ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបសនចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំអំពីរបៀបព្យាបាលគោកើតជំងឺអុតក្តាមនិងសត្វក្របីដែលកើតជំងឺក្តាមគ្រាដែលស្ថានភាពទឹកជំនន់ទឹកភ្លៀងធ្វើអោយសត្វគោក្របីកើតជម្ងឺខាងលើនេះ ។
ការចុះផ្សព្វផ្សាយអប់រំសត្វគោក្របីដឹកនាំដោយអនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ហ៊ុន លី និងសហការីធ្វើឡើងព្រឹកថ្ងៃទី 14 ខែតុលា ឆ្នាំ 2020 ។
គោលបំណងចុះអប់រំផ្សព្វផ្សាយ ស្ដីអំពី ជម្ងឺអុតក្តាមដល់សត្វគោនិងក្របី ព្រមទាំងចែកថ្នាំព្យាបាល សត្វដល់ប្រជាពលរដ្ឋចំនួន 3 ភូមិក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលកំពុងតែជួបហានិភ័យលើសត្វពាហនៈដែលជាកម្លាំងអូសទាញដ៍សំខាន់របស់បងប្អូនប្រជាពលរដ្ឋ ។
អនុប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំង លោក ហ៊ុនលី បាន មានប្រសាសន៍ថា ខែនេះជារដូវធ្លាក់ភ្លៀង ធ្លាក់ខ្យល់បូកផ្សំនឹងទឹកជំនន់ផងនោះបណ្ដាលឲ្យសត្វពាហនៈគោក្របី តែងកើតជំងឺអុតក្តាមជារៀងរាល់ឆ្នាំ ។
លោកបានណែនាំដល់ប្រជាពលរដ្ឋឱ្យត្រូវចេះអនាម័យការពារដល់សត្វគោក្របីកុំឲ្យកើតជំងឺអុតក្តាម ដូចជាឱ្យដេកកន្លែងទីទួលស្ងួតមិនដក់ទឹកនុងមានសុវត្ថិភាព ។
លោកថាសត្វគោ ក្របីដែលកើតជំងឺអុតក្តាម ត្រូវតែធ្វើការព្យាបាលដោយយកទឹកម្ជូរ មានដូចជាទឹកក្រូចឆ្មារ ឬយកស្លឹកអំពិលមកដាំធ្វើជាទឹកម្ជូរ មកលាងសម្អាត ក្រចកជើងឬកន្លែងផ្សេងៗដូចយើងលាងរបួស បន្ទាប់មកយើង យកថ្នាំដែលបានចែកនៅពេលនេះ មកលាងនូវចំណុចដែលឈឺ ជាការស្រេច ។
ត្រូវរកស្មៅខ្ចីឲ្យ គោក្របី បរិភោគ សត្វខ្លះអាចកើតជំងឺមាត់ផងដែរដែលវាពិបាកនឹងទំពារចំណីរឹង ដូចជាចំបើងស្មៅរឹងផងដែរ។
ចំពោះថ្នាំដែលបានចែកជូនបងប្អូននៅពេលនេះគឺជាថ្នាំដែលមានប្រសិទ្ធិភាពបំផុត ពេលបងប្អូនលាងក្រចកជើងគោក្របី ដែលកើតជំងឺរួចលាប ទៅលើវារយៈពេលត្រឹមតែមួយថ្ងៃឬពីរថ្ងៃវានឹង ធូរស្រាល ហើយរយៈពេលប្រហែលជា ៤ទៅ៥ថ្ងៃវានឹង ជាសះស្បើយអាចដើរ ស៊ីស្មៅបាន ជាក់ជាពុំខានឡើយ ។
សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលនាំគោក្របីមកទទួលថ្នាំវ៉ាក់សាំងការពារនិងព្យាបាលជំងឺអុតក្តាម នឹងថ្នាំបាញ់សម្លាប់មេរោគនៅព្រឹកនោះមានចំនួន ១១០គ្រួសារ មកពីភូមិចំនួន 3 គឺភូមិឯលិច ភូមិកណ្ដាល និងភូមិធ្លក ដែលមានគោ ក្របីសរុប ១ ៦៥០ចំនួន ក្បាល ក្នុងនោះ ក្របី ៥៨៩ ក្បាលផងដែរ៕






