជនរងគ្រោះ ដោះអាវ​ចេញពី​ខ្លួន​គប់​បោក​ផ្ទប់​ទៅ​ដី ជនសង្ស័យ​ដៃដល់​(​ប្រាក់ សុផល​)​បន្ទរ​ថា​បើ​ឯង​ខ្លាំង​ហក់​មក ខណៈ​នោះ​ជនរងគ្រោះ​កាន់​ដុំ​អ្វីមួយ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​ដក​អាវុធខ្លី​ពី​ចង្កេះ​បាញ់​១​គ្រាប់ ចំ​ក្បែរ​ដោះ​ខាងឆ្វេង​ដួល​ស្លាប់​មួយ​រំពេច ហើយ​គាត់​(​ប្រាក់ សុផល​)​មន្ត្រី​យោធា គាត់​អត់រ​ត់​ទៅ​ណា​ទេ​ដោយ​ឲ្យ​អ្នក​នៅ​ម្ដុំ​នោះ ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ចាប់ខ្លួន​គាត់ បន្ទាប់​ពី​ឃាត់ខ្លួន​គាត់​បាន​ហើយ​អ្នកភូមិ​នៅ​ទីនោះ​បាន​វាយ​គាត់​យ៉ាង​ដំណំ​ផងដែរ ។​

​លោក ស ថេង ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ភ្នាក់ងារ​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ៖ ជនសង្ស័យ ឃាត់ខ្លួន​បាន​ហើយ និង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។ លោក​បន្តថា ៖ សូម្បីតែ​លោក​អភិបាល​ខេត្ត​ក៏​យកចិត្តទុកដាក់​ក្នុងករណីនេះ ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *